ពលរដ្ឋ​បាត់​លុយ​នៅ​ GFX​ ប្រើ​បណ្ដាញ​សង្គម​ដើម្បី​បន្ត​ការ​ទាមទារ​សំណង​ពី​ម្ចាស់​ក្រុមហ៊ុន​

អតិថិជនដែលបានដាក់លុយវិនិយោគនៅក្រុមហ៊ុន GoldFX Investment បាននាំគ្នាតវ៉ាទាមទាររកដំណោះស្រាយពីក្រុមហ៊ុនករណីបាត់លុយវិនិយោគនៅក្រុមហ៊ុននេះ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ពលរដ្ឋបាត់លុយវិនិយោគនៅក្រុមហ៊ុន GFX Investment ប្រើ​បណ្ដាញសង្គម Facebook ដើម្បីបន្តទទូច​ទាមទារសំណង និ​ង​ស្នើសុំអន្តរាគមន៍ពីមន្រ្តីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលដែលត្រូវជាសាច់ញាតិម្ចាស់ក្រុមហ៊ុន បន្ទាប់ពីលោកនា​យករដ្ឋមន្រ្តី ហ៊ុន សែ​​ន​ ណែនាំឱ្យប្តឹងទៅតុលាការ បើពួកគេនៅតែមិនអាចស្វែងរកការសម្របសម្រួលណាមួយបាន។

ក្រុម​ពលរដ្ឋដែលជាអតិថិជនរបស់ក្រុមហ៊ុន GFX ទាំងនោះ បានប្រើទំព័រ Facebook ឈ្មោះសំឡេងជនរងគ្រោះដោ​យ​សា​រ​ក្រុមហ៊ុន GFX Investment” ដើម្បីទាមទារសំណង១០០ភាគរយ​នៃប្រាក់ដើមរបស់ពួកគេមកវិញ តាមរយៈការបង្ហោះរូបថ​ត​ និង​សាររិះគន់ ការអង្វរ​ករ និងទទូចសុំអន្តរាគមន៍ពីឧប​នាយក​រដ្ឋមន្រ្តី២រូប ស្ទើររៀងរាល់ថ្ងៃ ខណៈក្រុមហ៊ុននៅតែបន្តរក្សាជំហរទូទា​​​ត់​សំណងត្រឹម៣០ភាគរយ។     

ចុងក្រោយនេះ ពោលគឺនៅថ្ងៃ​ទី១១ ខែតុលា ឆ្នាំ២០២១ ពួកគេបានបង្ហោះសារស្នើសុំអន្តរាគមន៍ពី​ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង ដោយមានភ្ជាប់រូបថតលោក ជាមួយ​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន GFX និងក្រុមគ្រួសារ ព្រមជាមួយសារថា៖

«ជនរងគ្រោះ GFX ទទូចសុំអន្ត​រា​គមន៍​ពី​សម្ដេច សូមសម្ដេចឱ្យកូនសម្ដេចសងលុយ​ជន​រងគ្រោះវិញ​ដោ​យក្ដីអនុគ្រោះបំផុត»

នៅថ្ងៃទី៧ ខែ​តុលា ឆ្នាំ២០២១ ទំព័រ Facebook ដដែល បានសរសេរសារផ្ញើទៅឧបនាយករដ្ឋមន្រ្តី និង​ជាប្រធានអាជ្ញាធរជា​តិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក កែ​ គឹមយ៉ាន ដោយស្នើឱ្យលោកជំរុញឱ្យកូនៗរបស់លោក​ចេ​​​ញមុខដោះស្រាយបញ្ហាសំ​ណងជាមួយពួកគេ។

ប្រភពដដែល​សរសេរបន្ថែមថា៖ «មិនមែនក្រុមហ៊ុនមានបញ្ហាលាក់​មុខ​លាក់​មាត់ លុប​ខំមិន បិទ​ខំមិន ប្លុក​ជន​រងគ្រោះនោះទេ​។ វាអាចធ្វើឱ្យសំណុំរឿងក្រុមហ៊ុន GFX មិនត្រឹមតែមិនបានដោះស្រាយ ហើយនាំឱ្យប៉ះពាល់កេរ្តិ៍ឈ្មោះខ្លួនឯងនិងក្រុមគ្រួ​សារ ជាពិសេសខូចខាតកិត្តិនាមថ្នាក់ដឹកនាំទៀតផង»

នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ ក្រុមអតិថិជនរងគ្រោះបានបង្ហោះសារស្នើឱ្យម្ចាស់ក្រុមហ៊ុន GFX ត្រូវមាន​ទំនួលខុសត្រូវដោះស្រាយសំណងដល់ពួកគេ ដោយពួកគេថា ដើម្បីកុំឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់​ខ្លួននិងថ្នាក់ដឹកនាំកំពូលៗរបស់ប្រទេស។

ពួកគេថ្លែងបន្ថែមថា៖ «ដរាបណាក្រុមហ៊ុន GFX មិនចេញមុខដោះស្រាយ ជនរងគ្រោះនៅតែបន្តទាមទារបំណុលនេះមិនអា​ក់ខានឡើយ»។

តំណាងអតិថិជនរងគ្រោះមួយរូប គឺលោក ធូ ពន្លឺ ប្រាប់​ វីអូឌី​ នៅថ្ងៃអង្គារនេះ​ថា ពួកគេកំពុងរង់ចាំដំណោះស្រាយតាមនី​​តិវិធីពីនិយ័តករមូលបត្រកម្ពុជា ខណៈក្រុមហ៊ុន GFX កំណត់ឱសានវាទក្នុងការទូទាត់សំណង៣០ភាគរយនៃប្រាក់ដើម ស​ម្រាប់អតិថិជ​ននៅចុងខែតុលានេះ។

លោកថា ការប្រើបណ្ដាញសង្គម Facebook គឺ​ដើម្បីបន្តស្វែងរកអន្តរាគមន៍ ការ​សម្របសម្រួល និងទាម​ទារឱ្យមានការទទួ​ល​​​​ខុ​សត្រូវផ្ដល់សំណងពីក្រុមហ៊ុន។

លោក ធូ ពន្លឺ ថ្លែងថា៖​ «និយាយទៅ អត់ដឹងធ្វើតាមណាដែរបង មានតែ​ Facebook ហ្នឹង! ហើយយើងនៅតែធ្វើ គ្រាន់តែយើង​ចង់ប​ញ្ជាក់ថាយើងជនរងគ្រោះ នៅតែមាន»

លោកបន្ថែមថា៖ «យើងគ្រាន់តែចង់ឱ្យរឿងហ្នឹងឆាប់ចប់ ហើយយើងក៏មិនចង់ឱ្យច​ង់ឈ្នះចង់ចាញ់នរណាដែរ យើងគ្រាន់តែចង់បានលុយយើងមកវិញ»

ដោយមានការ​ចូល​ទៅសរសេរមតិនៅក្នុងទំព័រ​ហ្វេស​ប៊ុករបស់​លោកឧបនាយករដ្ឋមន្ត្រី ស ខេង ជាបន្តបន្ទាប់ពីសំណាក់​អតិថិជនរងគ្រោះនោះ ក្រុមការងារហ្វេស​ប៊ុករបស់​លោកឧបនាយករដ្ឋមន្រ្តី ស ខេង បាន​ឆ្លើយតបទៅនឹងម្ចាស់គណនីឈ្មោះ Sonary Chhun នៅថ្ងៃទី១១ ខែតុលា ដោយណែនាំថា៖

«សូមស្នើម្ចាស់គណនីដោះស្រាយបញ្ហានេះជាមួយក្រុមហ៊ុន GFX INVESTMENT CO., Ltd. ផ្ទាល់ ឬសមត្ថកិច្ចដែលមានចែងក្នុងកិច្ចសន្យារបស់ខ្លួន»។ 

វីអូឌី មិនអាចសុំការបញ្ជាក់បន្ថែមពីតំណាងក្រុមហ៊ុន លោក ប៊ុន គីរីរិទ្ធ បានទេ នៅថ្ងៃនេះ។

កាលពីពាក់កណ្ដាលខែកញ្ញា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានណែនាំដល់អតិថិជនរងគ្រោះដោយការបាត់លុយវិនិយោ​គនៅក្រុមហ៊ុន GFX ឱ្យដាក់ពាក្យបណ្ដឹងទៅតុលាការ ប្រសិនបើពួកគេអស់លទ្ធភាពក្នុងការស្វែងរកការសម្របសម្រួលណាមួយបាន។ 

ការណែនាំនេះធ្វើឡើងបន្ទាប់ពីពួកគេមួយចំនួនបានស្នើសុំអន្តរាគមន៍ពីលោក តាមទំព័រ Facebook ជាបន្តបន្ទាប់ និងតាមរយៈការប្រមូលផ្តុំគ្នាដើរហែក្បួនដាក់ញត្តិនៅគេហដ្ឋានលោកនាក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីពាក់កណ្ដាលខែសីហា ប​ន្ទាប់ពីជំនួយការផ្ទាល់របស់លោក គឺលោក ដួង តារា មិនអាចជួយសម្របសម្រួលរកដំណោះស្រាយរួមមួយជាមួយក្រុមហ៊ុ​ន​បាន​។   

តាមការចុះផ្សាយលើគេហទំព័រក្រុមហ៊ុន GFX បានឱ្យដឹងថា ក្រុមហ៊ុនវិនិយោគរូបិយវត្ថុតាមប្រព័ន្ធ Forex មួ​យ​នេះ មានប្រ​ធានក្រុមហ៊ុនឈ្មោះ កែ សួនសុភី ត្រូវជាកូនស្រីលោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និងជាភរិយាលោក ស សុ​ខា ដែលត្រូវជាកូនប្រុសលោកឧបនាយករដ្ឋមន្រ្តី ស ខេង និងមាននាយកគ្រប់គ្រងឈ្មោះ ស ចាន់ណែត ត្រូវជាក្មួយស្រី​លោកឧ​បនាយករដ្ឋមន្រ្តី ស ខេង និងជាភរិយាលោក លី សុភ័ក្ត អនុប្រធាននាយកប្រតិបត្តិក្រុមហ៊ុន លី ហួរ គ្រុប។

កាលពីចុងខែមីនា ឆ្នាំ២០២១ គណនីរបស់អតិថិជនដែលបានដាក់លុយវិនិយោគលើការជួញដូរតាមប្រព័ន្ធ Forex របស់ក្រុមហ៊ុន GFX ទាំងអស់ ត្រូវបានបាត់ ដោយក្រុមហ៊ុនថា បញ្ហានេះបង្កឡើងដោយគណៈគ្រប់គ្រងរបស់ក្រុមហ៊ុនដែលជាជនប​រទេ​សចំ​នួន៣នាក់ ហើយស្នើឱ្យអតិថិជនទាំងអស់ចូលរួមដាក់ពាក្យបណ្ដឹងជាមួយក្រុមហ៊ុន ដើម្បីតាមស្វែងរកជនបង្កមកដោះ​ស្រាយតាម​នីតិវិធីច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ