សង្គម​ស៊ីវិល​រិះគន់​ការ​ប្រើប្រាស់​តួនាទី​របស់​តំណាង​រាស្ត្រ​មិន​ឆ្លើយតប​ទៅ​នឹង​ម្ចាស់ឆ្នោត

ប្រធានរដ្ឋសភា និងសមាជិកសភា ចូលរួមក្នុងកិច្ចប្រជុំសភា នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ National Assembly Of Cambodia​)

អង្គការមិនមែនរដ្ឋាភិបាលដែលឃ្លាំមើលពីដំណើរ​ការ​បោះ​ឆ្នោត បាន​រិះគន់​ទៅលើ​ការ​អនុវត្ត​តួនាទីនិង​​ភារ​​កិច្ច​​​របស់តំណាងរាស្រ្ត ថាហាក់មិនសូវបានឆ្លើយតបចំពោះមុខអង្គបោះឆ្នោត ជាពិសេស​​​នៅ​​ពេលដែល​​​​ពលរដ្ឋ​​ជួបទុក្ខលំបាក ដូចជា រឿង​ជម្លោះដីធ្លី និងការរំលោភសិទ្ធិមនុស្ស ឬមានអំពើអយុត្តិ​​ធ​​ម៌​​​​​​សង្គម​​កើតឡើង​ ជា​​ដើម។

អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិ នៃអង្គការ​ខុមហ្វ្រែល លោក កន សាវាង្ស មាន​​​ប្រសាសន៍នៅថ្ងៃចន្ទ​នេះ​​​ថា សម្រាប់នីតិកាលទី៦នេះ លោកសង្កេតឃើញ​មានតំណាងរាស្រ្តច្រើនរូប ចុះទៅ​​​​តា​​​ម​​​មូលដ្ឋាន។ ប៉ុន្តែលោកថា ការចុះមូលដ្ឋានរបស់តំណាងរាស្រ្តទាំងនោះ ចុះទៅ​​មិនមែនដើម្បី​​​​ជួយ​​​​ដោះស្រាយបញ្ហាដែលពលរដ្ឋជួបការលំបាកទេ ផ្ទុយទៅវិញ ជាការចុះមូលដ្ឋានដើម្បី​​អនុវត្ត​​​ផែន​​ការពង្រឹងបក្សតែប៉ុណ្ណោះ។

លោកបន្តថា៖ «ក្រុមការងារចុះជួយចែកម៉ាស់ចែកអីហ្នឹង ឬក៏យកអង្ករជូនពលរដ្ឋក្នុង​​មូលដ្ឋាន​​ហ្នឹង​​​​ គឺ​​​ជា​សប្បុរសធម៌ មិនមែនជាដំណោះស្រាយទេ។ បើជាដំណោះស្រាយ ​គឺជាប្រព័ន្ធនិង​ជាច្បាប់​​​របស់​​​សភាដែលពិនិត្យទៅមើល ឬក៏ជាការឆ្លុះ​​បញ្ចាំងទៅលើការ​​អនុវត្តរបស់រដ្ឋាភិបាល​​ នេះ​​បាន​​គេ​​ហៅ​​ថាជាការដោះស្រាយបែបលក្ខណៈជាប្រព័ន្ធនិងជាគោលការណ៍»។

មាត្រា​៧៧ នៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល បានកំ​ណត់ថា តំណាងរាស្រ្តក្នុងរដ្ឋសភាជាតំ​​ណា​ង​​ប្រ​​ជាជាតិខ្មែរទាំងមូល ពុំមែន​គ្រាន់​តែជាតំណាង​​ប្រជា​​ពល​​រដ្ឋ​​ក្នុង​​​មណ្ឌល​​របស់ខ្លួននោះទេ។

នៅក្នុងរបាយការណ៍អង្កេតរដ្ឋសភា និងតំណាងរាស្រ្ត សម្រាប់ឆ្នាំទី១ នីតិកាលទី៦ របស់អង្គការខុម​​​​​​​​ហ្វ្រែល ចេញផ្សាយកាលពីខែ​មីនា ឆ្នាំ២០២០ រកឃើញថា សមាជិកសភា១២៣​រូបដែល​​មា​​ន​​​​​​តែមួយ​បក្ស គឺគណបក្សប្រជាជនកម្ពុជា និងជាគណបក្សកាន់អំណាច បានគ្រប់អាសនៈ​​ទាំង​១​​២​​៣អាសនៈ​នៅក្នុងរដ្ឋសភា សម្រាប់នីតិកាលទី៦ ក្រោយការបោះឆ្នោតកាលពីឆ្នាំ​២០១៨កន្លង​​ទៅ​​​នេះ។ 

របាយការណ៍នេះ​បន្តថា ការចុះមូលដ្ឋានរបស់តំណាងរាស្រ្តធ្វើឡើងក្នុងគោល​បំណង​ត្រឹមតែ​​​សំ​ណេះសំណាល​ជាមួយពលរដ្ឋ ពង្រឹងផ្ទៃក្នុងរបស់​គណបក្ស និងអមដំណើរថ្នាក់ដឹកនាំ​​ប៉ុណ្ណោះ។ ដោយឡែក ការជួយអន្តរាគមន៍ពលរដ្ឋ​ទៅលើ​ដំណោះស្រាយរឿង​ដីធ្លីជាដើម អង្គការខុម​​ហ្វ្រែលរកឃើញ​ថា មិនមានតំណាងរាស្រ្តខ្នះខ្នែងឬជួយដោះបន្ទុកឱ្យពលរដ្ឋនោះទេ។

យ៉ាងនេះក្តី លោក​ កង សាវាង្ស យល់​ថា សម្រាប់អាណត្តិនេះមាន​ភាពអសកម្មច្រើន បើធៀបទៅនឹងនីតិកាលទី៥ ដែល​នៅពេលនោះ​មានពហុមតិ​នៅក្នុងរដ្ឋសភា ហើយ​​គេ​សង្កេតឃើញ គណបក្សគ្រប់គ្រងអំណាច​មានការប្រឹងប្រែងនិងស្ទុះស្ទាជាងនៅពេលនេះ។

លោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការ និចហ្វិក សង្កេតឃើញស្រដៀងគ្នានេះដែរថា​ តួនាទីសំខាន់​របស់តំណាងរាស្រ្ត គឺការឃ្លាំមើល​នូវការអនុវត្តកិច្ចការនានារបស់រដ្ឋាភិបាល បូករួមទាំង​ការ​ពិនិត្យទៅលើខ្លឹមសារនៃច្បាប់ និងសួរដេញ​ដោល​តំណាង​របស់​រដ្ឋាភិបាលផង ប៉ុន្តែ​សមា​ជិក​សភា មិនបានឆ្លើយតបឱ្យបានពេញលេញនៅឡើយនោះទេ។

លោកបន្តថា៖ «ការងា​រសំខាន់របស់ពួកគាត់ ដូចជា អនុម័តច្បាប់ និងការចុះមូលដ្ឋានជួបប្រជាពលរដ្ឋសួររកបញ្ហា និងសួរសុខទុក្ខ ដើម្បីដោះស្រាយបញ្ហាអីជាដើមហ្នឹង។ គាត់មិនបានបំពេញការងារហ្នឹងចង់មួយអាណត្តិទៅហើយ»។

នៅក្នុងពិធីផ្ទេរតួនាទីចៅហ្វាយខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៤ ខែ​តុលា លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏ទទួលស្គាល់ដែរថា ការដឹកនាំប្រទេសដែលមានតែបក្សនយោបាយតែមួយបែបនេះ វាមិនល្អប៉ុន្មានទេ។ ក្នុងន័យនេះ លោកបញ្ជាក់ថា រដ្ឋាភិបាលគួរបើកឱ្យ​​មានការរិះគន់ពីបក្សនយោបាយផ្សេងទៀត វាជាមធ្យោបាយមួយនាំឱ្យមានប្រឹងប្រែងនិងរកឃើញនូវភាពរីកចម្រើននិងជឿនលឿន។

ឆ្លើយតបរឿងនេះ លោក ឈាង វុន អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង មក​ពី​ខាង​គណបក្ស​​ប្រជា​​ជន​​កម្ពុជា បញ្ជាក់​ថា លោក​មិនចាប់អារម្មណ៍សោះឡើយ​​ទៅនឹង​របាយការណ៍ដែលចេញ​​ដោយ​​អង្គ​​ការ​ខុម​​ហ្រ្វែ​​ល​​​​នេះ ដោយលោកថា អង្គការមិនមែនរដ្ឋាភិបាលមួយនេះតែងតែ​​និ​​យាយពីល្អពីរដ្ឋាភិបាលជានិច្ច។ 

លោកបន្តថា៖ «ព័ត៌មានគាត់ខុសច្រើនពេក ខុមហ្រ្វែលហ្នឹង! សួរយោបល់ ខ្ញុំថាខ្ញុំអត់បានធ្វើការ​​វិនិ​​ច្ឆយទេ។ ប៉ុន្តែខ្ញុំមានអារម្មណ៍តាំងពីដើមទីមកថា ខុមហ្វ្រែលហ្នឹង ចំពោះ​​ខ្ញុំ គាត់ផ្សព្វផ្សាយ​​ព័ត៌​​មាន​​ខុស​ច្រើនពេក»។

បើទោះជាបែបណា សម្រាប់អ្នកជំនាញកិច្ចការបោះឆ្នោត លោក កង សាវាង្ស យល់ឃើញថា របា​​យ​​ការណ៍ដែលអង្គការ ខុមហ្រ្វែល ចេញផ្សាយនេះ គឺផ្អែកលើការអង្កេតតាមបែបវិទ្យាសាស្រ្តនិង​​សិក្សា​​យ៉ាងល្អិតល្អន់។

យ៉ាងនេះក្តី បើតាមលោក កន សាវាង្ស មូលហេតុសំខាន់ដែលនាំឱ្យពលរដ្ឋមិនអាចពឹង​​អាស្រ័យ​​ទៅ​​លើតំណាងរាស្រ្តដែលខ្លួនបោះឆ្នោតឱ្យ​បាន មានកត្តា២សំខាន់ គឺទី១ ដោយ​សារ​ប្រព័ន្ធ​​​​​នៃ​ការ​​បោះ​​​​​ឆ្នោតនៅ​​កម្ពុជា ​​គឺអនុវត្តតាមគោលការណ៍សមាមាត្រ ដែលមានន័យថា អ្នកនយោបាយកើត​​ចេញ​​ពីការផ្តល់ទំនុកចិត្តពីថ្នាក់ដឹកនាំនៃគណបក្សនយោបាយ និងហេតុផលទី២ ច្បាប់ស្តីពី​​ការ​​បោះឆ្នោតជ្រើសតាំងតំណារាស្រ្ត។

លោក កន សាវាង្ស បន្ថែមថា មូលហេតុសំខាន់ ដោយសារច្បាប់នេះបានបើកផ្លូវឱ្យ​​គណ​​បក្ស​​​ន​​យោ​​បាយអាចជ្រើសរើសសមាជិកចេញពីបក្សរបស់ខ្លួនដោយមិនឆ្លងកាត់​​ការបោះ​​ឆ្នោត​​ជាថ្មី ដែល​ករណីនេះ លោកថា តំណាងរាស្រ្តដែលត្រូវជ្រើសតាំងថ្មីនោះ​ត្រូវ​​អនុវត្តទៅ​​តាមមាគា៌​​បក្ស។ ច្បាប់​​ស្តីពីការបោះឆ្នោតជ្រើសតាំងតំណារាស្រ្ត មាត្រា១៣៩ កថាខណ្ឌទី២ ចែងថា កាលបើសមា​​ជិក​រដ្ឋសភារូបណាមួយត្រូវបាត់បង់សមាជិកភាព មានរយៈពេល៦ខែយ៉ាងតិចមុនចប់នីតិកាល សា​ម៉ី​គណបក្សនយោ​​បាយ​​​នោះអាចស្នើជ្រើសតាំងសមាជិកថ្មីជំនួសដោយមិនបាច់​​បោះឆ្នោត​​ឡើង​​​​​​វិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ