ប្រធាន​ក្រុមហ៊ុន​មួយ​ប្ដឹង​មន្ត្រី​ខេត្ត​បន្ទាយ​មានជ័យ​ទៅ​ ACU ពាក់ព័ន្ធ​អំពើ​ពុក​រលួយ​លើ​គម្រោង​វិនិយោគ​ឃុំ-សង្កាត់

ACU អង្គភាពប្រឆាំង​អំពើពុក​រលួយ។

ប្រធានក្រុមហ៊ុនមួយបានប្ដឹងមន្ត្រីរដ្ឋបាលខេត្តបន្ទាយមានជ័យ ទៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ពាក់ព័ន្ធរឿងពុករលួយជុំវិញការដេញថ្លៃលើគម្រោងវិនិយោគមូលនិធិថវិកាឃុំ-សង្កាត់សម្រាប់ឆ្នាំ២០២១។

ក្នុងបណ្ដឹងមួយចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ដែល វីអូឌី ទើបទទួលបាននៅថ្ងៃព្រហស្បតិ៍នេះ ឱ្យដឹងថា ប្រធានក្រុមហ៊ុន ពៅរ៉ាឌី ខនស្ត្រាកសិន លោក ពៅ រ៉ាឌី បានប្ដឹងលោក សាំង គង់ ជានាយករងទីចាត់ការផែនការវិនិយោគ នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ ទៅប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ហៅកាត់ថា​ គ.ជ.អ.ប ដោយចោទថា លោក សាំង គង់ បានគប់គិតគ្នាជាប្រព័ន្ធលាក់បាំងព័ត៌មានក្នុងការដេញថ្លៃលើគម្រោងថវិកាឃុំ-សង្កាត់សម្រាប់ឆ្នាំ២០២១ ដើម្បីឱ្យក្រុមហ៊ុនដែលជាសាច់ញាតិរបស់ខ្លួនទទួលបានគម្រោងនេះ។

ក្នុងបណ្ដឹងបញ្ជាក់ថា មាន១៥ឃុំ-សង្កាត់នៅក្នុងខេត្តបន្ទាយមានជ័យ ដែលមានបញ្ហាជុំវិញការដេញថ្លៃនេះ។ ​បណ្ដឹងបន្តថា ដំណើរការប្រកាសស្តីពីការបើកការដេញថ្លៃលើគម្រោងវិនិយោគមូលនិធិថវិកាឃុំ-សង្កាត់ទាំងនេះ គឺពុំបានធ្វើតាមនីតិវិធីឱ្យបានទូលំទូលាយនិងមានតម្លាភាពឡើយ។

ប្រធានក្រុមហ៊ុន ពៅរ៉ាឌី ខនស្ត្រាកសិន លោក ពៅ រ៉ាឌី បញ្ជាក់ក្នុងបណ្ដឹងនោះថា ដំណើរការដេញថ្លៃឃុំ-សង្កាត់មួយចំនួនបានប្រកាសនៅលើវេបសាយ គ.ជ.អ.ប (NCDD) ថ្នាក់ជាតិ មិនមានថេរវេលាគ្រប់គ្រាន់ និងឃុំ-សង្កាត់មួយចំនួនទៀតបានផ្សព្វផ្សាយតាមវេបសាយថ្នាក់ជាតិលើកទី១ ដោយមានបញ្ហាខុសទិន្នន័យប្រវែង និងទំហំផ្លូវ។ ប្រភពដដែលបន្តថា គណៈកម្មាធិការលទ្ធកម្មឃុំ-សង្កាត់ បានរំសាយការដេញថ្លៃលើកទី២ ដោយមិនបានប្រកាសជូនដំណឹងនៅលើវេបសាយ គ.ជ.អ.ប ថ្នាក់ជាតិ និងបិទផ្សាយនៅតាមឃុំ-សង្កាត់ឡើយ ដែលធ្វើឱ្យក្រុមហ៊ុនរបស់លោកមិនទទួលបានព័ត៌មានគ្រប់គ្រាន់ក្នុងការចូលរួមដេញថ្លៃដោយតម្លាភាព។

ប្រធានក្រុមហ៊ុន ពៅរ៉ាឌី ខនស្ត្រាកសិន លោក ពៅ រ៉ាឌី ប្រាប់ វីអូឌី នៅថ្ងៃព្រហស្បតិ៍នេះថា ជុំវិញបញ្ហាមិនផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយជុំវិញការដេញថ្លៃលើគម្រោងវិនិយោគឃុំ-សង្កាត់នេះ លោកបានប្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីសុំអន្តរាគមន៍ដោះស្រាយ ដើម្បីលុបបំបាត់បញ្ហាអំពើពុករលួយនៅលើគម្រោងមួយនេះ។

លោកបន្ថែមថា៖ «ការដេញថ្លៃរបៀបនេះ វាមិនមានតម្លាភាព ហើយវាជាអំពើពុករលួយ។ បើគេមិនបានផ្សព្វផ្សាយពីការដេញថ្លៃផង ឱ្យក្រុមហ៊ុនរបស់ខ្ញុំចូលរួមដេញថ្លៃម៉េចកើត! បើគាត់ដេញថ្លៃយកតែខ្លួនឯងអ៊ីចឹង តើក្រុមហ៊ុនខ្ញុំមានការងារអីណាធ្វើ? ខ្ញុំសុំឱ្យរាល់គម្រោងដេញថ្លៃលើគម្រោងវិនិយោគឃុំសង្កាត់ ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយនិងកុំមានការគប់គិតគ្នាដេញយកតែគ្នាឯង»

វីអូឌី មិនអាចសុំការឆ្លើយតបពីប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង និងលោក សាំង គង់ ដែលរងការចោទប្រកាន់បានទេ នៅថ្ងៃព្រហស្បតិ៍នេះ។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា (TI) លោក ប៉ិច ពិសី មានប្រសាសន៍ថា កន្លងមកមានព័ត៌មានជាច្រើនអំពីភាពមិនប្រក្រតីនិងមិនមានតម្លាភាពច្រើន ជុំវិញគម្រោងអភិវឌ្ឍន៍នានានៅថ្នាក់ក្រោមជាតិ។ លោកបន្តថា ករណីប្រធានក្រុមហ៊ុនហ៊ានប្ដឹងមន្ត្រីរដ្ឋបាលខេត្តបន្ទាយមានជ័យ ជុំវិញភាពមិនប្រក្រតីលើគម្រោងវិនិយោគឃុំ-សង្កាត់នេះ ជាសកម្មភាពល្អមួយ។

ប្រធានអង្គការរូបនេះស្នើដល់​ប្រជាពលរដ្ឋទាំងអស់ត្រូវហ៊ានរាយការណ៍ និងប្តឹងទៅអាជ្ញាធរឬអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងករណីពួកគេបានដឹងពីភាពមិនប្រក្រតីណាមួយក្នុងគម្រោងអភិវឌ្ឍន៍នានានៅមូលដ្ឋានឬនៅក្នុងឃុំ-សង្កាត់របស់ពួកគេ ហើយអាជ្ញាធរឬអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវចាត់ការនិងស៊ើបអង្កេតក្រោយទទួលបានបណ្ដឹងពីប្រជាពលរដ្ឋ។​

លោកបន្ថែមថា៖ «ខ្ញុំលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋដែលមានព័ត៌មានទាក់ទងនឹងភាពមិនប្រក្រតី ការស៊ីសំណូកសូកប៉ាន់ ឬក៏អំពើពុករលួយ ប្រសិនជាគាត់មានភស្តុតាងគ្រប់គ្រាន់ គាត់គួរតែនាំគ្នាប្ដឹងមកអាជ្ញាធរអ៊ីចឹង ដើម្បីឱ្យអាជ្ញាធរគេចុះធ្វើការតាមនីតិវិធីច្បាប់របស់គេ។ អ៊ីចឹងគាត់អាចប្ដឹងតាមវិធីណាក៏បានដែរ តាមប្រអប់សំបុត្រសម្ងាត់ក៏បាន មកជួបដល់ស្ថាប័នក៏បាន និងប្រព័ន្ធអេឡិចត្រូនិចផ្សេងៗទៀតក៏បាន»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ