លោក​ កឹម​ សុខា​ រំពឹងថា​អូស្ត្រាលី​នឹង​បន្ត​ជួយ​ពលរដ្ឋ​កម្ពុជា​ស្រប​តាម​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស

លោក កឹម សុខា ជួបទទួលទានអាហារ និងពិភាក្សាការងារជាមួយលោក Pablo Kang ឯកអគ្គរាជទូតនៃប្រទេសអូស្ត្រាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅនិវាសដ្ឋានរបស់ទូតអូស្ត្រាលី នារាជធានីភ្នំពេញ ព្រឹកថ្ងៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Kem Sokha)

លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ រំពឹងថា ប្រទេសអូស្ត្រាលីនឹងបន្តជួយ​ដល់ប្រ​ជាពលរដ្ឋកម្ពុជា​ឱ្យទទួលបាននូវអ្វីដែលស្របតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញរបស់ខ្លួន។

ការលើកឡើងរបស់លោក កឹម សុខា បានធ្វើឡើងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក​របស់​លោក​ បន្ទាប់ពី​លោក​បាន​ទទួល​ទាន​អាហារ​ពេល​ព្រឹក និងពិភាក្សាការងារជាមួយឯកអគ្គរាជទូតនៃប្រទេសអូស្ត្រាលីប្រចាំនៅកម្ពុជា លោក Pablo Kang នៅនិវាសដ្ឋានរបស់ទូតអូស្ត្រាលី​ក្នុង​រាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែតុលានេះ។

លោក កឹម សុខា បានសរសេរថា អូស្ត្រាលី គឺជាប្រទេសប្រជាធិបតេយ្យសេរីពហុបក្សជឿនលឿនដ៏ធំមួយ ស្ថិតនៅមិនឆ្ងាយពីប្រទេសកម្ពុជាក្នុងតំបន់អាស៊ីនេះ ជាពិសេស ​អូស្ត្រាលីជាប្រទេសដែលចូលរួមយ៉ាងសកម្មក្នុងការជួយដល់កម្ពុជា ក្នុងការបង្កើតនិងអនុវត្តនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១។

លោក កឹម សុខា សង្ឃឹមថា ប្រទេសដែលប្រកាន់យកនូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សមួយនេះ នៅតែចង់ឃើញនិងជួយដល់ប្រជាពលរដ្ឋកម្ពុជាឱ្យ​​​ទទួលបាននូវអ្វីដែលស្របតាមស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក៏ដូចជារដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

សូមជម្រាបជូនថា ឆ្នាំ២០២១​នេះ គឺជាខួបលើកទី៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ហើយក្នុងនោះ ប្រទេសអូស្ត្រាលីគឺជាប្រទេសហត្ថលេខីមួយក្នុងចំណោមប្រទេសហត្ថលេខីចំនួន១៨ ដែលបានចុះហត្ថលេខានាំមកនូវសន្តិភាពជូនកម្ពុជាវិញ តាមរយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ