យូនីសេហ្វ ព្រមា​ន​ពី​ផល​ប៉ះពាល់​ជំងឺ​កូវីដ-១៩​លើ​សុខភាព​ផ្លូវ​ចិត្ត​របស់​កុមារ​និង​យុវជន​នៅ​កម្ពុជា​

យុវសិស្សជាច្រើនរូបធ្វើដំណើរចូលបរិវេណសាលារៀន ដោយមានទាំងការវាស់កម្ដៅ និងលាងសម្អាតដៃនឹងអាល់កុល ស្ថិតនៅសាលារៀនមួយកន្លែងក្នុងក្រុងភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។ (គួយ ឡង់ឌី)

អង្គការយូនីសេហ្វប្រចាំកម្ពុជា ព្រមានពីផលប៉ះពាល់ជំងឺកូវីដ-១៩ លើសុខភាពផ្លូវចិត្តរបស់កុមារនិងយុវជន​នៅកម្ពុជាជាច្រើនឆ្នាំតទៅមុខទៀត។

នៅក្នុងរបាយការណ៍ថ្មីមួយរបស់អង្គការយូនីសេហ្វ ចេញផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា អង្គការយូនីសេហ្វ និងដៃគូនានារបស់ខ្លួន បានសិក្សាវាយតម្លៃពីផលប៉ះពាល់សេដ្ឋកិច្ចសង្គមក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩ និងតាមដានសុខុមាលភាពរបស់ប្រជាជនកម្ពុជា ក្នុងចំណោមសូចនាករជាច្រើន។

របាយការណ៍​ដដែលបន្ត​ថា ការស្ទង់មតិនេះរកឃើញថា​ ៤៥% នៃក្មេងជំទង់ដែលត្រូវបានស្ទង់មតិ ចាប់ពី​អាយុ១៥ឆ្នាំដល់អាយុ​១៩ឆ្នាំ ​បាននិយាយថា ពួកគេព្រួយបារម្ភអំពីសុវត្ថិភាពរបស់ខ្លួនអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈក្មេងជំទង់ ១៦% ផ្សេងទៀតបានលើកឡើងដែរថា ពួកគេមានអារម្មណ៍តឹងតែងក្នុងចិត្តឬធ្លាក់ទឹកចិត្តចាប់តាំងពីវិបត្តិកូវីដ-១៩បានចាប់ផ្ដើមឡើង។

លើសពីនេះ ក្រសួងអប់រំ យុវជន និងកីឡា ក្រុមការងារផ្នែកអប់រំ និងយូនីសេហ្វ បានធ្វើការវាយតម្លៃអំពីតម្រូវការអប់រំរួមគ្នាមួយ បន្ទាប់ពីសាលារៀនទាំងអស់ត្រូវបានបិទនៅឆ្នាំ២០២០ ក្នុងនោះ បើតាម​ការវាយតម្លៃដោយស្ទង់មតិប្រជាជនកម្ពុជា ចំនួន១៥ពាន់​នាក់ រួម​ទាំង​សិស្សានុសិស្ស អ្នកថែទាំ បុគ្គលិកអប់រំ និងអាជ្ញាធរមូលដ្ឋាន បានរកឃើញថា ៥៨% នៃសិស្សវិទ្យាល័យបានរាយការណ៍ថា ពួកគេធ្លាប់មានបញ្ហាផ្លូវចិត្តយ៉ាងហោចណាស់មួយលើក។

បើតាមយូនីសេហ្វ ការស្ទង់មតិ ៤៣% នៃអ្នកចូលរួមការស្ទង់មតិទាំងអស់ យល់ឃើញថា ក្មេងប្រុសនឹងមាន​ហានិភ័យខ្ពស់ពីការប្រើអំពើហិង្សា ការរំលោភបំពាន និងការកេងប្រវ័ញ្ច អំឡុងពេលបិទសាលារៀន ខណៈពេលដែល ៣៦% ផ្សេងទៀតជឿជាក់ថា ក្មេងស្រីក៏នឹងមានហានិភ័យខ្ពស់ដូចគ្នាដែរ។

នាយិកាយូនីសេហ្វប្រចាំកម្ពុជា លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សាថ បានលើកឡើងក្នុងបាយការណ៍ថា​ កុមារនៅកម្ពុជា ក៏ដូចជាកុមារទាំងឡាយនៅលើពិភពលោក បានជួបប្រទះបញ្ហាប្រឈមជាច្រើន អំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩ ស្របពេលសាលារៀនត្រូវបានបិទ ការផ្លាស់ប្ដូរយ៉ាងខ្លាំងនៃការប្រាស្រ័យទាក់ទងក្នុងសង្គម និងផលប៉ះពាល់សេដ្ឋកិច្ចសង្គម ដែលកើតឡើងចំពោះគ្រួសារកម្ពុជា បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពផ្លូវចិត្តរបស់កុមារនិងយុវជន។

លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សាថ ថ្លែងបន្តថា​៖ «របាយការណ៍សកលនេះបង្ហាញពីសភាពធ្ងន់ធ្ងរនិងស៊ីជម្រៅរបស់បញ្ហានេះ និងស្នើសុំការវិនិយោគ និងការចាត់វិធានការឱ្យ​​បានទាន់ពេលវេលាលើបញ្ហាសុខភាពផ្លូវចិត្ត ដែលនេះគឺជាវិធានការជួយសង្គ្រោះជីវិតមនុស្ស និងការសង្គ្រោះអនាគតរបស់ពួកគេ»។

របាយការណ៍យូនីសេហ្វដដែល​ថា ពេលជំងឺកូវីដ-១៩កំពុងឈានចូលទៅឆ្នាំទី៣នោះ វាមានផលប៉ះពាល់លើសុខភាពនិងសុខុមាលភាពផ្លូវចិត្តរបស់កុមារនិងយុវជននៅតែបន្តកាន់តែធ្ងន់ធ្ងរទៅៗ ក្នុងនោះ កុមារម្នាក់ក្នុងចំណោម៧នាក់ បានរងផលប៉ះពាល់ដោយផ្ទាល់ពីការបិទខ្ទប់ ខណៈដែលកុមារជាង១,៦ពាន់លាននាក់បានបាត់បង់ការអប់រំ។ 

របាយការណ៍នេះបានចង្អុលបង្ហាញថា ការរំខានចំពោះទម្លាប់ប្រចាំថ្ងៃ ការអប់រំរៀនសូត្រ ការកម្សាន្ត ព្រមទាំងការព្រួយបារម្ភចំពោះប្រាក់ចំណូលនិងសុខភាពគ្រួសារ កំពុងធ្វើឱ្យយុវជនជាច្រើនមានអារម្មណ៍ភ័យខ្លាច ខឹង និងព្រួយបារម្ភអំពីអនាគតរបស់ពួកគេ។

យូនីសេហ្វ បញ្ជាក់ថា បើទោះបីជាមានកត្តាបង្ការមួយចំនួនដែលអាចជួយកាត់បន្ថយហានិភ័យនៃបញ្ហាផ្លូវចិត្ត ដូច​ជា ការមានអ្នកថែទាំផ្តល់ក្ដីស្រឡាញ់ បរិស្ថានសាលារៀនមានសុវត្ថិភាព និងទំនាក់ទំនងវិជ្ជមានជាមួយមិត្តភក្តិបានក៏ដោយ ប៉ុន្តែរបាយការណ៍នេះក៏បានព្រមានថា ឧបសគ្គផ្សេងៗដូចជា ការមើលងាយរើស​អើងអ្នកដទៃ និងការខ្វះខាតថវិកា កំពុងរារាំងកុមារយ៉ាងច្រើនមិនឱ្យ​​មានសុខភាពផ្លូវចិត្តល្អ ឬទទួលបានការគាំទ្រដែលពួកគេត្រូវការ។

របាយការណ៍ស្តីពី «ស្ថានភាពកុមារពិភពលោកឆ្នាំ២០២១» បាន​ស្នើឱ្យរដ្ឋាភិបាលកម្ពុជា​ ដៃគូនៅក្នុងវិស័យ​រដ្ឋនិងឯកជនទាំងអស់ ឱ្យចាត់វិធានការនិងបង្ហាញការ​​ប្តេជ្ញាចិត្តដោយភ្ជាប់ទំនាក់ទំនងនិងកិច្ចសន្ទនា ដើម្បីគាំទ្រវិធីសាស្រ្តសង្គមទាំងមូល ក្នុងការលើកកម្ពស់ ការពារ និងថែទាំសុខភាពផ្លូវចិត្ត។

អង្គការចិត្តសង្គម អន្តរវប្បធម៌ ហៅកាត់ថា TPO ឱ្យដឹងថា គិតត្រឹម៧ខែដើមឆ្នាំ២០២១ អ្នកទទួល​ប្រឹក្សាយោបល់​ជាមួយ​អ្នករកសេវាផ្លូវចិត្ត មិន​តិច​ជាង២ ០០០ករណីឡើយ ក្នុងនោះមិនទាន់រាប់បញ្ចូលករណី​ប្រឹក្សា​យោបល់​ក្រៅផ្លូវការមួយចំនួនទៀតផង។

អ្នកជំនាញប្រឹក្សាយោបល់ផ្នែកសុខភាពផ្លូវចិត្តរបស់អង្គការចិត្តសង្គម អន្តរវប្បធម៌ ហៅកាត់ថា TPO អ្នកស្រី ស៊ុន សូលីដា ប្រាប់ វីអូឌី​ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ថា​វិបត្តិផ្លូវចិត្តរបស់ប្រជាជនកម្ពុជាពិតជា​មានការកើនឡើង​គួរឱ្យកត់​សម្គាល់ប្រាកដ​មែន ​ដោយយោងតាម​ចំនួន​ពលរដ្ឋដែលបានមកស្វែងរកជំនួយប្រឹក្សា​យោបល់ផ្នែកផ្លូវចិត្តក្នុងបរិបទ​កូវីដ-១៩។

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃពុធនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន១១៣ ៩២៤នាក់ ក្នុងនោះ​ អ្នកជំងឺព្យាបាលជាសះស្បើយ​ចំនួន១០៥ ៧៩៣នាក់ អ្នកស្លាប់កើនដល់​ចំនួន​២ ៤៣១​នាក់ និងករណីនាំចូលពីក្រៅប្រទេសចំនួន១៩​ ១៤៥នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ