គណៈរដ្ឋមន្រ្តីបានសម្រេចអនុម័តលើសេចក្ដីព្រាងច្បាប់ធម្មនុញ្ញស្តីពី «វិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីកំណត់ថ្នាក់ដឹកនាំជាតិត្រូវមានសញ្ជាតិខ្មែរតែមួយគត់» ខណៈអ្នកវិភាគរិះគន់ថា ការអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញនេះប្រញាប់ប្រញាល់ពេកហើយ។
ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកថា កិច្ចប្រជុំគណៈរដ្ឋមន្រ្តីដែលធ្វើឡើងដោយមានការចូលរួមពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចអនុម័តនិងកែសម្រួលពាក្យពេចន៍មួយចំនួនប៉ុណ្ណោះលើ «សេចក្ដីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និង មាត្រា៣និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ»។
យោងតាមមាត្រា១៩ថ្មី នៃសេចក្ដីព្រាងច្បាប់ធម្មនុញ្ញនេះបានចែងថា៖ «ព្រះមហាក្សត្រទ្រង់តែងតាំងនាយករដ្ឋមន្ត្រី និងទ្រង់តែងតាំងគណៈរដ្ឋមន្ត្រី តាមបែបបទដែលមានចែងក្នុងមាត្រា១១៩ថ្មី»។
មាត្រា១១៩ថ្មី នៃសេចក្ដីព្រាងច្បាប់ធម្មនុញ្ញនេះបានចែងថា៖ «តាមសេចក្ដីស្នើពីប្រធាន ដោយមានមតិឯកភាពពីអនុប្រធានទាំងពីរនៃរដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូបជានាយករដ្ឋមន្ត្រី ក្នុងចំណោមតំណាងរាស្ត្រនៃគណបក្សដែលមានអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភា ឱ្យបង្កើតរាជរដ្ឋាភិបាល។ វរជននឹងត្រូវបានចាត់តាំងជានាយករដ្ឋមន្ត្រីនេះ ត្រូវតែជាតំណាងដែលមានសញ្ជាតិខ្មែរតែមួយគត់»។
ចំណែកមាត្រា១១៩ចាស់នៃរដ្ឋធម្មនុញ្ញចែងថា៖ «តាមសេចក្ដីស្នើពីប្រធាន ដោយមានមតិឯកភាពពីអនុប្រធានទាំងពីរនៃរដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូបក្នុងចំណោមតំណាងរាស្ត្រនៃគណបក្សដែលឈ្នះឆ្នោតឱ្យបង្កើតរាជរដ្ឋាភិបាល»។
ចំណែកមាត្រា៨២ថ្មី និងមាត្រា១០៦ នៃច្បាប់ធម្មនុញ្ញនេះបានចែងថា៖ «ប្រធានរដ្ឋសភានិងព្រឹទ្ធសភា ត្រូវបោះឆ្នោតជ្រើសរើសចេញពីសមាជិករដ្ឋសភានិងព្រឹទ្ធសភាដែលមានសញ្ជាតិខ្មែរតែមួយគត់» ខណៈរដ្ឋធម្មនុញ្ញនៃមាត្រាចាស់ មិនបានតម្រូវឱ្យមានសញ្ជាតិខ្មែរតែមួយគត់នោះទេ។
បើតាមលោក ផៃ ស៊ីផាន គណៈរដ្ឋមន្ត្រីនឹងពន្លឿនសេចក្ដីព្រៀងច្បាប់នេះ ដើម្បីបញ្ជូនទៅរដ្ឋសភាឆាប់ៗនេះ។
លោកមានប្រសាសន៍ថា៖ «ច្បាប់នេះជាការប្រញាប់ ដូច្នេះការងាររដ្ឋបាលមិនដល់មួយអាទិត្យទេ នៅសម្រួលឃ្លោងឃ្លាបន្តិចបន្តួច ប្រហែលមួយអាទិត្យហ្នឹង [បញ្ជូនទៅរដ្ឋសភាហើយ]»។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត សេង សារី កត់សម្គាល់ថា ការជំរុញនិងពន្លឿនសេចក្ដីព្រាងច្បាប់ធម្មនុញ្ញឱ្យចេញឆាប់ៗនេះ ក្នុងគោលបំណងដើម្បីបិទឱកាសលោក សម រង្ស៊ី មេដឹកនាំអតីតបក្សប្រឆាំង ក្លាយជានាយករដ្ឋមន្ត្រី ខណៈដែលលោកកំពុងមានសញ្ជាតិពីរ។
លោកថា៖ «ប៉ុន្តែខ្ញុំមើលឃើញថា ទោះបីជាមិនមានច្បាប់នេះក៏ដោយ ក៏លោក សម រង្ស៊ី គ្មានឱកាសក្លាយជានាយករដ្ឋមន្ត្រីដែរ។ សូម្បីតែគាត់មានឱកាសប្រឡូកចូលសង្វៀននយោបាយសឹងតែមិនមានផង ដោយសារគាត់ជាប់ទោសទណ្ឌពីតុលាការកម្ពុជាច្រើនណាស់។ ដូច្នេះ ច្បាប់នេះ ក្នុងរយៈពេលខ្លីនៃជម្លោះវោហោរសព្ទនៅលើបណ្ដាញសង្គម ខ្ញុំគិតថា វាមិនមានផលប្រយោជន៍ទេ។ ប៉ុន្តែបើយើងមើលក្នុងរយៈពេលវែង ខ្ញុំមើលថា ច្បាប់នេះជាមរតកមួយសម្រាប់មនុស្សឬអ្នកនយោបាយជំនាន់ថ្មី ដើម្បីធ្វើម៉េចបង្ហាញភក្ដីភាពសម្រាប់អ្នកនយោបាយជាន់ខ្ពស់សម្រាប់ប្រទេសកម្ពុជា»។
ចំណែកអ្នកវិភាគនយោបាយនិងសង្គមម្នាក់ទៀត លោកបណ្ឌិត មាស នី ចាត់ទុកការកំណត់ថ្នាក់ដឹកនាំជាតិឱ្យមានសញ្ជាតិតែមួយនេះ មិនមានអ្វីចម្លែកទេ ដោយសារនៅប្រទេសមួយចំនួនក៏បានកំណត់ដូច្នេះដែរ។ ប៉ុន្តែអ្វីដែលលោកព្រួយបារម្ភនោះ គឺការសម្រេចធ្វើវិសោធនកម្មហាក់ដូចជាលឿនពេក ដើម្បីឆ្លើយតបឬសងសឹកតាមបែបបុគ្គលរវាងមេដឹកនាំបក្សកាន់អំណាចនិងលោក សម រង្ស៊ី ច្រើនជាងតម្រូវការពិតប្រាកដរបស់សង្គមជាតិ។
លោកមានប្រសាសន៍ថា៖ «អ៊ីចឹងបើសម្រាប់ខ្ញុំមើល ការលើកឡើងនោះមិនទាន់មានមូលដ្ឋានអីពិតបា្រកដ ហើយមកបង្កធ្វើឱ្យមានការឆ្លើយតបដោយផ្លូវអារម្មណ៍ច្រើនជាងភ្លាមៗក្រោយពីបានទទួលព័ត៌មានហ្នឹង ដោយប្រមុខរដ្ឋាភិបាលហ្នឹង! ដល់អ៊ីចឹងទៅ ការឆ្លើយតបនឹងបុគ្គលម្នាក់ បើខ្ញុំអាចប្រៀបធៀបបាន រឿងតូចទេ តែយកមកពង្រីកឱ្យធំ អ្នកខាងណោះមិនទាន់ច្បាស់ក៏ស្រែក អ្នកខាងនេះមិនទាន់ពិចារណាច្បាស់ ក៏ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ»។
លោកបណ្ឌិត មាស នី បន្ថែមថា ប្រទេសដែលមានស្ថិរភាពនយោបាយ មិនងាយនឹងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឡើយ ហើយបើធ្វើនោះ គេត្រូវប្រើពេលវេលារាប់ខែឬរហូតដល់ឆ្នាំក៏នៅមិនទាន់អនុម័តបានដែរ។ លោកបន្តថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលឿនពេកនេះ នឹងអាចធ្វើឱ្យមានភាពចន្លោះប្រហោង ហើយនឹងបង្កឱ្យមានផលវិបាកខ្លះសម្រាប់នយោបាយនៅកម្ពុជានាពេលខាងមុខ។
លោកថា៖ «យើងដឹងហើយថា សព្វថ្ងៃ រដ្ឋាភិបាលស្ថិតនៅក្នុងរដ្ឋាភិបាលឯកបក្ស ដូច្នេះការអនុម័តទៅលើច្បាប់ទាំងឡាយណានៅក្នុងដំណើរការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ អាចនឹងបន្តការទទួលរងការរិះគន់ទាំងសហគមន៍ជាតិនិងអន្តរជាតិ មិនទាន់មានភាពស្របច្បាប់គ្រប់គ្រាន់ នេះដែលជារឿងមានការរិះគន់កន្លងមក»។
ការបើកកិច្ចប្រជុំពេញអង្គ ដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ សិក្សារៀបចំធ្វើសេចក្ដីព្រាងច្បាប់ វិសោធនកម្មរដ្ឋធម្មនុញ្ញ ឬសេចក្ដីព្រាងច្បាប់អង្គការដែលចេញពីរដ្ឋាភិបាល ឬជាសេចក្តីស្នើច្បាប់ដែលចេញពីព្រឹទ្ធសភានិងរដ្ឋសភា ដោយកំណត់ថា តួនាទីប្រធានព្រឹទ្ធសភា រដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយ កាលពីថ្ងៃទី៦ ខែតុលា។
យ៉ាងណាក៏ដោយ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញភ្លាមៗ ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ ទំនងជាបានឆ្លើយតបទៅនឹងអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលបានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកតាមការចុះផ្សាយរបស់កាសែត The Gardian របស់អង់គ្លេសថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទិញសញ្ជាតិនិងលិខិតឆ្លងដែនពីប្រទេស Cyprus។
គួរបញ្ជាក់ថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាត្រូវរដ្ឋាភិបាលធ្វើវិសោធនកម្មចំនួន១០ដងហើយបើគិតទាំងលើកនេះ៕