តៃវ៉ាន់​ស្វែងរក​ការ​គាំទ្រ​ពី​បណ្ដា​ប្រទេស​នានា​ បន្ទាប់​ពី​រង​ការ​យាយី​ដោយ​ចិន

ប្រធានាធិបតី​តៃវ៉ាន់ ​អ្នកស្រី ឆៃ យីងវិន (Tsai Ing-wen) ជួប​ពិភាក្សា​ជាមួយ​នឹង​សមាជិក​ព្រឹទ្ធសភា​បារាំង ដើម្បីស្វែងរកជំនួយផ្នែកនយោបាយ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ 蔡英文 Tsai Ing-wen)

ប្រធានាធិបតី​តៃវ៉ាន់ ​អ្នកស្រី ឆៃ យីងវិន (Tsai Ing-wen) បានថ្លែងប្រាប់មន្រ្តីជាន់ខ្ពស់បារាំងនិងអូស្ត្រាលីកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ថាតៃវ៉ាន់នឹងព្យាយាមធ្វើការជាមួយរដ្ឋាភិបាលនៃបណ្ដា​ប្រទេស​ប្រជាធិបតេយ្យនានា ក្នុងការធានាឱ្យបាននូវសន្តិភាពនិងស្ថិរភាពក្នុងតំបន់។

ការថ្លែងរបស់ប្រធានាធិបតីរូបនេះត្រូវបានធ្វើឡើងខណៈដែល​អ្នកស្រី​ទទួល​ជួប​ពិភាក្សា​ជាមួយ​នឹង​សមាជិក​ព្រឹទ្ធសភា​បារាំង៤នាក់​ និង​​អតីត​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី ​លោក Tony Abbott ដែលនេះជាសកម្ម​ភាព​មួយ​​មិនទទួលបានការគាំទ្រពីប្រទេសចិន។

ជំនួបរវាងមន្រ្តីជាន់ខ្ពស់ទាំងនេះជាមួយអ្នកស្រី Tsai Ing-wen ក៏ប្រព្រឹត្តទៅ​ក្នុងរយៈ​ពេល​ប៉ុន្មាន​ថ្ងៃ បន្ទាប់​ពី​​មាន​​ការ​​កើនឡើង​យ៉ាងខ្លាំង​នូវ​ភាព​តានតឹង​ជាមួយ​នឹង​ប្រទេស​ចិនផងដែរ។

អ្នកស្រី Tsai Ing-wen ថ្លែងថា តៃវ៉ាន់​​មាន​សេចក្ដីសោមនស្សយ៉ាងខ្លាំងដែលសមាជិក​ព្រឹទ្ធសភា​បារាំងបាន​សម្រេចចិត្តមកកាន់ទីនេះ បើទោះបីជាជំនួបនេះអាចនឹងបង្កជាការថ្នាំងថ្នាក់ដល់ប្រទេស​ចិន​ក៏ដោយ។

អ្នកស្រីបន្តថា៖ «ខ្ញុំសូមឆ្លៀតយកឱកាសនេះ ដើម្បីអរគុណប្រទេសបារាំងដែលបានយកចិត្តទុកដាក់​ចំពោះសារៈសំខាន់នៃ​ច្រក​​សមុទ្រ​​តៃវ៉ាន់ [Taiwan Strait] នៅលើឆាកអន្តរជាតិ ក៏ដូចជាការ​គាំទ្រ​លើ​ការ​ចូលរួម​របស់​តៃវ៉ាន់​ក្នុងសហគមន៍អន្តរជាតិ»។

ទាក់ទិនទៅនឹងជំនួបនេះដែរ លោក Tony Abbott បានលើកឡើងថា លោកបានមកកាន់កោះតៃវ៉ាន់នេះ ដើម្បីជួយបញ្ចប់ភាពឯកោពីឆាកអន្តរជាតិ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការ​ដោះស្រាយ​វិបត្តិសុខភាពពិភពលោករបស់កោះមួយ​នេះផងដែរ ។

លោកថា៖ «មិនមែនមនុស្សគ្រប់រូបនិងគ្រប់ទីកន្លែងសុទ្ធតែពេញចិត្តចំពោះ​វឌ្ឍនភាព​របស់​តៃវ៉ាន់នោះទេ ហើយខ្ញុំកត់សម្គាល់ឃើញថា តៃវ៉ាន់ប្រឈមមុខស្ទើរតែរាល់ថ្ងៃដោយប្រទេសជិតខាងរបស់ខ្លួនមួយនេះ»។

ទោះជាយ៉ាងណាក៏ដោយ អ្នកស្រី Tsai Ing-wen មិនបានលើកឡើងអំពីសកម្មភាពរបស់កងទ័ពអាកាស​ចិន​ដែលបានចូល​ក្នុង​តំបន់​ការពារ​ដែន​អាកាស​របស់ខ្លួនកាលពេលថ្មីៗនេះ ក្នុងកិច្ចប្រជុំរបស់​អ្នកស្រីជាមួយសមាជិក​ព្រឹទ្ធសភា​បារាំង ឬលោក Tony Abbott ឡើយ។

គិតរហូតមកដល់ពេលនេះ ទាំងបារាំងនិងអូស្ត្រាលីនៅមិនមានទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់ដូចទៅនឹងបណ្ដាប្រទេសភាគច្រើននោះទេ ប៉ុន្តែតៃវ៉ាន់តែងតែស្វែងរកការគាំទ្រពីប្រទេសទាំងពីរនេះ ក៏ដូចជាសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តដទៃទៀតផងដែរ។

ប្រទេសចិនធ្លាប់​អះអាងថា កោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ហើយបាននិងកំពុងបង្កើនសម្ពាធយោធានិង​នយោបាយកាន់តែខ្លាំងឡើងចំពោះទីក្រុងតៃប៉ិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ