គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ពិចារណា​ឡើង​វិញ​ពី​ការ​ធ្វើ​វិសោធនកម្មរដ្ឋធម្មនុញ្ញ

កិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដែកដឹកនាំដោយលោក ហ៊ុន សែន នៅថ្ងៃទី២១ តុលា (ប្រភពហេ្វសប៊ុក)

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (គ.ប.ម) បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃសុក្រ ដោយ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ពិចារណា​ឡើងវិញ​ពីការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ​ខណៈ​សេចក្តី​ព្រាង​ច្បាប់ ស្តីពី វិសោធនកម្មនេះ បាន​ឆ្លង​ផុត​គណៈរដ្ឋមន្ត្រី​ទៅ​ហើយ។

តាមរយៈ​សេចក្តី​ថ្លែងការណ៍ គណបក្ស​នៅ​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ​បាន​ចាត់​ទុក​ថា បញ្ហាសញ្ជាតិ​នេះ [សេចក្ដីព្រាង​ច្បា​ប់​ធម្មនុញ្ញ ស្តីពី «វិសោធ​នកម្មរដ្ឋ​ធម្មនុញ្ញ ដើម្បី​កំណត់​ថ្នាក់ដឹកនាំជាតិ​ត្រូវមាន​សញ្ជាតិ​ខ្មែរ​តែមួយ​គត់»] គឺជា​ប្រធានបទ​សំខាន់​មួយ​ដែរ ប៉ុន្តែវា​មិន​មានភាព​ចាំបាច់​រហូត​ដល់​ធ្វើ ​«វិសោធនកម្ម​រដ្ឋធនុញ្ញ» ដែលជា​ច្បាប់​កំពូល​របស់​ជាតិ​នៅ​ពេល​នេះទាំង​បន្ទាន់​នោះទេ។ បើតាម​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​យល់​ថា បញ្ហាកូវីដ-១៩ បញ្ហា​ទឹកជំនន់​ទឹកភ្លៀង បញ្ហា​គ្រឿង​ញៀន និង​បញ្ហា​ទំនាស់​ដីធ្លី​ជាដើម គឺ​ជា​ប្រធាន​បទសំខាន់ ដែលអ្នកដឹកនាំ​នយោបាយ​ត្រូវ​រួមគ្នា​ប្រកួត​ប្រជែង​គ្នា​ដោះ​ស្រាយ។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​អំពាវនាវ​ឱ្យ​អ្នកដឹកនាំ​នយោបាយ​ជើង​ចាស់​ទាំងអស់ បញ្ឈប់​នូវ​ការ​បង្ក​ជម្លោះ​ជា​លក្ខណៈ​បុគ្គល ហើយ​ងាក​មក​យក​ចិត្ត​ទុក​ដាក់​ឈ្លោះជជែក ដែល​ផ្តល់​ដំណោះស្រាយ​ពី​បញ្ហា​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ និង​ផ្តល់​គំរូល្អដល់​យុវជន​ជំនាន់​ក្រោយ​វិញ។

ការអំពាវនាវ​របស់​គណបក្សប្រជាធិបតេយ្យមូលដ្ឋាន​នេះ បាន​ធ្វើ​ឡើង ខណៈ​ដែល​គណៈរដ្ឋមន្រ្តី​បាន​អនុ​ម័តកាល​ពី​ថ្ងៃម្សិលមិញ​ លើ​សេចក្ដី​ព្រាងច្បាប់​ធម្មនុញ្ញ ស្តីពី «វិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ​មាត្រា៣និងមាត្រា៤ នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានានូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ»។ វិសោធនកម្មនេះ បានដាក់​បញ្ចូល​កថាខណ្ឌដែល​ចែង​ថា «ថ្នាក់ដឹកនាំ​ជាតិ ដែល​ជា​ប្រធាន​ព្រឹទ្ធសភា ប្រធាន​រដ្ឋសភា ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ និង​នាយករដ្ឋមន្ត្រី ត្រូវ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ​គត់»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ