គ.ស.ម.ក ថា​ការ​អំពាវនាវ​របស់​ NGO​ ឱ្យ​ដោះលែង​អ្នកទោស​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម

ថ្នាក់ដឹកនាំនិងមន្ត្រីពាក់ព័ន្ធពន្ធនាគារ ចុះពិនិត្យស្ថានភាពសុខភាព និងផ្សព្វផ្សាយណែនាំនូវគោលការណ៍អនុវត្តវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ នៅពន្ធនាគារខេត្តកោះកុង អំឡុងខែមករា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ – Directorate General of Prisons)

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) ចាត់ទុកការអំពាវនាវរបស់អង្គការសង្គមស៊ីវិលមួយចំនួនឱ្យដោះលែងអ្នកជាប់ឃុំ​ ដើម្បីកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ ដោយមិនផ្អែកលើមូលដ្ឋានច្បាប់ នឹង​ធ្វើឱ្យមានផលប៉ះពាល់ដល់សន្តិសុខនិងសណ្ដាប់ធ្នាប់សង្គម។

ការ​លើកឡើងរបស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បានធ្វើឡើងក្រោយ​ពីអង្គការ​សង្គម​ស៊ីវិលជាតិ-អន្តរជាតិ​​មួយចំនួន ក្នុងនោះ​រួមមាន ​អង្គការ​​​សម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស ហៅកាត់​ថា លីកាដូ បាន​ស្នើនាពេលកន្លងមក ​ដោយទទូចដល់ក្រសួងស្ថាប័នពាក់ព័ន្ធដោះស្រាយបញ្ហា​​ចង្អៀតណែន​ក្នុ​ងពន្ធនាគារ តាមរយៈការពន្លឿន​នីតិវិធីដោះលែង​អ្នក​ជាប់​ឃុំ​ដោយមានលក្ខខណ្ឌឱ្យ​បានឆាប់ ដើម្បីចៀសវាង​ការ​ឆ្លងជំងឺកូវីដ-១៩ក្នុ​ងពន្ធនាគារ។

ក្នុងសេចក្ដីជូនព័ត៌មាន​របស់​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ស្តីពីបច្ចុប្បន្នភាពនៃស្ថានភាព​សិទ្ធិ​មនុស្ស​ និងការអនុវត្តច្បាប់នៅកម្ពុជា «វគ្គ ២» ចុះ​ថ្ងៃទី៧ ខែ​តុលា ឆ្នាំ២០២១ បានលើកឡើង​ថា ការដោះលែងអ្នកជាប់ឃុំ​បាន លុះត្រាតែ​ផ្អែកតាមនីតិវិធីច្បាប់ជាធរមាន ដូចជា វិធាន​ការលើកលែងទោស ការបន្ធូរបន្ថយទោស ការដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនា​គារ តាម​រយៈ​ការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងដែល​ដាក់ចេញដោយក្រសួងយុត្តិធម៌ និងការដោះលែងដោយមានលក្ខខណ្ឌឬវិធានការដទៃទៀត​។

គណៈកម្មការនេះបន្តថា វិធានការដទៃទៀតនោះមាន​ដូចជា​ ការលើកលែង​ការចោទប្រកាន់, ការសម្រេចដោះលែងឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន, ការសម្រេចឱ្យរួចផុតទោស, ការអនុវត្ត ទោសចប់របស់ទណ្ឌិត, ការព្យួរទោសធម្មតា, ការព្យួរទោសសាកល្បង និង​ការសម្រេចមិនឃុំខ្លួនបណ្ដោះ​អាសន្នក្នុងពន្ធនាគារ ជាដើម​ ទើបអាចធានាបាននូវសន្តិសុខសង្គម និងកាត់បន្ថយ​ការកើនឡើងជាគំហុកនៃចំនួនអ្នកជាប់ឃុំក្នុងពន្ធនាគារ ជាដើម។

សេចក្ដីជូនព័ត៌មានបញ្ជាក់ថា៖ «ការអំពាវនាវរបស់អង្គការសង្គម​ស៊ីវិលទាំងនោះមិនមែនជាវិធានការសមស្របនោះទេ តែផ្ទុយទៅវិញ វានឹងនាំឱ្យមានផលប៉ះពាល់ជាអវិជ្ជមានដល់សន្តិសុខនិងសណ្ដាប់ធ្នាប់សង្គមទៅវិញទេ»។

អនុប្រធានអង្គការការពារសិទ្ធិមនុស្ស​​​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍នៅថ្ងៃ​សុក្រ​នេះ​ថា រដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិល​អាចមានការយល់​ឃើញខុសគ្នា។ លោក​​ថា ការ​អំពាវ​នាវ​របស់​អង្គការសង្គមស៊ីវិលកន្លងមក​ គឺ​សំដៅ​ឱ្យ​មាន​ការ​ពិនិត្យ​​លទ្ធ​ភាព​​​ពី​សំណាក់​ស្ថាប័ន​ពាក់​ព័ន្ធឱ្យមានការអនុញ្ញាតឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន​ដោយមាន​លក្ខខណ្ឌ ដូចជា​ ករណីស្ត្រី​មានផ្ទៃពោះ ទណ្ឌិត​ដែល​ជិត​ផុត​ទោស​ឱ្យ​នៅ​ក្រៅឃុំ​ដោយ​​​មាន​​លក្ខ​ខណ្ឌ ជាដើម ហើយ​ការស្នើ​នោះ​ក៏បាន​​ធ្វើឡើងដោយ​ផ្អែក​លើ​កត្តា​ច្បាប់។

មួយវិញទៀត លោកថា ការអំពាវនាវនេះក៏បានធ្វើឡើង​​តាំង​ពី​ជំងឺ​កូវីដ-១៩មិនទាន់​ឈាន​រីក​រាល​ដាល​​​នៅ​ក្នុង​ពន្ធនាគារ​ ខណៈ​​​ខាងអាជ្ញាធរអះអាងថា​ ពន្ធនាគារនឹងអាច​គ្រប់គ្រងបាន។ ប៉ុន្តែ​នៅទីបំផុត លោកថា មានពន្ធនាគារ​ជាង​១០ ដែល​​ជំងឺ​កូវីដ-១​៩បានឆ្លងរាលដាលដល់​អ្នកជាប់​ឃុំ។

លោក អំ សំអាត ថ្លែងថា៖ «យើង [អង្គការសង្គមស៊ីវិល] ពិនិត្យមើលឃើញហើយថា ពន្ធនា​គារ​​មាន​​ភាព​ចង្អៀត​ណែន អ៊ីចឹង​អាការឆ្លង [ជំងឺកូវីដ-១៩] ហ្នឹង គឺវា​លឿន​ណាស់​។​ អ្វី​ដែល​អង្គ​ការ​សង្គម​ស៊ីវិល​​ព្រួយ​បារម្ភ​ហ្នឹង​ គឺ​ដូច​ជា​ការ​ចង់​ជួយ​ទៅ​លើ​រដ្ឋាភិបាលដែរ កុំឱ្យ​មាន​ហានិភ័យ​​ខ្ពស់​ចំពោះ​ពន្ធនាគារ បើសិនយើង​អាចធ្វើបានក្នុងការ​ដោះ​លែង​តាម​វិធីឬ​​នីតិវិ​ធី​ច្បាប់​ណាក៏​ដោយ ដែលអាចជួយរំលែកភាព​ចង្អៀតណែននៅក្នុងពន្ធនាគារហ្នឹង»។

កន្លងមក អង្គការអន្តរជាតិ​​ចំនួន២ រួមមាន អង្គការ​​លើកលែងទោសអន្តរជាតិ (Amnesty International) និងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បាន​សរសេរ​​នៅ​ក្នុងសេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី២៣ ខែឧសភា​ថា ជា​ឆ្លើយតបទៅនឹងការកើនឡើងនៃការផ្ទុះឡើងនូវជំងឺកូវីដ-១៩​នៅក្នុងពន្ធនា​គារកម្ពុជា​ផង ដោយ​ពួកគេ​បាន​អំពាវនាវ​​ដល់​​រដ្ឋាភិបាលកម្ពុជាចាត់វិធាន​ការជាបន្ទាន់ ដើម្បីការពារសិទ្ធិសុខុមាលភាពរបស់អ្នកជាប់ឃុំ មន្ត្រី​ពន្ធនាគារ និងសហគមន៍របស់ពួកគេ។

បើតាមរបាយការណ៍របស់អង្គការទាំងពីរនេះ យ៉ាងហោចណាស់មានអ្នកជាប់ឃុំប្រមាណ ៣៥% នៃចំនួនអ្នកជាប់ឃុំសរុប ៣៩ ០០០នាក់ នៅក្នុងពន្ធនាគារទូទាំងប្រទេស គឺជា​អ្នកជាប់ឃុំបណ្ដោះអាសន្ន ដើម្បីរង់ចាំការសវនាការកាត់ទោស។

តែយ៉ាងណា សេចក្ដីជូនព័ត៌មានរបស់​គណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលបានអះ​អាង​ថា ​ការផ្ទុះឆ្លងរាលដាលនៃជំងឺកូវីដ-១៩នៅក្នុងពន្ធនាគារនាពេលកន្លងមក គឺស្ថិតក្នុងស្ថាន​ភាព​ដែលអាចគ្រប់គ្រងបាន ដោយសាររដ្ឋាភិបាលបានយកចិត្តទុកដាក់និងគិតគូរពីបញ្ហាសុខុមាលភាពអ្នកជាប់ឃុំ រួមទាំង​ចាត់វិធានការចាំបាច់មួយចំនួនរួចហើយដូចជា ការផ្ទេរអ្នកជាប់ឃុំទៅកាន់ពន្ធនាគារផ្សេង ពិចារណាផ្លូវច្បាប់ដើម្បីដោះលែងអ្នកជាប់ឃុំដែលប្រព្រឹត្តបទល្មើសតូចតាច។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលក៏បានសម្រុកការចាក់វ៉ាក់សាំងដល់អ្នកជាប់ឃុំនៅតាមពន្ធនាគារផងដែរ និងត្រៀមចាក់ដូសទី៣ជូនបន្ថែមទៀតផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ