សហជីព​ថា​ការ​មិន​ផ្ដល់​សេវា​របស់​ ប.ស.ស​ ជូន​កម្មករ​ដែល​មិន​មាន​បណ្ណ​ចាក់​វ៉ាក់សាំង​កូវីដ-១៩​ បង្ហាញ​ពី​ការ​រើសអើង​

កម្មការិនីម្នាក់មកទទួលការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ ជូនដល់កម្មករ-កម្មការិនីរោងចក្រ នៅសួនឧស្សាហកម្មកាណាឌីយ៉ា រាជធានីភ្នំពេញ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

ថ្នាក់ដឹកនាំ​សហជីពមួយចំនួនបានលើកឡើងថា ចំពោះករណីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ប្រកាសថា ​កម្មករដែលមិនមានបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ មិនអាចទទួលសេវាពី ប.ស.ស បាននោះ គឺស្ថិត​ក្រោម​រូបភាពនៃការគំរាមកំហែងនិងរើសអើង។

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) កាលពីថ្ងៃទី១០ ខែតុលា កន្លងមកនេះ បានបង្ហោះនៅលើទំព័រ​ហ្វេស​ប៊ុក​ ដោយប្រាប់កម្មករនិយោជិត ម្ចាស់​សហគ្រាស និងសាធារណជន ថាអ្នកមកទទួលសេវានៅគ្រប់ទីស្នាក់ការ ប.ស.ស ទូទាំងរាជធានី-ខេត្ត ខណ្ឌទាំងអស់ ត្រូវបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ឬបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឬលិខិតបញ្ជាក់ការ​ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងថាក្នុងករណីមិនមានបណ្ណចាក់វ៉ាក់សាំង​នោះ ប.ស.ស មិនផ្ដល់សេវាជូននោះទេ។

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) សរសេរថា៖ «ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រាល់ពេលលោក-លោកស្រីមកទទួលសេវានៅគ្រប់ទីស្នាក់ការ ប.ស.ស ទូទាំងរាជធានី-ខេត្ត-ខណ្ឌទាំងអស់ ត្រូវបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ឬបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងករណីមិនមានបណ្ណចាក់វ៉ាក់សាំងនោះ ប.ស.ស មិនផ្ដល់សេវាជូននោះទេ»។

សេចក្ដីប្រកាសខាងលើនេះ ប.ស.ស បានយោងតាមសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ចេញផ្សាយកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ ស្ដីពីការបង្ហាញ​បណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ឬបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រាល់ពេលចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មនានាក្នុងរាជធានីភ្នំពេញ។ ​

ប្រធាន​សហព័ន្ធ​សហជីពកម្ពុជា ​អ្នកស្រី ​យ៉ាង សោភ័ណ្ឌ ថ្លែងនៅថ្ងៃចន្ទនេះថា ការប្រកាសរបស់ ប.ស.ស យ៉ាងដូច្នេះ គឺជារឿងមិនត្រឹមត្រូវទេ ដោយថា ជាទូទៅ កម្មករបានបង់ថវិកាកាតព្វកិច្ច ប.ស.ស ទៅឱ្យស្ថាប័ន ប.ស.ស រួចហើយ។ អ្នកស្រីថា ករណីកម្មករមិនបានចាក់វ៉ាក់សាំងអាចដោយសារកម្មករមួយចំនួន​មានបញ្ហាសុខភាពនៅអំឡុងពេលចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ឬមានមាតុភាព ឬមានផ្ទៃពោះ ជាដើម។

​អ្នកស្រី ​យ៉ាង សោភ័ណ្ឌ បន្តថា៖ «តាមពិត ប.ស.ស អត់មានតម្រូវបែបអ៊ីចឹងទេ! […] មានការប្រកាសមួយថា “ហ្អកបងប្អូន [កម្មករ] ណាដែលមិនទាន់បានចាក់វ៉ាក់សាំង សូមរូតរះមកចាក់!” អាហ្នឹងបានហៅថាជាដំណោះស្រាយ។ ហើយបើសិនណាយើងយកការប្រកាសប្រាប់ថា អ្នកណាដែលមិនមានកាតចាក់វ៉ាក់សាំងទេ ប.ស.ស មិនទទួលនៅក្នុងការព្យាបាលអីផ្សេងៗ ខ្ញុំគិតថា វាមិនមែនជាដំណោះស្រាយទេ វាមើលទៅហាក់ដូចជា​ការគំរាមកំហែងទៅដល់បងប្អូនកម្មករទៅវិញ។ ហើយវាបង្ហាញសញ្ញាណអាក្រក់មើលសម្រាប់ស្ថានភាពនៃប្រទេសរបស់យើង ដែលប្រទេសយើងបង្ហាញថាជារបបលទ្ធិប្រជាធិបតេយ្យ មានការគោរពសិទ្ធិមនុស្សអីផ្សេងៗ តែរូបភាពដែលមើលទៅហាក់ដូចជាថាអាចមានការរើសអើងចំពោះពលរដ្ឋ ចំពោះកម្មករទៅវិញ»។

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ លើកឡើងថា ជាគោលការណ៍សម្រាប់សមាជិក ប.ស.ស ត្រូវតែទទួលបានការព្យាបាលជំងឺទូទៅ និងការព្យាបាលផ្សេងៗដូចជាគ្រោះថ្នាក់ការងារជាដើម។ យ៉ាងណា លោកថា ការតម្រូវឱ្យមានបណ្ណចាក់វ៉ាក់សាំងទើបអាចប្រើសេវា ប.ស.ស បានគឺជារឿងមិនត្រឹមត្រូវ ពោលធ្វើឱ្យអ្នកបំពេញកាតព្វកិច្ចក្នុងនាមអ្នកផ្ដល់សេវាមានបញ្ហា។

លោក អាត់ ធន់ បន្តថា៖ «ការលើកឡើងរបស់រដ្ឋាភិបាលថា ការចាក់វ៉ាក់សាំងជាកាតព្វកិច្ចមែន ប៉ុន្តែសម្រាប់តែមន្ត្រីរាជការទេ ខាងឯកជនគឺមិនបានលើកឡើងទេ នោះគឺជាការស្ម័គ្រចិត្ត។ ហើយការដែលធ្វើបែបនេះ គឺវាប៉ះពាល់ដល់អ្នកខ្លះគាត់មានបញ្ហាជំងឺផ្សេងៗហ្នឹង។ ប៉ុន្តែប្រសិនបើមានការបញ្ជាក់ឱ្យច្បាស់ថា បើគាត់មានបញ្ហាសុខភាពមិនអាចចាក់វ៉ាក់សាំងបាន ជាកម្មវត្ថុនៃការលើកលែង អាហ្នឹងដូចជាមិនមានបញ្ហាអីទេ។ ប៉ុន្តែជាទូទៅ ខ្ញុំមិនឯកភាពចំពោះការមិនផ្ដល់សេវាព្យាបាលដែលបណ្ដាលមកពីការមិនបានចាក់វ៉ាក់សាំងទេ»។

អគ្គនាយករង ប.ស.ស លោក ហេង សុផាន់ណារិទ្ធ ប្រាប់ វីអូឌី នៅថ្ងៃទី១១ ខែតុលា ថាការបង្ហោះ​របស់ ប.ស.ស ដែលថា ក្នុងករណីមិនមានបណ្ណចាក់វ៉ាក់សាំង ប.ស.ស មិនផ្ដល់សេវាជូននោះ គឺសំដៅលើការធ្វើបណ្ណសមាជិកថ្មី ហើយថាមិនបានផ្ដោតលើការរកសេវានៅតាមមូលដ្ឋានរបស់​កម្មករនោះទេ។

លោក ហេង សុផាន់ណារិទ្ធ មានប្រសាសន៍ថា៖ «[កម្មករនិយោជិតដែលមកទទួលសេវានៅគ្រប់ទីស្នាក់ការ ប.ស.ស ត្រូវបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ ក្នុងករណីមិនមានបណ្ណចាក់វ៉ាក់សាំងនោះ ប.ស.ស មិនផ្តល់សេវាជូននោះទេ] ករណីនេះ យើងសំដៅលើការមកធ្វើបណ្ណ ប.ស.ស ថ្មីប៉ុណ្ណោះ»។

លោកបន្តថា៖ «អ្វីដែលយើងចេញសារាចរណែនាំនេះ គឺយើងយោងទៅតាមសារាចររបស់សាលាក្រុង ហើយយើងអនុវត្តចំពោះតែបងប្អូនកម្មករដែលគាត់មកធ្វើបណ្ណ ប.ស.ស ថ្មីតែប៉ុណ្ណោះ។ អ៊ីចឹងនៅពេល​ដែលគាត់មកធ្វើបណ្ណ ប.ស.ស ថ្មី គាត់ត្រូវតែមានកាតចាក់វ៉ាក់សាំង​ដូចសេចក្ដីជូនដំណឹង​របស់​យើង​អ៊ីចឹង។ រីឯទៅប្រើប្រាស់សេវានៅតាមមូលដ្ឋានសុខាភិបាល គឺយើងនៅតែអនុញ្ញាត​អ៊ីចឹង។ ប្រសិនបើខាង​មូលដ្ឋាន​សុខាភិបាលនោះគេអនុញ្ញាតដែរ តែបើសិនគេគោរពតាមសារាចរណែនាំនេះ [របស់សាលា​ក្រុង] គឺពួកគាត់ [កម្មករ] នៅតែអត់មានសិទ្ធិទៅប្រើសេវាហ្នឹង [សេវានៅតាមមូលដ្ឋាន] ដដែល អ៊ីចឹងកុំឱ្យយល់ច្រឡំថា​ស្អីៗមកពី ប.ស.ស»។

កម្មការិនីធ្វើការនៅរោងចក្រមួយនៅតំបន់ព្រៃទា រាជធានីភ្នំពេញ កញ្ញា ច្រឹក ដាវី និយាយថា កញ្ញាបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ តាមគោលការណ៍របស់រោងចក្រនិងរដ្ឋាភិបាលរួចហើយ។ កញ្ញាបន្តថា បើមិនបានចាក់វ៉ាក់សាំងទេ នោះថៅកែមិនអនុញ្ញាតឱ្យចូលធ្វើការឡើយ។

យ៉ាងណា កញ្ញាថា បើ ប.ស.ស មិនឱ្យប្រើសេវាក្នុងករណីមិនបានចាក់វ៉ាក់សាំង​ វាគឺជាបញ្ហាដែលប៉ះពាល់ដល់ក្ដីរំពឹង ខណៈកម្មករបានចំណាយលើថវិកាកាតព្វកិច្ចរួចហើយ តែបែរជាមិនអាចប្រើសេវានោះបាន។

កញ្ញាថា៖ «អាហ្នឹងបែបវិធានការរបស់គេ តែបើខ្ញុំៗយល់ថា វាអត់ត្រូវ! វាអាចប៉ះពាល់ទៅដល់ក្ដីរំពឹងទៅដល់ការប្រើប្រាស់សេវាហ្នឹង។ កម្មករចំណាយថវិកាវិភាគទានហ្នឹងហើយ បែរជាគេមិនឱ្យប្រើវា ប៉ះពាល់ដល់ផ្លូវអារម្មណ៍ ហើយប៉ះពាល់ដល់សេដ្ឋកិច្ចដែរ»។

ចំណែកបុគ្គលិកគាំទ្រកម្មវិធីសមាគមមណ្ឌលព័ត៌មានកម្មករ កញ្ញា សុត ផង ថាករណីប្រកាសរបស់ ប.ស.ស នេះ អាចនឹងធ្វើឱ្យមានផលប៉ះពាល់ដល់ផ្លូវចិត្តដែលកើតចេញពីការរើសអើង។

កញ្ញាបន្តថា៖ «បើសូម្បីតែ ប.ស.ស អត់អាចប្រើប្រាស់បានផង យើងស្រមៃទៅលើរូបភាពថាតើកម្មករហ្នឹងគាត់អាចទៅប្រើប្រាស់សេវាឯកជនដោយរបៀបណា? ហើយឯកជនប្រាកដអត់ថាមិនបានរើសអើងគាត់ [កម្មករដែលមិនមានកាតចាក់វ៉ាក់សាំង]?»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ