ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្ដេជ្ញាកាលពីថ្ងៃសៅរ៍កន្លងទៅ ដើម្បីសម្រេចបាននូវការបង្រួបបង្រួមជាតិដោយសន្តិវិធីជាមួយកោះតៃវ៉ាន់ ខណៈដែលលោកមិនបានលើកឡើងដោយផ្ទាល់អំពីការប្រើប្រាស់កម្លាំងរបស់ខ្លួនទៅលើដែនកោះមួយនេះដែលកើតឡើងកាលពីពេលថ្មីៗនោះទេ។
លោកថ្លែងថា៖ «ការបង្រួបបង្រួមពេញលេញនៃប្រទេសរបស់យើង ត្រូវតែកើតមានឡើងនិងអាចសម្រេចបាន»។
ថ្លែងនៅឯសាលវិមានប្រជាជនចិននៅឯទីក្រុងប៉េកាំង លោក ស៊ី ជីនពីង បានឱ្យដឹងទៀតថា ប្រជាជនចិនមានប្រពៃណីដ៏អស្ចារ្យមួយនៃការប្រឆាំងនឹងការផ្តាច់ខ្លួន។
ការថ្លែងរបស់ប្រធានាធិបតីរូបនេះធ្វើឡើងបន្ទាប់ពីមានភាពតានតឹងអស់រយៈពេលមួយសប្តាហ៍ដែលកើតឡើងដោយសារតែចិនបានបញ្ជូនយន្ដហោះចម្បាំងប្រមាណជា១៥០គ្រឿងចូលក្នុងតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់ ជាសកម្មភាពមួយដែលបង្កជាការព្រួយបារម្ភពីបណ្ដាប្រទេសនានា។
ទោះជាយ៉ាងណា លោក ស៊ី ជីនពីង មិនបានលើកឡើងពីការប្រើកម្លាំងនេះក្នុងសុន្ទរកថារបស់លោកឡើយ។
លោកបន្ថែមថា៖ «ឯករាជ្យរបស់តៃវ៉ាន់ គឺជាឧបសគ្គដ៏ធំបំផុតចំពោះការបង្រួបបង្រួមជាតិ និងជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរមួយចំពោះការស្ដារប្រទេសជាតិឡើងវិញ។ អ្នកដែលភ្លេចមរតករបស់ខ្លួន ក្បត់មាតុភូមិរបស់ពួកគេ និងស្វែងរកការបំបែកបំបាក់ប្រទេស នឹងមិនទទួលបានអ្វីដែលប្រសើរនោះទេ ហើយសកម្មភាពរបស់ពួកគេនឹងត្រូវបានបដិសេធដោយប្រជាជន និងថ្កោលទោសដោយប្រវត្តិសាស្ត្រ»។
ជាការឆ្លើយតប កោះតៃវ៉ាន់ហាក់មិនសូវសម្ដែងការគាំទ្រចំពោះការលើកឡើងរបស់លោក ស៊ី ជីនពីង នោះទេ និងបានអំពាវនាវឱ្យចិនបោះបង់ចោលនូវការបង្ខិតបង្ខំរបស់ខ្លួន ខណៈដែលពួកគេថ្លែងថា អនាគតរបស់ខ្លួនគឺស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ប្រជាជន។
គួរបញ្ជាក់ថា ដែនកោះដែលបានបែកចេញពីដីគោកក្នុងឆ្នាំ១៩៤៩មួយនេះ បដិសេធការទាមទារអធិបតេយ្យភាពរបស់ចិន និងលើកឡើងថា ខ្លួនមានរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ។
នៅក្នុងសុន្ទរកថាដ៏សំខាន់ចុងក្រោយរបស់លោក ស៊ី ជីនពីង ស្តីពីកោះតៃវ៉ាន់ កាលពីខែកក្កដាកន្លងទៅ លោកបានប្តេជ្ញាក្នុងការកម្ទេចរាល់ការប៉ុនប៉ងណាមួយដើម្បីឯករាជ្យភាពជាផ្លូវការ។
កាលពីឆ្នាំ២០១៩ លោកក៏បានគំរាមដោយផ្ទាល់ថានឹងប្រើកម្លាំង ដើម្បីនាំយកដែនកោះនេះមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនផងដែរ៕