ក្រុមប្រឹក្សាធម្មនុញ្ញនឹងប្រជុំលើសេចក្តីព្រាងទូលថ្វាយព្រះមហាក្សត្រ «កំណត់សញ្ជាតិតែមួយ»

ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ក្រុមប្រឹក្សាធម្មនុញ្ញបានបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ និងសម្រេចលើសំណើរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ស្នើសុំពិនិត្យធម្មនុញ្ញភាពច្បាប់ស្តីពីវិសោធនកម្មមាត្រា ៤៥ ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ។ រូបភាព៖ ហ្វេសប៊ុក អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាធម្មនុញ្ញ

ក្រុមប្រឹក្សាធម្មនុញ្ញនឹងបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ និងរៀបចំសេចក្តីទូលថ្វាយព្រះមហាក្សត្រ លើសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី​​វិសោធនកម្មមាត្រាមួយចំនួនអំពីការកំណត់ «សញ្ជាតិតែមួយ» សម្រាប់ថ្នាក់ដឹកនាំកំពូលៗ នាព្រឹកថ្ងៃចន្ទទី១១ខែកញ្ញានេះ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាធម្មនុញ្ញបានឱ្យដឹងកាលពីថ្ងៃ៩ ខែតុលានេះថា ក្រុមប្រឹក្សាធម្មនុញ្ញនឹងបើកកិច្ចប្រជុំពេញអង្គ នៅថ្ងៃទី១១ ខែតុលាស្អែកនេះ វេលាម៉ោង៩ព្រឹក នៅអគារ ស វិមានរដ្ឋចំការមន ក្រុមប្រឹក្សាធម្មនុញ្ញ ក្រោមការដឹកនាំរបស់ប្រធានក្រុមប្រឹក្សាធម្មនុញ្ញលោក អ៊ឹម ឈុនលឹម។ កិច្ចប្រជុំនេះ  ដើម្បីពិនិត្យ និងរៀបចំសេចក្តីទូលថ្វាយព្រះមហាក្សត្រ លើសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីការកំណត់ «សញ្ជាតិតែមួយ» សម្រាប់ថ្នាក់ដឹកនាំកំពូលៗ ដូចជា ​ប្រធាន​ព្រឹទ្ធសភា ប្រធាន​រដ្ឋសភា ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ និង​នាយករដ្ឋមន្ត្រី ត្រូវ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ​គត់។

​សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា សេចក្ដី​ព្រាងច្បាប់​ធម្មនុញ្ញ ស្តីពី «វិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ​មាត្រា៣និងមាត្រា៤ នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានានូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ»។

កាលពីថ្ងៃទី៦ ខែតុលា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាឱ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ សិក្សា​រៀបចំ​ធ្វើសេចក្តីព្រាង​ច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ កំណត់ឱ្យថ្នាក់ដឹកនាំ​ជាតិ​ដែល​កាន់​តួនាទី​ជានាយករដ្ឋមន្ត្រី ​ប្រធាន​ព្រឹទ្ធសភា ​ប្រធា​ន​រដ្ឋសភា និង​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ ត្រូវមាន​សញ្ជាតិ​ខ្មែរ​តែ​មួយ។ ភ្លាមៗ​ ក្រោយ​ពី​ការ​ប្រកាស​នេះ ក្រសួង មន្ទីរ និងស្ថាប័ន​ឯកជនមួយចំនួន បាន​ចេញ​សេចក្ដីប្រកាស និង​ញត្តិគាំទ្រ​យ៉ាង​ព្រោងព្រាត​ ដោយ​មានទាំង​ក្រសួងយុត្តិធម៌ កងទ័ពជើ​ង​គោ​ក មន្រ្តីរាជការជាច្រើនផ្សេងទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ