ក្រសួង​សុខា​ភិបាល​អនុញ្ញាត​ឱ្យ​អ្នក​ជំងឺ​កូវីដ-១៩ប្រភេទ ដែលតា សម្រាក​ព្យាបាល​នៅ​ផ្ទះ​

ទីតាំងផ្ទះមួយកកន្លែងស្ថិតនៅក្នុងក្រុងភ្នំពេញ ត្រូវបានអាជ្ញាធរខណ្ឌខ្សែហាមឃាត់ការចេញចូលបណ្ដោះអាសន្ន ដោយមានការពាក់ព័ន្ធនឹងកូវីដ-១៩។ (ជន ចាន់រ៉ែន)

រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានសម្រេចអនុញ្ញាតឱ្យអ្នកជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទ ដែលតា (Delta) សម្រាកព្យាបាលនៅផ្ទះ ដោយថា ដើម្បីឆ្លើយតបនឹងការវិវត្តថ្មីនៃសភាពការណ៍ ជំងឺកូវីដ-១៩ និងការរស់នៅក្នុងបរិបទថ្មី។

ក្នុងលិខិតមួយដែលផ្ញើទៅកាន់ប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានី-ខេត្ត​ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានឱ្យដឹងថា ទោះបីក្រសួងសម្រេចឱ្យអ្នកជំងឺកូវីដ-១៩​ប្រភេទ ដែលតា សម្រាកព្យាបាលនៅផ្ទះក៏ដោយ  ប៉ុន្តែក៏ត្រូវមានការចូលរួមយ៉ាងសកម្មពីអាជ្ញាធរមូលដ្ឋាន និងពង្រឹងវិធានការសុខាភិបាល វិធានការរដ្ឋបាល ឱ្យបានហ្មត់ចត់ផងដែរ។

លើសពីនេះ លោក ម៉ម ប៊ុនហេង ថាអ្នកជំងឺកូវីដ-១៩ប្រភេទ ដែលតា ក៏ត្រូវបានអនុញ្ញាតឱ្យនៅក្នុងមណ្ឌលឬមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ ជាមួយគ្នានឹងអ្នកជំងឺកូវីដ-១៩ប្រភេទ អាល់ហ្វា ​ដោយពុំចាំបាច់ញែកដាក់ឱ្យនៅដាច់ដោយឡែកពីគ្នាទៀតឡើយ។

លោកថា វិស័យសុខាភិបាលឯកជនស្របច្បាប់ក៏មានសិទ្ធិអាចទទួលអ្នកជំងឺកូវីដ-១៩ប្រភេទ ដែលតា ព្យាបាលបានដែរ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលរូបនេះបន្តថា ចំពោះអ្នកជំងឺកូវីដ-១៩ប្រភេទ ដែលតា ដែលកំពុងសម្រាកព្យាបាលនៅតាមមណ្ឌលឬមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩ លើសរយៈពេលកំណត់ក្នុងលក្ខខណ្ឌដែលបានចែងនោះ ត្រូវធ្វើតេស្ត PCR ហើយបើទទួលបានលទ្ធផលតេស្តអវិជ្ជមាន នឹងអនុញ្ញាតឱ្យបញ្ចប់ការព្យាបាល។

គិតត្រឹមថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទ ដែលតា សរុប២៦៤៧នាក់ហើយ ក្នុងនោះ រាជធានីភ្នំពេញមានចំនួន៩១៤នាក់, ខេត្តបន្ទាយមានជ័យ ៥២៦នាក់, ខេត្តឧត្ដរមានជ័យ ២៤៥នាក់, ខេត្តសៀមរាប ២០៧នាក់, ខេត្តព្រះវិហារ ១០៨នាក់ ខណៈខេត្តផ្សេងចន្លោះពី១០ដល់៦៦នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ