អាជ្ញាធរ​ប្រកាស​ឱ្យ​ពលរដ្ឋ​ជាង​៨០០​គ្រួសារ​ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ញូញៀន ទៅ​ចាប់​ឆ្នោត​យក​ដី​ឡូត៍

ពលរដ្ឋមកពីស្រុកបទុមសាគរ ខេត្តកោះកុង ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន ញូញៀន (UDG) មកតវ៉ានៅមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីតវ៉ាសុំដំណោះស្រាយ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។ (ហ៊ី ឆាយ)

អាជ្ញាធរខេត្តកោះកុង ប្រកាសឱ្យប្រជាពលរដ្ឋជាង៨០០គ្រួសារដែលកំពុងមានវិវាទដីធ្លីជាមួយក្រុមហ៊ុន ញូញៀន (Union Development Group ឬ UDG​) ទៅចាប់ឆ្នោតយកដីឡូត៍ ខណៈពលរដ្ឋមួយចំនួនទៀតមិនព្រមទទួលយកការដោះស្រាយនេះ។

កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តកោះកុង បានប្រកាសអំពីដំណើរការដោះស្រាយវិវាទ​ដីធ្លីជូនពលរដ្ឋចំនួន៣ប្រភេទ មានប្រមាណ១ ៣៣៣គ្រួសារ ដែលកំពុងរងផលប៉ះ​ពាល់​​ពីគម្រោងអភិវឌ្ឍន៍​​រប​ស់ក្រុមហ៊ុន ញូញៀន ស្ថិតនៅស្រុកបទុមសាគរ និងស្រុកគិរីសាគរ។ នៅថ្ងៃទី១២ ខែតុលានេះ រដ្ឋបាលខេត្ត​បានប្រកាសឱ្យប្រជាពលរដ្ឋប្រភេទ​ទី៣ ប្រមាណ៨៣១គ្រួសារ ឱ្យ​ទៅចាប់​ឆ្នោតយក​ដី​ឡូត៍ ខណៈប្រជាពលរដ្ឋប្រភេទ​ទី១ និងប្រភេទទី២​ នឹងជូនដំណឹងពេលក្រោយទៀត។

រដ្ឋបាលខេត្តបញ្ជាក់ថា ប្រជាពលរដ្ឋប្រភេទទី១ ជាប្រជាពលរដ្ឋរស់នៅក្នុងទីតាំងវិនិយោគរបស់ក្រុមហ៊ុន មាន​ចំនួន២៤៧គ្រួសារ ខណៈប្រជាពលរដ្ឋប្រភេទទី២ ជា​ប្រជាពលរដ្ឋរស់នៅខុសមូលដ្ឋានឬ​ខុស​ភូមិ​ឃុំ មានចំនួន២៥៥គ្រួសារ និងប្រភេទទី៣ ជាប្រជាពលរដ្ឋស្នើសុំគោលនយោបាយបន្ថែម ចំនួន៨៣១គ្រួសារ។

បើតាមរដ្ឋបាលខេត្តនេះ ប្រជាពលរដ្ឋប្រភេទទី៣​ ជាអ្នករស់​នៅឃុំកោះស្ដេច និងឃុំភ្ញីមាស ត្រូវទៅចាប់ឆ្នោតនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ចាប់ពីម៉ោង៨កន្លះព្រឹក នៅទីតាំងដីឡូត៍ ស្ថិតនៅភូមិទួលពោធិ៍ ឃុំតានូន ស្រុកបទុមសាគរ ខណៈពលរដ្ឋនៅឃុំតានូនចាប់ឆ្នោតនៅថ្ងៃទី១៥ ខែតុលា ចាប់ពីម៉ោង៨កន្លះ និងនៅទីតាំងឃុំតានូនដូចគ្នា។

ករណីអាជ្ញាធរខេត្តកោះកុងបើក​ដំណើរការដោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន ញូញៀន នេះ គឺមានពលរដ្ឋមួយចំនួន​ ជាពិសេសប្រជាពលរដ្ឋដែលមានវិវាទ​ប្រភេទ​លេខ១ និងប្រភេទលេខ២ បានបដិសេធមិនទទួលយកការដោះស្រាយនេះទេ ដោយថា ការដោះស្រាយនោះមិនមានតម្លាភាព។

លោក សម ធី រស់នៅឃុំតានូន​ បានបង្ហាញការខកចិត្តចំពោះអាជ្ញាធរដែលចាត់លោក​ចូលក្រុមពលរដ្ឋប្រភេទ​ទី៣ ខណៈលោកបានប៉ះពាល់ដីទំហំ៩ហិកតា ប៉ុន្តែអាជ្ញាធរដោះស្រាយដោយផ្ដល់ដីត្រឹមតែ១ហិក​តា និងថវិកាជាង៤០០ដុល្លារ។

ពលរដ្ឋរូបនេះបន្តថា លោកមិនអាចទទួលយកការដោះស្រាយនេះបានទេ ហើយថា លោកនឹងជួបចរចាជាមួយ​ក្រុមការងារដោះស្រាយនេះម្តងទៀត ដើម្បីទទួលបានសំណងសមរម្យជាងនេះ។

លោកបន្ថែមថា៖ «ខ្ញុំម៉េច​ព្រមទទួលយក​ បើខ្ញុំមានឯកសារគ្រប់គ្រាន់ បើខ្ញុំអត់មានឯកសារដូចពួកគេអ្នកទទួល​យកទាំងអស់ហ្នឹង ខ្ញុំព្រមព្រៀងយកហើយ។ អ្នកទទួលយកនោះ គេមិនដែលតវ៉ាទាមទារផង ឱ្យគេ១ហិកតាដែរ។ ដល់ពេលខ្ញុំទាមទាររយៈពេល១៣ឆ្នាំហើយ ឱ្យខ្ញុំ១ហិកតាដែរ។ បើខ្ញុំចេះយក ខ្ញុំយកយូរហើយ ខ្ញុំមើលវា​អយុត្តិធម៌សម្រាប់អ្នកដែលបានតវ៉ាណាស់។ នៅថ្ងៃទី១៤ តុលានេះ ខ្ញុំជួបជាមួយលោក ទេព ធន ជជែកគ្នារឿងដីដែលខ្ញុំសល់ហ្នឹង ប្រសិនបើគាត់អត់មានការឆ្លើយតបរបៀបណា ខ្ញុំនឹងមាននីតិវិធីខ្ញុំធ្វើអ្វីបន្តទៀត»

អ្នកស្រី សាំង ពុយ ជាប្រជាពលរដ្ឋរស់​នៅឃុំកោះស្ដេច ស្រុកគិរីសាគរ បានឱ្យដឹងថា គ្រួសារអ្នកស្រីមានដីទំហំ៨ហិកតា ខណៈ​ម្ដាយ​អ្នកស្រីមា​នដីទំហំ១២ហិកតា ដែលបានរងផលប៉ះពាល់ដោយគម្រោងក្រុមហ៊ុន ញូញៀន។ អ្នកស្រីថា គ្រួសារអ្នកស្រីជាប្រភេទប្រជាពលរដ្ឋលេខទី២។ អ្នកស្រីបន្តថា ជុំវិញដំណើរការដោះស្រាយផលប៉ះពាល់ដីធ្លីនេះ គឺរហូតមកដល់​ពេលនេះ អាជ្ញាធរមិនទាន់បានទាក់ទង​អ្នកស្រី ដើម្បីសួរនាំនៅឡើយទេ។

ពលរដ្ឋរូបនេះបន្ថែមថា ដំណោះស្រាយដែលពួកគាត់ចង់បាន គឺសុំផ្ដល់សំណងទៅតាមទំហំដីប៉ះពាល់ជាក់​ស្តែង​ ដោយ​សារដីរបស់អ្នកស្រីមានបណ្ណកម្មសិទ្ធិស្របច្បាប់។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំធ្លាប់បានសំណូមពរច្រើនលើកច្រើនសារហើយ​ ឱ្យដោះស្រាយតាមទំហំដីជាក់ស្តែង តាមស្ថានភាព តាមភូមិសាស្ត្រ តាមការកាន់កាប់។ ហើយមួយទៀត ការដោះស្រាយនេះអត់មានការជួបប្រជុំឬពិភាក្សាជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ផ្ទាល់ទេ គឺមកដល់គាត់ប្រកាសអ៊ីចឹង​តែម្តង អត់មានជួប​ជុំឬបង្ហាញដីដែលត្រូវដោះដូរហ្នឹងទេ»

អ្នកស្រី ព្រាប រដ្ឋា នៅឃុំព្រែកខ្សាច់ ដែលមានដីលំនៅឋាននិងចម្ការត្រឹមតែជាង៦០អា និយាយថា អ្នកស្រីមិនព្រមចាកចេញពីភូមិចាស់ដែលកំពុងរស់នៅបច្ចុប្បន្ននេះទេ ដោយសារបារម្ភខ្លាចជួបការលំបាកនិងបាត់បង់​មុខរបរ ខណៈប្រជាពលរដ្ឋមួយចំនួនដែលទទួលបានការដោះស្រាយនាពេលកន្លងមក បានជួបការលំបាកដោយបាត់បង់មុខរបរនិងធ្លាក់ចុះនូវជីវភាព ហើយពួកគេបានត្រលប់មកប្រកបរបរកស៊ីនៅភូមិចាស់វិញ។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំអត់ព្រម ដោយសារខ្ញុំស្រឡាញ់ទីតាំងរបស់ខ្ញុំ ខ្ញុំចង់រកអ្វីក៏បាន។ មួយទៀត ខ្ញុំឃើញគំរូចាស់របស់អ្នកភូមិនៅឃុំភ្ញីមាស ដែលគាត់ទៅហើយ ហើយគាត់បានត្រលប់មករកស៊ីកន្លែងចាស់វិញ ដែលពីមុនពួកគាត់ក៏គេឱ្យដី២ហិកតានិងលុយខ្លះអ៊ីចឹង​ដែរ ហើយគេធ្វើទាំងផ្ទះឱ្យនៅទៀត។ ប៉ុន្តែនៅតែមាន​ពលរដ្ឋខ្លះមករកស៊ីកន្លែងចាស់ទៀត ហើយជីវភាពរបស់ពួកគាត់ធ្លាក់ខ្លាំងមែនទែន»

អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាល​ខេត្តកោះកុង លោក សុខ សុទ្ធី មានប្រសាសន៍ថា សម្រាប់​ប្រជាពលរដ្ឋប្រភេទទី​១និងទី២ អាជ្ញាធរនឹងដោះស្រាយនៅពេលក្រោយបន្តបន្ទាប់ទៀត។

លោក​បន្តថា ចំពោះពលរដ្ឋណាមិនពេញចិត្តនិងមិនទទួលយកសំណង​នៃការដោះស្រាយនេះ ជារឿងរបស់ពួកគេ ពីព្រោះការដោះស្រាយនេះជា​គោលនយោបាយរបស់រដ្ឋាភិបាល។

លោកបន្ថែមថា៖ «វាជាធម្មតាទេ អ្នកថាមិនចង់បាន ចេះតែថាមិនចង់បានទៅ។ តែការដោះស្រាយនេះ ជាគោលនយោបាយរបស់ដ្ឋាភិបាល»

មន្រ្តីសម្របសម្រួលអង្គការការពារ​សិទ្ធិ​មនុស្ស​លីកាដូប្រចាំខេត្តកោះកុង លោក ហ៊ួរ អ៊ីន មានប្រសាសន៍ថា ការដោះស្រាយនេះ អាជ្ញាធរបានកំណត់ទៅលើអាទិភាព​ចំនួន៣ ដោយអាទិភាពទី១ ទទួលបានដី​៣ហិកតា​កន្លះ​ និងលុយជាង៩ ០០០ដុល្លារ, ​ទី២ ទទួលបាន២ហិកតា និងទី៣ អ្នកដែលទទួលបានសំណងហើយ គឺទទួលបានដី១ហិកតា។

មន្ត្រីសិទ្ធិមនុស្សរូបនេះបន្តថា ការកំណត់លក្ខខណ្ឌឱ្យពលរដ្ឋទទួលបានសំណងដូចៗគ្នាបែបនេះ ខណៈពលរដ្ឋខ្លះមានដីក្នុងទំហំដ៏ច្រើននោះ គឺ​មិនមានតម្លាភាពឡើយ ហើយថា ពលរដ្ឋភាគច្រើន នឹងមិនទទួលយកការដោះស្រាយបែបនេះ​ឡើយ។ លោកបានស្នើដល់អាជ្ញាធរពាក់ព័ន្ធពិចារណាក្នុ​ងការដោះស្រាយជូនពលរដ្ឋឡើងវិញ ដោយជួបពិភាក្សាជាមួយក្រុមហ៊ុននិងប្រជាពលរដ្ឋ ធ្វើការដោះស្រាយទៅតាមទំហំដីជាក់ស្តែងរបស់ប្រជាពលរដ្ឋនីមួយៗ។

របាយ​កា​រ​ណ៍​និង​ការវិភាគ​ផ្លូវច្បាប់​របស់​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ (CLEC​) ឆ្នាំ២០១២​ ​រក​​ឃើញ​ថា​ គម្រោង​ផ្ដល់​ដីសម្បទាន​សេដ្ឋកិច្ច​ទៅ​ឱ្យ​ក្រុមហ៊ុន​ចិននេះ បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋចំនួន​១​ ១៤៣គ្រួសារ ​ត្រូវ​បង្ខំ​ឱ្យ​បោះបង់ចោល​ដីធ្លី​ប្រមាណ​ជាង១ម៉ឺន​ហិ​កតា​ និង​ផ្ទះ១ ៥០០ខ្នង​ត្រូវ​បង្ខំ​ឱ្យ​រុះរើ​និង​​ឈូស​ឆាយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ