ហ្វេសប៊ុក​នឹង​ផ្លាស់​ប្តូរ​ការ​កំណត់​នានា​ ដើម្បី​ការពារ​អ្នក​សារព័ត៌មាន​និង​អ្នក​ការពារ​សិទ្ធិមនុស្ស​

នាយកប្រតិបត្តិហ្វេសប៊ុក លោក Mark Zuckerberg ផ្តល់សក្ខីកម្មនៅឯសវនាការរបស់គណៈកម្មាធិការសេវាកម្មហិរញ្ញវត្ថុ នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩។ (REUTERS/Erin Scott)

ក្រុមហ៊ុន Facebook Inc នឹងធ្វើការកំណត់សកម្មជននិងអ្នកសារព័ត៌មាននានាជាបុគ្គលសាធារណៈ ក៏ដូចជា​បង្កើន​ការ​ការ​ពារ​ប្រឆាំង​នឹង​ការ​យាយីនិងការបៀតបៀនចំពោះក្រុម​មនុស្សទាំងនេះផង​ដែរ។ នេះបើតាមប្រធានផ្នែកសុវត្ថិភាពសកលរបស់ក្រុមហ៊ុនបណ្ដាញសង្គមមួយនេះ ដែលបាន​ឱ្យដឹង​នៅក្នុងបទសម្ភាសន៍មួយនៅសប្ដាហ៍នេះ។

ក្រុមហ៊ុនដដែលបន្តថា ការសម្រេចផ្លាស់ប្តូរវិធីសាស្រ្តរបស់ខ្លួន ដើម្បីការពារអ្នកសារព័ត៌មាននិងអ្នកការពារសិទ្ធិមនុស្សពីការយាយីនេះ គឺដោយសារតែពួកគេយល់ថា ក្រុមមនុស្សទាំងនេះស្ថិតនៅក្នុងក្រសែភ្នែកសាធារណៈតាមរយៈការងារជាច្រើនរបស់ពួកគេ។

គួរបញ្ជាក់ថា ហ្វេសប៊ុកស្ថិតក្រោមការត្រួតពិនិត្យយ៉ាងទូលំទូលាយពីអ្នកតាក់តែងច្បាប់និងនិយ័តករនានាទូទាំងពិភពលោក ជុំវិញការអនុវត្តការសម្របសម្រួលមាតិកានិងផលប៉ះពាល់ដែលភ្ជាប់ទៅនឹងវេទិការបស់ខ្លួន។

ទោះជាយ៉ាងណាក៏ដោយ របៀបដែលហ្វេសប៊ុកចាត់ទុកបុគ្គលសាធារណៈនិងមាតិកាដែលបង្ហោះដោយឬអំពីក្រុមមនុស្សទាំងនេះ គឺជាប្រធានបទនៃការជជែកវែកញែកយ៉ាងសំខាន់មួយ។

ហ្វេសប៊ុកក៏ធ្វើឱ្យមានភាពខុសគ្នារវាងបុគ្គលសាធារណៈនិងបុគ្គលឯកជននៅក្នុងការការពារដែលខ្លួនផ្ដល់ជូនសម្រាប់ការពិភាក្សាតាមប្រព័ន្ធអនឡាញផងដែរ។

ប្រធានផ្នែកសុវត្ថិភាពសកលរបស់ក្រុមហ៊ុនហ្វេសប៊ុក អ្នកស្រី Antigone Davis បានថ្លែងឱ្យដឹងថា ក្រុមហ៊ុនក៏កំពុងពង្រីកការកំណត់ប្រភេទនៃការវាយប្រហារមួយចំនួនដែលនឹងមិនអនុញ្ញាតឱ្យបង្ហាញជាសាធារណៈនៅលើគេហទំព័ររបស់ខ្លួន ខណៈដែលនេះជាផ្នែកមួយដើម្បីកាត់បន្ថយការវាយប្រហារចំពោះស្ត្រី ជនជាតិស្បែកខ្មៅ និងសហគមន៍​អ្នកស្រឡាញ់ភេទដូចគ្នា (LGBTQ) ជាដើម។

ជាមួយគ្នានេះ ហ្វេសប៊ុកក៏នឹងមិនអនុញ្ញាតឱ្យមានមាតិកាបែបអាសអាភាសធ្ងន់ធ្ងរ រូបភាព ឬគំនូរកាត់តបែបអាសអាភាស ឬការវាយប្រហារអវិជ្ជមានដោយផ្ទាល់លើរូបរាងរបស់មនុស្សម្នាក់ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ