មេដឹកនាំ​កូរ៉េ​ខាងជើង​៖​ ការ​អភិវឌ្ឍ​អាវុធ​របស់​ប្រទេស​ខ្លួន​គឺ​ជា​រឿង​ចាំបាច់

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចូលរួមក្នុងពិព័រណ៍ការអភិវឌ្ឍផ្នែកការពារជាតិ នៅទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង។ រូបថតគ្មានកាលបរិច្ឆេទនេះត្រូវបានចេញផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ដោយទីភ្នាក់ងារព័ត៌មានកណ្ដាលកូរ៉េខាងជើង (KCNA)។ (Reuters/ KCNA)

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីថ្ងៃចន្ទកន្លងទៅ បានថ្លែងការពារការអភិវឌ្ឍអាវុធរប​ស់ប្រទេសខ្លួន។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានស្រង់សម្ដីមេដឹកនាំរូបនេះដែលបានលើកឡើងថា វាគឺជាការចាំបាច់ក្នុងការបង្កើនវិស័យយោធារបស់កូរ៉េខាងជើង ដើម្បីការពារខ្លួនក្នុងការប្រឈមមុខទៅនឹងគោល​នយោ​បាយ​​អរិភាព​ពី​សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។

ការលើកឡើងរបស់លោក គីម ជុងអ៊ុន នេះ ត្រូវបានធ្វើឡើងនៅ​ក្នុង​សុន្ទរកថាមួយ​​នៅ​ឯ​ពិព័រណ៍​អភិវឌ្ឍន៍​ផ្នែក​ការពារ​ជាតិ​ កាលពី​ថ្ងៃ​ចន្ទ។ នេះបើយោងតាមរបាយការណ៍មួយរបស់ទីភ្នាក់ងារ​ព័ត៌​មាន KCNA។

ជាមួយគ្នានេះ ​រូបភាពមួយចំនួនក្នុងកាសែតរបស់​គណបក្ស​កាន់អំណាច​កូរ៉េ​ខាងជើង ក៏បានបង្ហាញពីសកម្មភាព​ដែលលោក គីម ជុងអ៊ុន ឈរ​នៅ​ក្បែរមីស៊ីល​​ផ្លោង​​​ឆ្លង​ទ្វីបដ៏ធំបំផុត​របស់ប្រទេសខ្លួនផងដែរ។

ទាក់ទិននឹងករណីនេះ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាងត្បូងមួយរូបបាន​ថ្លែងឱ្យដឹងថា ពួកគេកំពុងតែតាមដានស្ថានការណ៍នេះយ៉ាងដិតដល់។

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូង កាលពីពេលថ្មីៗនេះក៏បានបាញ់បង្ហោះសាកល្បងកាំជ្រួចមីស៊ីលផ្លោង​ចេញពីនាវាមុជទឹកជាលើកដំបូង និងបានទិញយន្តហោះចម្បាំង F-35 ផលិតដោយអាមេរិកផងដែរ។

សហរដ្ឋអាមេរិក ក៏ធ្លាប់បានលើកឡើងឱ្យដឹងផងដែរថា ខ្លួនត្រៀមខ្លួនរួចជាស្រេចក្នុងការចរចាការទូតណាមួយជាមួយទីក្រុងព្យុងយ៉ាង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ