គ.ប.ម ស្នើឱ្យរដ្ឋាភិបាលនិងបក្សនយោបាយឈប់ផ្ដោតលើបញ្ហាសញ្ជាតិខ្មែរតែមួយ

សម្ដេចព្រះបាទនរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងចុះបើកកិច្ចប្រជុំរដ្ឋសភា អាណត្តិទី៦ នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ.ប.ម) អំពាវនាវដល់​រដ្ឋាភិបាល ស្ថាប័នជាតិ និងគណបក្សនយោបាយទាំងអស់ ឈប់ផ្ដោតការពិភាក្សាគ្នាលើបញ្ហាកំណត់សញ្ជាតិខ្មែរតែមួយ តែគួររួម​គ្នារៀបចំផែនការមេដោះស្រាយបញ្ហាសេដ្ឋកិច្ចនិងបំណុលពល​រដ្ឋដែ​លកើតចេញពីវិបត្តិជំងឺកូវីដ-១៩។ 

ក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ គណបក្ស គ.ប.ម បាន​ប្រកាសជំហរមិនគាំទ្រចំពោះការពិភាក្សាបញ្ហាកំណត់«ស​ញ្ជាតិខ្មែរតែមួយ»ដែលផ្ដួចផ្ដើមដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយគ​ណ​បក្សនេះ​ក៏មិនគាំទ្រចំ​ពោះ​ការទាញរឿ​​​​​​​ងនេះដោយភ្ជាប់ជាមួយអង្គព្រះមហាក្សត្រផងដែរ។ 

សេចក្ដីថ្លែងការណ៍នោះបន្ត​ថា៖ «គ.ប.ម សូមអំពាវនាវឱ្យអ្នកដឹកនាំស្ថាប័នជាតិទាំងអស់ ដូចជា រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា និងគណបក្សនយោបាយទាំងអស់ ផ្ដោតលើការសហការគ្នាដោះស្រាយបញ្ហាកូវីដ-១៩ ជាពិសេសផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ការងារ និងបំណុលប្រជាពលរដ្ឋ។ កម្ពុជាត្រូវការផែនការមេ យុទ្ធសាស្រ្ត និងថវិកាជាតិរួមមួយ ដើម្បីដោះស្រាយវិបត្តិកូវីដ-១៩ និងការបើកប្រទេសឡើងវិញ»

វីអូឌី មិនអាចទាក់ទងសុំការអធិប្បាយបន្ថែមពីប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉​ង សាំងកុមារ និងអ្នកនាំពា​ក្យរបស់គណបក្ស លោក ឡឹក សុធា បាន​ទេ នៅថ្ងៃ​នេះ​។​​

កាលពីថ្ងៃ​ទី៦ ខែតុលា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន​ បានបញ្ជា​ទៅក្រសួងយុត្តិធម៌ឱ្យរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ កំណត់ឱ្យអ្នកកាន់តំណែងនាយករដ្ឋមន្រ្តី ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ត្រូវមា​ន​ស​​​ញ្ជា​​​​​តិខ្មែរតែមួយ។ ការបញ្ជា​នេះត្រូវបានគេដឹងថា មេដឹកនាំគណបក្សកាន់អំណាច លោក ហ៊ុន សែន ធ្វើឡើងដើម្បីតបត​ទៅប្រ​ធានស្ដីទីអតីតគណបក្សប្រ​​ឆាំ​ង លោក សម​ រង្ស៊ី ដែលបានចោទលោកនាយករដ្ឋមន្ត្រី​ថា​បានទិញសញ្ជាតិ​និង​លិខិតឆ្លងដែនប្រទេសមួយនៅអឺរ៉ុប ដើម្បីត្រៀមរត់ភៀសខ្លួនក្នុងករណី​លោកធ្លាក់ពីអំណាច។

ភ្លាមៗក្រោយពីការស្នើ ចលនាផ្ញើសារលិខិតគាំទ្រក្នុងចំណោមស្ថាប័នមន្រ្តីរាជការសាធារណៈរបស់រដ្ឋស្ទើរគ្រប់ជាន់ថ្នាក់ រួមទាំងស្ថា​ប័​នឯកជន និងគណបក្សនយោបាយមួយចំនួនដូចជា «គណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច» និង «គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ​» ជាដើម បានផុសឡើង​ព្រោងព្រាតលើបណ្ដាញសង្គម Facebook។ 

ពីរថ្ងៃបន្ទាប់មក សេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញថ្មីមួយត្រូវបានតាក់តែងឡើងនិងអនុម័ត​ដោយគណៈរដ្ឋមន្រ្តី នៅថ្ងៃទី៨ ខែតុលា ហើយក្រុមប្រឹក្សារដ្ឋធម្មនុញ្ញបានបើកកិច្ចប្រជុំពេញអង្គដើម្បីពិនិត្យនិងទូលថ្វាយអ​ង្គ​ព្រះម​ហាក្សត្រនៅរយៈពេល៣ថ្ងៃបន្ទាប់ ពោលគឺនៅថ្ងៃចន្ទនេះ​។

លោក សម រង្ស៊ី មេដឹកនាំអតីតគណបក្សប្រឆាំង ដែលកំពុងរស់នៅដោយនិរទេសខ្លួននៅក្រៅប្រទេស​ បានស្នើឱ្យគូប្រកួតប្រ​ជែងន​យោ​បាយរបស់លោក គឺ​លោកនា​យករដ្ឋមន្រ្តី​ ហ៊ុន សែន កុំយកច្បាប់កំណត់សញ្ជាតិខ្មែរតែមួយ ដើម្បីបំបិទផ្លូវលោកមិនឱ្យវិលមកប្រកួតប្រជែងក្នុងការបោះឆ្នោតខាងមុខ។ 

លោកបានលើកឡើងកាលពីថ្ងៃទី១០ ខែតុលា​ ថាការកំណត់បែបនេះ គឺមិនមានប្រយោជន៍អ្វីឡើយ ដោយសារលោ​​កអាចបោះបង់សញ្ជា​តិ​បារាំងរបស់ខ្លួនបានគ្រប់ពេល ហើយលោកអះអាងថា វិសោធនកម្មរដ្ឋធម្មនុញ្ញថ្មីនឹងមិន​អាចធ្វើទៅរួចទេ ដោយសារព្រះមហាក្ស​ត្រមានសញ្ជាតិដល់ទៅ៣ រួមមាន សញ្ជាតិ​ខ្មែរ សញ្ជាតិបារាំង និងសញ្ជាតិឈែក។

ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែងថា បញ្ហាសញ្ជាតិខ្មែរតែមួយ និងបញ្ហាកូវីដ-១៩ គឺជារឿង២ដា​ច់ដោយឡែកពីគ្នា ហើយវាជាវិបត្តិដែលសុទ្ធតែហុចផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាដូ​ចគ្នា​។ លោក​បន្ថែ​មថា រដ្ឋាភិបាលបានរៀបចំកញ្ចប់ថវិកាផ្តល់ជូនពលរដ្ឋក្រីក្រ និងកម្មករនិយោជិតក្រុមហ៊ុន រោងចក្រ​ សហគ្រាស ដែលរងផលប៉ះពាល់ដោយវិធានការប្រឆាំងជំងឺកូវីដ-១៩ និងបញ្ហាដែលកើតចេញពីវិបត្តិសុខភាពសាធារណៈ​នេះ​ជាបន្តបន្ទាប់មកហើយ។

លោក ផៃ ស៊ីផាន មានប្រសាសន៍ថា៖ «ការគ្រប់គ្រងរបស់អ្វីដែលជាផលប៉ះពាល់ពីជំងឺកូវីដ-១៩ យើងកំពុងតែចាប់ផ្តើម កំពុងតែរៀបចំប្រព័ន្ធសេដ្ឋកិច្ច យើងបានធ្វើ យើងបានដោះស្រាយហើយ។ រីឯការតម្រូវឱ្យមានសញ្ជាតិខ្មែរតែមួយចំពោះនាយករដ្ឋមន្រ្តី ចំពោះប្រធានសភា ប្រធានព្រឹទ្ធសភា ហើយនិងប្រធានអង្គភាពរដ្ឋធម្មនុញ្ញ ដែលយើងមិនទាន់មានច្បាប់ត្រឹមត្រូវ យើងកំពុងតែដោះស្រាយ»។

នាយិការបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា លោកស្រី Sunniya Durrani-Jamal បានជំរុញ​​ដល់​រដ្ឋាភិបាលកម្ពុជា បន្ត​ពង្រឹង​ប្រព័ន្ធគាំ​ពារ​សង្គម​ និងលើកកម្ពស់គុណភាពសេវាថែទាំសុខភាព និងការអប់រំ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងធ្វើឱ្យមាននិរន្តរភាពកំណើនសេដ្ឋកិច្ច។

ការលើកឡើងនេះ គឺធ្វើឡើងបន្ទាប់ពី ADB បានបន្ថយការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ពីជិត ២ភាគរយ (១,៩%) នៅក្នុងឆ្នាំ២០២១ ទាបជាងការព្យាករនៅខែមេសា ថានឹងមានអត្រា៤ភាគរយ ខណៈនៅឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជានឹងអាចកើននៅកម្រិតជាង៥ភាគរយ (៥,៥%)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ