រយៈពេល​ពីរ​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​ ភ្ញៀវ​ទេសចរ​ជិត​កន្លះ​លាន​នាក់​ចេញ​ដើរ​លេង​កម្សាន្ត

ពលរដ្ឋមកពីបណ្ដាខេត្តផ្សេងៗនាំគ្នាំមកកម្សាន្តនៅតំបន់ទេសចរណ៍ខេត្តកែប នាឱកាសថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តកែប)

ក្រសួងទេសចរណ៍បានបង្ហាញរបាយការណ៍ថា ក្នុងរយៈពេលពីរថ្ងៃនៃថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ មានភ្ញៀវទេសចរចេញដើរលេងកម្សាន្តប្រមាណជិតកន្លះលាននាក់ (៤២ម៉ឺននាក់) ក្នុងនោះ ខេត្តកំពតជាគោលដៅទេសចរណ៍សំខាន់ជាងគេ។

យោងតាមការបូកសរុបរបាយការណ៍ដែលក្រសួងទទួលបានពីមន្ទីរទេសចរណ៍រាជធានី-ខេត្ត គិតត្រឹមថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១នេះ បានឱ្យដឹងថា នាថ្ងៃឈប់សម្រាកទីពីរនៃពិធីបុណ្យភ្ជុំបិណ្ឌកាលពីថ្ងៃម្សិលមិញ មានភ្ញៀវទេសចរចេញដើរលេងកម្សាន្តសរុប២៧១ ៤២៨នាក់ ក្នុងនោះមានភ្ញៀវជាតិ២៦៩ ៥១៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១ ៩១៥នាក់។ ប្រសិនបើសរុបរយៈពេល២ថ្ងៃនៃថ្ងៃសម្រាកបុណ្យភ្ជុំបិណ្ឌនេះ មានភ្ញៀវទេសចរសរុបចំនួន៤២ម៉ឺននាក់ (៤២០ ៤៤១នាក់) បានចេញដើរលេងកម្សាន្ត។

ក្រសួងទេសចរណ៍បានកត់សម្គាល់ថា តួលេខអ្នកដើរលេងកម្សាន្តនៅថ្ងៃឈប់សម្រាកទី២កាលពីម្សិលមិញនេះ មានការកើនឡើងប្រមាណ៨២,១៥% ធៀបនឹងថ្ងៃទី១។ ក្រសួងបន្តកត់សម្គាល់ថា ចរន្តភ្ញៀវទេសចរនាថ្ងៃភ្ជុំបិណ្ឌម្សិលមិញនេះមានសន្ទុះខ្លាំង ដោយគោលដៅទេសចរណ៍ទូទាំងប្រទេសបានទទួលស្វាគមន៍ភ្ញៀវទេសចរផ្ទៃក្នុងយ៉ាងផុសផុល ពិសេសតំបន់ឆ្នេរសមុទ្រ មានខេត្តកំពត កែប និងខេត្តព្រះសីហនុ និងភាគពាយព្យ និងភាគខាងជើង មានដូចជា ខេត្តពោធិ៍សាត់ បាត់ដំបង សៀមរាប រួមជាមួយខេត្តកំពង់ស្ពឺ និងខេត្តកំពង់ចាម ជាដើម (លើកលែងតែខេត្តកំពង់ឆ្នាំងដែលបន្តផ្អាកដំណើរការរមណីយដ្ឋាន)។

ទន្ទឹមនឹងចរន្តភ្ញៀវទេសចរទូទាំងប្រទេសកើនឡើង គោលដៅទេសចរណ៍មួយចំនួនតូចក៏មានការកកកុញភ្ញៀវទេសចរច្រើន ដូចជា រមណីយដ្ឋានអន្លង់ជ្រៃ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលបានទទួលហួសសមត្ថភាពផ្ទុកអតិបរមា និងខុសពីវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP)។ ករណីនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ មន្ទីរទេសចរណ៍ និងរដ្ឋបាលស្រុកពញាក្រែក បានសម្រេចកាលពីល្ងាចម្សិលមិញឱ្យផ្អាករមណីយដ្ឋានអន្លង់ជ្រៃជាបណ្តោះអាសន្នសិន រង់ចាំការរៀបចំគ្រប់គ្រងឱ្យបានល្អប្រសើរឡើងវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ