សមត្ថកិច្ចខេត្តបាត់ដំបង នៅថ្ងៃអង្គារនេះ បានឃាត់ខ្លួនមនុស្សជាង១០០នាក់ នៅទីតាំងចំនួន៤កន្លែង ដែលត្រៀមលួចឆ្លងដែនដោយខុសច្បាប់ចូលប្រទេសថៃ។
ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះផ្សាយលើហ្វេសប៊ុករបស់ខ្លួនថា កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ សហការជាមួយអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត បានចុះទប់ស្កាត់ការនាំពលរដ្ឋឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ នៅទីតាំងចំនួន៤ ស្ថិតនៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ដោយឃាត់ខ្លួនមនុស្សបានចំនួន១៣០នាក់ ក្នុងនោះ ស្រី្តចំនួន៥២នាក់ និងកុមារចំនួន១៣នាក់។
ស្នងការដ្ឋានបន្តថា បច្ចុប្បន្ន កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំរៀង បានធ្វើការសាកសួរនិងស្រាវជ្រាវស្វែងរកមូលហេតុ និងប្រភពមេខ្យល់ដែលជាអ្នកដឹកនាំប្រជាពលរដ្ឋលបលួចឆ្លងដែននេះ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់បន្ត។
វីអូឌី មិនអាចសុំការបញ្ជាក់បន្ថែមពីស្នងការនគរបាលខេត្តបាត់ដំបង លោក សាត គឹមសាន បានទេនៅថ្ងៃអង្គារនេះ។
កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ សង់ត្រាល់ បានបង្ហាញរបាយការណ៍ស្រាវជ្រាវថ្មីមួយ ដោយរកឃើញថា អំឡុងផ្ទុះការរាលដាលនៃមេរោគកូវីដ-១៩ ក្នុងរយៈពេល៧ខែដើមឆ្នាំ២០២១ មានពលរដ្ឋខ្មែររាប់ពាន់នាក់បានចាញ់បោកមេខ្យល់ចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស ពិសេសប្រទេសថៃ ដើម្បីរកការងារធ្វើដោះស្រាយបញ្ហាជីវភាពនិងបំណុល ហើយក្នុងនោះមានមនុស្សចំនួន៧៤១នាក់ត្រូវបានអាជ្ញាធរថៃនិងកម្ពុជាចាប់ខ្លួន។
ប្រភពដដែលបន្ថែមថា ក្នុងចំណោមនោះមានជិត៥០ភាគរយត្រូវរងការផាកពិន័យ និងការស៊ើបអង្កេតបញ្ជូនទៅចាត់ការបន្តតាមនីតិវិធីច្បាប់ ដែលធ្វើឱ្យពួកគេត្រូវរងគ្រោះបន្ថែមលើការគ្មានការងារធ្វើ គ្មានចំណូល បំណុល ហើយរងទុក្ខលំបាករាងកាយនិងសុខភាពថែមមួយកម្រិត។
បើតាមរបាយការណ៍នេះ ពលករខ្មែរនៅថៃចំនួនជាង២៤ ០០០នាក់បានត្រលប់មកស្រុកកំណើតវិញនៅអំឡុងខែមិថុនា និងកក្កដា ឆ្នាំ២០២១ ដែលជាពេលវេលាប្រទេសថៃកំពុងផ្ទុះការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មី ដែលតា៕