ពលរដ្ឋ​ប៉ះពាល់​ពី​គម្រោង​ផ្លូវ​ដែក​នៅ​តែ​បារម្ភ​ពី​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ ខណៈ​អាជ្ញាធរ​ពន្យារពេល​ដោះស្រាយ

ព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ពលរដ្ឋតំណាង​ឱ្យ​​​៣០គ្រួសារ ដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវ​ដែក​នៅសង្កាត់​បឹង​កក់២ និងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក បានយកញត្តិទៅដាក់នៅរដ្ឋបាល​រាជធានីភ្នំពេញ ដោយស្នើ​ឱ្យ​អាជ្ញាធរ​ជួយ​ពន្លឿន​ការ​ដោះស្រាយ​​បញ្ហា​ដីធ្លី ខណៈ​ពួកគេ​បារម្ភខ្លាច​​អាជ្ញាធរចុះរុះរើផ្ទះសម្បែងដោយមិនមានដំណោះស្រាយ។ (ជន ចាន់រ៉ែន)

ពលរដ្ឋ៥នាក់ តំណាង​ឱ្យ​​​៣០គ្រួសារដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវ​ដែក​នៅសង្កាត់​បឹង​កក់២ និងសង្កាត់​​ទឹកល្អក់១ ខណ្ឌទួលគោក បារម្ភពីការបណ្ដេញចេញដោយបង្ខំនិងមិនទទួលបានសំណងសមរម្យ ខណៈអាជ្ញាធរ​ខណ្ឌ​នៅ​តែ​ពន្យារ​ពេល​​ដោះស្រាយវិវាទ​ដីធ្លីជូនពួកគាត់​។

លោក ប៊ូ ប៊ុនថន ដែលអះអាងថាជាអ្នកតំណាងប្រជាសហគមន៍ផ្លូវដែក ប្រាប់ វីអូឌី នៅថ្ងៃទី១១ ខែតុលានេះថា​ មន្ត្រីខណ្ឌទួល​គោក​បាន​អនុញ្ញាត​ឱ្យ​តំណាង​ប្រជាពលរដ្ឋដែល​រង​ផល​ប៉ះពាល់​ពីគម្រោងអភិវឌ្ឍន៍ផ្លូវ​ដែក ចូលទៅ​ជួប​ជជែក​រក​ដំណោះ​ស្រាយ​ នៅព្រឹកថ្ងៃចន្ទនេះ ដោយ​ប្រាប់​ឱ្យ​ពលរដ្ឋទទួល​យក​ដី​នៅ​តំបន់​អភិវឌ្ឍន៍​​របស់​ក្រុម​ហ៊ុន​ 7NG ស្ថិត​នៅ​ខេត្ត​កណ្ដាល និង​តំបន់​គោក​ខ្សាច់ ​ដែលមាន​ចម្ងាយ​ពី​រាជធានីភ្នំពេញ ៥​ទៅ​៦គីឡូម៉ែត្រ ជា​តំបន់​មិន​ទាន់មាន​ទឹកប្រើប្រាស់​នៅ​ឡើយ។

លោកបន្ត​ថា៖ «មកដល់ពេលនេះ ផ្ទះរបស់យើងអត់មានប្លង់ យើង​អត់​អាច​ធ្វើអ្វី​ផ្សេង​បាន​ទេ។ ខ្ញុំចង់ទៅខ្ចីលុយធនាគារក៏មិនបាន​ដែរ ព្រោះគេ​មិនព្រម​ទទួ​ល វា​ពិបាក​សម្រាប់យើងដែរ។ យើងចង់កែកុនផ្ទះ បន្ថែមបន្ថយអ្វីតិចតួចទៀត ក៏មិនបានដែរ វាខាតពេលវេលា។ យើងព្រួយ​បារម្ភខ្លាចនៅពេលការបណ្ដេញចេញ គាត់មិនផ្តល់ដំណឹងឱ្យយើង អត់មានសំណងឱ្យយើងសមរម្យសម្រាប់ពួកយើង»។

អ្នកស្រី ហ៊ុយ សាឃឿន តំណាង​ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវ​ដែកមួយរូបទៀត​ និយាយ​ថា គាត់​មិន​ព្រម​ទទួល​យក​ដី​នៅ​តំបន់​គោក​ខ្សាច់​ តា​មការចង្អុលបង្ហាញរបស់អាជ្ញាធរខណ្ឌទួលគោកនោះទេ ដោយនៅតែរក្សាជំហរ​ស្នើ​សុំ​ដី​នៅ «​វត្តទួល​អស់​លោក» ឬដី​​ក្នុ​ង​​ខណ្ឌទួល​គោក​វិញ ព្រោះនៅទីនោះ ក្បែរទីប្រជុំជន ងាយស្រួល​រកប្រាក់ទ្រទ្រង់​ជីវភាព​គ្រួសារ និងងាយស្រួលកូនៗទៅសិក្សាផងដែរ។

អ្នកស្រីស្នើថា៖ «បើគេឱ្យបងទៅឆ្ងាយ យើងជំពាក់ធនាគារ! បើយើងនៅភ្នំពេញ ​យើងអាចរកស៊ី យើងទៅលាងចានគេ ក៏បានលុយដែរ។ បើយើង​ទៅទីនោះ [តំបន់គោកខ្សាច់] រកស៊ីអីកើត! ណាទឹកអត់ទាន់មានប្រើ ហើយទៅឆ្ងាយ មិនដឹងគិតគូររកស៊ីអ្វីទេ ណាឆ្ងាយពីកូនរៀន។ យើងគិតគូរទៅ ​អត់មានជីវិតកន្លែងណាថា​អាចប្រសើរឡើង។ អ៊ីចឹងខ្ញុំចង់ឱ្យមានដំណោះស្រាយថា ជិតៗហ្នឹងទៅ! យើងអាចមានក្ដីសង្ឃឹមថាអាចរកស៊ី មានដំណោះស្រាយ​សង​ធនាគារ»។

អ្នកស្រី ហ៊ុយ សាឃឿន បញ្ជាក់ថា បើអាជ្ញាធរនៅតែមិនដោះស្រាយ​តាមការស្នើសុំរបស់ប្រជាពលរដ្ឋទាំង៣០គ្រួសារនោះទេ នោះពួកគាត់នឹងនៅតែទាមទារឬដាក់ញត្តិទៅស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតនៅពេលខាងមុខ ដើម្បីឱ្យជួយរកដំណោះស្រាយជូនពួកគេឱ្យបានឆាប់។

វីអូឌី មិនអាចសុំការបំភ្លឺពីអភិបាលខណ្ឌទួលគោក លោក ជា ពិសី បានទេ នៅថ្ងៃនេះ។

មន្ត្រីសម្របសម្រួលគម្រោងធុរកិច្ច​ និងសិទ្ធិមនុស្ស នៅមជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា​ លោក វណ្ណ សុផាត មានប្រសាសន៍ថា អាជ្ញាធរពាក់ព័ន្ធត្រូវពន្លឿនដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋរងផលប៉ះពាល់ក្រោមគម្រោងអភិវឌ្ឍន៍ផ្លូវ​ដែក ឱ្យទទួលបានសំណងសមរម្យ ដើម្បីបញ្ចៀសនូវបញ្ហាប្រឈមនានាកើតឡើងជាយថាហេតុ នាអំឡុងពេលជួបវិបត្តិកូវីដ-១៩។

លោកមានប្រសាសន៍ថា៖ «បើសិនជាពួកគាត់មិនព្រមទទួលយកតាមសំណើ [របស់អាជ្ញាធរខណ្ឌឱ្យទៅនៅតំបន់គោកខ្សាច់] ដោយចាត់ចែងឱ្យពួកគាត់ទៅឆ្ងាយទៀត វាអាចប្រឈមនឹងការបណ្ដេញចេញដោយបង្ខំ។ ហើយបើមានការបណ្ដេញចេញដោយបង្ខំ យើងដឹងស្រាប់ហើយ អំឡុងពេលវិបត្តិកូវីដ-១៩ បើមានការប្រទាំងប្រទើសគ្នាបង្ខំឱ្យចេញទៅក្រៅ ប្រឈមហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ ដែលអាជ្ញាធរត្រូវពិចារណា»។

បើតាមញត្តិរបស់ពលរដ្ឋដាក់ទៅរដ្ឋបាល​រាជធានីភ្នំពេ​ញ កាលពីថ្ងៃ​ទី១៣ ខែកញ្ញានេះ ពលរដ្ឋដែល​រងផលប៉ះពាល់​ពី​គម្រោង​ផ្លូវដែក​ទាំង​​ស្រុងមានចំនួន២៥​គ្រួសារ និងចំនួន៥​គ្រួសារទៀតប៉ះពាល់មួយ​ផ្នែកតែប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ