ជប៉ុន​ផ្ដល់​ជំនួយ​ឥត​សំណង​និង​ឥណទាន​សម្បទាន​ជាង​៧០​លាន​ដុល្លារ​ដល់​កម្ពុជា

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងពិធី «លិខិតប្ដូរសារសម្រាប់ឥណទានសម្បទាន១គម្រោង និងហិរញ្ញប្បទានឥតសំណង៥គម្រោង» នៅម៉ោង៩ព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ (ហ្វេសប៊ុក៖ Embassy of Japan in Cambodia ស្ថានទូតជប៉ុននៅកម្ពុជា)

​ជប៉ុនផ្ដល់ជំនួយឥតសំណងនិងឥណទានសម្បទាន៧២,៧២លានដុល្លារដល់កម្ពុជា ដើម្បីពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹក​ស្អាតនិងគម្រោងជាច្រើនទៀត។

ការផ្ដល់ជំនួយនេះបានធ្វើឡើង​​​នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ ក្នុងពិធី​​ចុះហត្ថលេខាមួយ​នៅឯក្រសួងការបរទេសកម្ពុជា។

ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានចុះផ្សាយលើហ្វេសប៊ុករបស់ខ្លួន​ថា រដ្ឋាភិបាលជប៉ុនបានបន្តផ្ដល់ជំនួយអភិវឌ្ឍន៍​​ផ្លូវការ (ODA) ជាឥណទានសម្បទានដែលមានទឹកប្រាក់សរុបចំនួន៦ ៣៣៦លានយ៉េន ឬស្មើ​​ប្រមាណ៥៧,៦លានដុល្លារ សម្រាប់គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតនៅខេត្តសៀមរាប ដំណាក់​កាល​ទី២ និងហិរញ្ញប្បទានឥតសំណង៥គម្រោងដែលមានទឹកប្រាក់សរុបចំនួន១ ៦០០លានយ៉េន ឬស្មើ​១៤,៥​លានដុល្លារ សម្រាប់កម្មវិធីអភិវឌ្ឍន៍​សេដ្ឋកិច្ចនិងសង្គម។

ស្ថានទូតមួយនេះបញ្ជាក់ថា គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប ដំណាក់កាលទី២ នឹងបន្តអភិវឌ្ឍ​បរិក្ខារបូម​ទឹក​ឆៅ និងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតដែលមានសមត្ថភាពផលិត៦០ ០០០ម៉ែត្រ​គូប​ក្នុងមួយថ្ងៃ និងបណ្ដាញចែកចាយទឹកដែលមានប្រវែងលើស២០០គីឡូម៉ែត្រ នៅខេត្តសៀមរាប បន្ទាប់ពីដំណាក់កាលទី១។

ចំណែកគម្រោង​កម្មវិធីអភិវឌ្ឍន៍​សេដ្ឋកិច្ចនិងសង្គម ជាប្រភេទ​សម្ភារនិងបរិក្ខារផ្សេងៗនឹងត្រូវផ្តល់ជូនចំនួន៥វិស័យ ដូចជា ការគាំទ្រដំណើរការកសាងផែនការបោសសម្អាតមីន និងត្រួតពិនិត្យគុណភាពលើផ្ទៃដីបោសសម្អាត (Landmine Action Sector) ដែលមានទឹកប្រាក់ចំនួន២០០លានយ៉េន ឬស្មើប្រមាណ១,៨​លានដុល្លារ និងសម្ភារបច្ចេកទេសសម្រាប់មន្ទីរពិសោធន៍ជាតិសំណង់ (Construction Material Sector) មានទឹកប្រាក់ចំនួន២៥០លានយ៉េន ឬស្មើ​ប្រមាណ២,៣​លានដុល្លារ។

ស្ថានទូតឱ្យដឹងទៀតថា សម្រាប់សម្ភារបច្ចេកទេសសម្រាប់ស្ថានីយវាស់វែងអចិន្ត្រៃយ៍ និងមជ្ឈមណ្ឌលទិន្នន័យ (Cadastral Survey Sector) មានទឹកប្រាក់ចំនួន២៥០លានយ៉េន ឬស្មើ​ប្រមាណ២,៣​លានដុល្លារ និងការបំពាក់សម្ភារនិងបរិក្ខារបច្ចេកទេសសម្រាប់គ្រឹះស្ថានអប់រំបណ្ដុះបណ្ដលបច្ចេកទេសនិងវិជ្ជាជីវៈ (Human Resource Development Sector) មានទឹកប្រាក់ចំនួន៤០០លានយ៉េន ឬស្មើ​៣,៦លាន​ដុល្លារ។

ចំណែកការបំពាក់សម្ភារនិងបរិក្ខារ និងគ្រឿងម៉ាស៊ីនក្នុងវិស័យឧស្សាហកម្មគ្រឿងយន្ត អេឡិចត្រូនិច និងមេកានិក នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (Manufacturing Sector) មានទឹកប្រាក់ចំនួន៥០០លានយ៉េន ឬស្មើ​ប្រមាណ៤,៥លាន​ដុល្លារ។

ស្ថានទូតជប៉ុនប្រចាំកម្ពុជា ​រំពឹងថា ការផ្ដល់ជំនួយទាំងនេះនឹងចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យនីមួយៗនាពេលអនាគត និងការយោគយល់គ្នាទៅវិញទៅមក ក៏ដូចជាការពង្រឹងទំនាក់ទំនងមិត្តភាពរវាងជប៉ុននិងកម្ពុជាផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ