ម្ដាយ​ កាក់​ សុវណ្ណច័្ឆយ​ ខកចិត្ត​ដែល​តុលាការ​លើក​ពេល​ប្រកាល​សាលក្រម​ដោយ​មិន​កំណត់

អ្នកស្រី ព្រំ ចាន់ថា ត្រូវជាភរិយាលោក កាក់ កុម្ភារ អតីតសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញបក្សប្រឆាំង និងត្រូវជាម្ដាយកុមារ កាក់ សុវណ្ណច្ឆ័យ តវ៉ានៅបរិវេណសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

ម្ដាយ​កុមារា កាក់ សុវណ្ណច័្ឆយ បង្ហាញការសោកស្ដាយ ដែលចៅក្រមសាលាដំបូងរាជធានីភ្នំពេញ​ លើកពេលប្រកាសសាលក្រមកូនប្រុសទៅថ្ងៃក្រោយវិញនិងដោយមិនកំណត់ ក្រោម​ហេតុផល​ចៅក្រមជាប់រវល់​ប្រជុំ។

ម្ដាយកុមារា កាក់ សុវណ្ណច័្ឆយ គឺ​អ្នកស្រី ព្រំ ចាន់ថា បានចាត់ទុកការប្រកាសលើកពេលរបស់តុលាការក្រុងភ្នំពេញ នៅថ្ងៃនេះថា ធ្វើឱ្យអ្នកស្រីបាក់ទឹកចិត្ត និងចាត់ទុកជាការគំរាមកំហែងបំបាក់ស្មារតីគ្រួសាររបស់​អ្នកស្រី ខណៈស្វាមីរបស់អ្នកស្រី គឺលោក កាក់ កុម្ភារ ដែលជាអតីត​សកម្ម​​ជន​​បក្សប្រឆាំង ​ក៏កំពុងជាប់ពន្ធនាគារព្រៃសផងដែរ។

អ្នកស្រីថា៖ «សាលក្រមគេលើកទៀត ខ្ញុំមិនដឹងថាតុលាការមាននីតិវិធីយ៉ាងម៉េចទៀត ខ្ញុំអត់ដឹងទេ! ឥលូវខ្ញុំមានអារម្មណ៍សោកស្ដាយនិងខកចិត្តខ្លាំងណាស់ ដោយសារខ្ញុំគិតថា គេនឹងកាត់​តម្រឹម ដោះលែងកូនខ្ញុំនៅថ្ងៃនេះ ប៉ុន្តែឥលូវអវិជ្ជមានទៀតហើយ»

អ្នកស្រីបន្តថា កូនប្រុសរបស់អ្នកស្រីកំពុងមានជំងឺអូទីហ្សឹម ហើយអំឡុងពេលជាប់ឃុំនៅក្នុងពន្ធនាគារនោះ កូនរបស់អ្នកស្រីភ្លេចភ្លាំងច្រើន ដោយសារដេកមិនលក់ ហើយខ្លួនប្រាណចេញរមាស់ពេញខ្លួនថែមទៀតផង។

ការខកចិត្តនេះ ធ្វើឡើងក្រោយពេលចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការលើសំណុំរឿងកុមារា កាក់ សុវណ្ណច័្ឆយ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ដោយសម្រេចថានឹងប្រកាសសាលក្រមនៅរសៀលថ្ងៃទី១៣ ខែតុលានេះ។

វីអូឌី មិនអាចទាក់ទងសុំការបញ្ជាក់បន្ថែមពីលោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ​បានទេ នៅថ្ងៃពុធនេះ។

តែយ៉ាងណាក្ដី មេធាវីការពារក្ដីឱ្យកុមារា កាក់ សុវណ្ណច្ឆ័យ គឺលោក សំ សុគង់ មាន​ប្រសាសន៍​ថា​ តុលាការបានលើកពេលប្រកាសសាលក្រមកូនក្ដីរបស់លោកទៅថ្ងៃក្រោយ ដោយសារ​ចៅក្រមជាប់​​ប្រជុំ ហើយ​តុលាការ​ក៏​មិនបានកំណត់ពេលវេលាជាក់លាក់ថានឹងប្រកាសសាលក្រមជាថ្មីនៅថ្ងៃណានោះ​ទេ។

លោកថា៖ «វាប៉ះពាល់សិទ្ធិជនជាប់ចោទ នៅពេលដែលគាត់ត្រូវទទួលដំណឹងពីការសម្រេចផ្ដន្ទាទោសឬមិនផ្ដន្ទាទោសគាត់ក្រោយពេលសវនាការ។ ណាមួយកូនក្ដីខ្ញុំជាអនីតិជន ហើយ​គាត់មានជំងឺអូទីហ្សឹមផង ហើយការឃុំខ្លួនគាត់មានរយៈពេលជាង៤ខែហើយ។ អ៊ីចឹងតាមគោលការណ៍នៃក្រមនីតិវិធីព្រហ្មទណ្ឌ គឺការ​ឃុំខ្លួនអនីតិជនមិនឱ្យលើសពី៣ខែទេ»

នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព មានប្រសាសន៍ថា ការបន្តឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារ និងការពន្យារពេលប្រកាសសាលក្រម​នេះ បានធ្វើឱ្យប៉ះពាល់សិទ្ធិរបស់កុមារដែលមានចែងនៅក្នុងច្បាប់ជាតិនិងអន្តរជាតិ។

លោកស្រីថា៖ «យើងត្រូវធានាដល់ការ​​ការពារនូវឧត្ដមផលប្រយោជន៍សម្រាប់​​​កុមារផង ហើយ​​សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ផង។ អ៊ីចឹងការបន្តក្នុងការ​ពន្យារពេល ទាំងការដាក់ឱ្យស្ថិតនៅក្នុង​ការឃុំខ្លួនបណ្ដោះអាសន្ន​ និងការពន្យារពេលប្រកាសនូវសាលក្រមនេះ ដូចពាក្យស្លោកយើងហៅថា “​ការពន្យារពេល​នៃការផ្ដល់យុត្តិធម៌ គឺជារឿងអយុត្តិធម៌បាត់ហើយ”»​

កុមារា កាក់ សុវណ្ណច្ឆ័យ ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួនកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ក្រោមការ​ចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងបទ «ប្រមាថចំពោះ​អ្នករាជការសាធារណៈ» បន្ទាប់ពីកុមារអាយុក្រោម១៨ឆ្នាំរូបនេះបានបង្ហោះសាររិះគន់រដ្ឋាភិបាលតាមប្រព័ន្ធតេឡេក្រាម។

​កុមារ​ កាក់ សុវណ្ណច្ឆ័យ ធ្លាប់​​ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញចាប់ខ្លួនម្តងរួចមកហើយកាល​ពី​​ខែ​តុលា ​ឆ្នាំ២០២០ ពីបទ ​«ចូលទីស្នាក់ការអតីតគណបក្សសង្គ្រោះជាតិ» នៅសង្កាត់ចាក់អង្រែ​លើ រាជធានីភ្នំពេញ ដោយ​​បំពានលើបម្រាម​តុលាការ។ ប៉ុន្តែកុមារា​រូបនោះត្រូវ​​បានសមត្ថ​កិច្ច​​ដោះ​លែង​វិញ ក្រោយ​​សាកសួរ​អស់រយៈពេល៤៨ម៉ោង។

ក្រោយពីសមត្ថកិច្ចដោះលែងរួច ប៉ុន្មានខែក្រោយ​មក កុមារា​ កាក់ សុវណ្ណច្ឆ័យ ត្រូវបានជនមិន​ស្គាល់​មុខ​លួច​វាយពីក្រោយបណ្ដាលឱ្យបែកក្បាលដេរ២០ថ្នេរ។ ប៉ុន្តែជាច្រើនខែមកនេះ សមត្ថកិច្ចនៅមិនទាន់រកឃើញមុខជនដៃដល់ ដើម្បីយកមកផ្ដន្ទាទោសនៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ