មេដឹកនាំ​ក្រុម​ប្រទេស​ G20​ សន្យា​គាំទ្រ​​ដល់​អាហ្វហ្គានីស្ថាន

ទាហានតាលីបង់ជិះកង់ល្បាតនៅមុខជើងហោះហើរ កាតាអ៊ែរវ៉េ នៅអាកាសយានដ្ឋានអន្តរជាតិក្នុងទីក្រុងកាប៊ុល អាហ្វហ្គានីស្ថាន ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១។ (រ៉យទ័រ)

នាយក​រដ្ឋមន្ត្រី​អ៊ីតាលី​ លោក Mario Draghi បានឱ្យដឹងនៅថ្ងៃអង្គារកន្លងទៅ បន្ទាប់ពីកិច្ចប្រជុំកំពូល​បន្ទាន់​មួយ​ថា ក្រុម​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​ចំនួន​​២០ បានប្ដេជ្ញាដោះស្រាយបញ្ហាវិបត្តិសេដ្ឋកិច្ចនៅអាហ្វហ្គានីស្ថាន បើទោះបីជាត្រូវសម្របសម្រួលកិច្ចខិតខំប្រឹង​ប្រែង​នានាជាមួយ​ពួកតាលីបង់ក៏ដោយ។

កាលពីថ្ងៃអង្គារ មេដឹកនាំនៃក្រុមប្រទេស G20 បានជួបប្រជុំគ្នាតាម​ប្រព័ន្ធ​អនឡាញ​ ដើម្បីពិភាក្សាពីវិធីដោះស្រាយវិបត្តិមនុស្សធម៌​នៅអាហ្វហ្គានីស្ថាន ហើយនេះក៏ជាកិច្ចប្រជុំដំបូងរបស់ពួកគេ គិតចាប់តាំងពីក្រុមតាលីបង់ដណ្ដើមបានការគ្រប់គ្រងប្រទេស កាលពីខែសីហា កន្លងទៅ។

អស់រយៈពេលប្រមាណជា២ខែមកហើយដែលអាហ្វហ្គានីស្ថានបាននិងកំពុងប្រឈមមុខនឹង​ការដួល​រលំ​សេដ្ឋកិច្ច ខណៈដែលធនាគារនានាអស់​ថវិកា មន្ត្រីរាជការមិនទទួលបានប្រាក់​បៀ​វត្ស ហើយ​តម្លៃម្ហូបអាហារក៏បានកើនឡើងផងដែរ។

ទាក់ទិននឹងករណីនេះ ក្រុមប្រទេស G20 ទាំងអស់បានយល់ស្រប​ថា​ ជនជាតិអាហ្វហ្គានីស្ថានពិតជាត្រូ​វការជំនួយយ៉ាងខ្លាំង ប៉ុន្តែរដ្ឋភាគច្រើនហាក់ស្ទាក់ស្ទើរក្នុងការទទួលស្គាល់ជាផ្លូវការនូវរដ្ឋាភិបាល​តាលីបង់ថ្មី​នេះ។

ស្របពេលដែលមានជំនួយជាច្រើននឹងត្រូវបញ្ជូនតាមរយៈអង្គការសហប្រជាជាតិ វាក៏ជាការចាំ​បាច់​ផង​ដែរ​ក្នុងការបញ្ជូនជំនួយដោយផ្ទាល់ទៅកាន់ប្រទេសនេះ។

លោក Mario Draghi ដែលដឹកនាំកិច្ចប្រជុំកំពូលនេះបានថ្លែង​ថា៖ «វាគឺ​ជារឿងដែលពិបាកណាស់ពីរបៀបក្នុងការជួយដល់ប្រជាជនអាហ្វហ្គានីស្ថានដែលជាចំនួនដ៏ច្រើនមួយ។ អាហ្វហ្គានីស្ថាន គឺជាប្រទេសដែលធំមួយ បើមិនមានការចូលរួមពីរដ្ឋាភិបាលតាលីបង់នោះទេ វាពិតជាពិបាកក្នុងការនាំយកជំនួយចាំបាច់ចូលទៅក្នុងប្រទេសនេះ។ បើសិនជាពួកគេមិនចង់ឱ្យយើងចូល យើងពិតជាមិនអាចចូលបាននោះទេ ដូច្នេះហើយវាទាក់ទងទៅនឹងកម្រិតនៃការចូលរួម»។

ទោះជាយ៉ាងណា​ កិច្ចប្រជុំនេះត្រូវបានសង្កេតឃើញថា មិនមានវត្តមានចូលរួមដោយផ្ទាល់ពីសំណាក់​មេដឹកនាំនៃប្រទេសចំនួនពីរ គឺប្រធានាធិបតី​ចិន ​លោក Xi Jinping និង​ប្រធានាធិបតី​រុស្ស៊ី​ លោក Vladimir Putin នោះទេ។

មុនកិច្ចប្រជុំនេះដែរ ចិនក៏បានទាមទារឱ្យមានការដកទណ្ឌកម្មសេដ្ឋកិច្ចនានា និងដកការបង្កកទ្រព្យសម្បត្តិអន្តរជាតិ លើអាហ្វហ្គានីស្ថានរាប់ពាន់លានដុល្លារផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ