ពលរដ្ឋចំនួន១០គ្រួសារនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កំពុងស្វែងរកអន្តរាគមន៍ពីអាជ្ញាធរពាក់ព័ន្ធ ដោយអះអាងថា ផ្ទះរបស់ពួកគាត់លិចដោយទឹកភ្លៀងជាងកន្លះខែមកហើយ ក្រោយពីអាជ្ញាធរចាក់ដីលុបព្រែកដែលជាផ្លូវទឹកមួយកន្លែងនៅក្បែរនោះ។
ប្រជាពលរដ្ឋម្នាក់ដែលរងការលិចលង់ផ្ទះខ្លាំងជាងគេក្នុងចំណោមពលរដ្ឋជាង១០គ្រួសារ អ្នកស្រី ប៉ិច ចាន់ណា វ័យ៥០ឆ្នាំ ឱ្យដឹងថា គាត់និងគ្រួសាររស់នៅទីនោះអស់រយៈពេលជាង២០ឆ្នាំមកហើយ មិនដែលមានបញ្ហាលិចលង់ធ្ងន់ធ្ងរបែបនេះពីមុនមកនោះទេ។ អ្នកស្រីថា បន្ទាប់ពីមានការចាក់ដីលុបព្រែកជីកដែលនៅក្បែរនោះកាលពីអំឡុងខែសីហាកន្លងមក ផ្ទះអ្នកស្រីនិងប្រជាពលរដ្ឋផ្សេងទៀតក៏ចាប់ផ្ដើមទទួលរងការលិចលង់តែម្ដង។
អ្នកស្រីនិយាយថា៖ «មកនៅកន្លែងនេះយូរហើយ មិនដែលមានបញ្ហាឬក៏លិចលង់អីដូចពេលនេះទេ វាលិចដែរ តែលិចដោយសារទឹកជំនន់មកពីទន្លេធំ។ ហើយបើលិចដោយសារភ្លៀង គឺលិចតិចតួច ជិះម៉ូតូបាន ព្រោះតែពេលភ្លៀងមក ទឹកវាហូរចូលក្នុងព្រែកហ្នឹង។ ហើយបើចាក់លុបអ៊ីចឹង វាហូរទៅណាបាន គឺដក់នៅកន្លែងហ្នឹងហើយ»។
អ្នកស្រីបន្តថា ក្រុមគ្រួសាររបស់គាត់ត្រូវជញ្ជូនអីវ៉ាន់ទាំងម៉ោង១២យប់ ថ្ងៃទី៦ ខែតុលា ចំពេលថ្ងៃភ្ជុំ ដើម្បីទៅរកទីទួលមានសុវត្ថិភាពបណ្ដោះអាសន្ន ព្រោះភ្លៀងធ្លាក់ធ្វើឱ្យផ្ទះគាត់កន្លែងខ្លះលិចត្រឹមក និងកន្លែងខ្លះលិចត្រឹមចង្កេះ មិនអាចស្នាក់នៅកើត។
អ្នកស្រីបន្ថែមថា៖ «ភ្ជុំនេះមិនបានទៅវត្តនឹងគេទេ រវល់តែជញ្ជូនសម្បុកសម្បត្តិទៅដាក់លើគោក បើមិនអ៊ីចឹងអណ្ដែតអស់ហើយ។ ខំទិញនំអន្សមគេមកយកទុកទៅវត្តអស់បីបួនម៉ឺន មានបានទៅឯណា បើលិចផ្ទះអស់ហើយ ដូនតាឆ្នាំនេះគ្មានបានអីទេ»។

ពលរដ្ឋម្នាក់ទៀតដែលរស់នៅទីនោះដែរ លោក យឹង គឹមយ៉េន វ័យ៤៦ឆ្នាំ ឱ្យដឹងថា គាត់បានប្រឹងប្រែងស្វែងរកការអន្តរាគមន៍ពីមន្ត្រីពាក់ព័ន្ធឱ្យដោះស្រាយបញ្ហាទឹកលិចនេះ ប៉ុន្តែហាក់មិនមានការយកចិត្តទុកដាក់ទេ។
លោកនិយាយថា៖ «ទាក់ទងទៅគេបួនដប់ដងហើយ គេថាចាំគេប្រាប់ថ្នាក់លើឱ្យ ហើយក៏ស្ងាត់អ៊ីចឹងទៅ។ បើអ្នកខ្លះថាជាប់ប្រជុំ ប្រជុំនោះប្រជុំពេកហើយ។ ម្សិលមិញក៏ខលទៅ ថ្ងៃនេះក៏ខលទៅ តែគ្មានអ្នកណាមកមើលសោះ»។
ម្ដាយរបស់លោក យឹង គឹមយ៉េន គឺអ្នកស្រី ហៃ គឹមហឿន ដែលមានវ័យ៦០ឆ្នាំ បានសម្ដែងការព្រួយបារម្ភពីបញ្ហាជំនន់ទឹកភ្លៀងដែលកំពុងជួបប្រទះនេះ ត្បិតថាទឹកបានលិចមកដល់បរិវេណជុំវិញផ្ទះរបស់អ្នកស្រីអស់ទៅហើយ និងនៅសល់ប្រហែលកម្ពស់៣តឹកទៀតប៉ុណ្ណោះ ផ្ទះអ្នកស្រីនឹងត្រូវលិច។ ម៉្យាងទៀត ដោយសារអ្នកស្រីទើបតែវះកាត់ជំងឺមហារីករួច ប្រសិនបើលិចក្រោមផ្ទះ អ្នកស្រីបារម្ភថានឹងមានការលំបាកសម្រាប់អ្នកស្រីក្នុងការផ្លាស់ទីទៅខាងលើផ្ទះផងដែរ។
អ្នកស្រីបន្តថា៖ «បើលិចក្រោមផ្ទះអស់ គឺពិបាកហើយ! គ្មានកន្លែងនៅ មានតែនៅលើផ្ទះ ណាមួយទើបវះកាត់ហើយ បើឡើងចុះៗអ៊ីចឹងពិបាកណាស់»។
ពលរដ្ឋដែលផ្ទះលិចទឹកទាំងនេះអះអាងថា ពួកគាត់រង់ចាំដំណោះស្រាយពីអាជ្ញាធរជាងកន្លះខែមកហើយ នៅតែមិនមានការដោះស្រាយ បណ្ដាលឱ្យសត្វចិញ្ចឹមនិងដំណាំភាគច្រើនបានងាប់។ អ្នកភូមិបានប្រមូលលុយចូលគ្នា ដើម្បីទិញប្រេងជាង១០០លីត្របូមទឹកចេញ ប៉ុន្តែភ្លៀងបន្តធ្លាក់មកលិចដដែល។
ទាក់ទងទៅនឹងបញ្ហានេះ ចៅសង្កាត់បាក់ខែង លោក គង់ ប៊ុនលី អះអាងថា បញ្ហាទឹកលិចផ្ទះនេះ ហួសពីសមត្ថភាពសង្កាត់ ទើបលោកស្នើទៅសាលាខណ្ឌឱ្យជួយ។
លោកថា៖ «ដោយសារទីតាំងហ្នឹងមានវិសាលភាពទឹកធំធេងហួសពីសមត្ថភាពខ្ញុំ ខាងសង្កាត់ ទើបខ្ញុំធ្វើការរាយការណ៍ភ្លាមៗទៅខាងអភិបាលខណ្ឌ ដើម្បីឱ្យលោកធ្វើការចាត់ចែងដឹកនាំគ្រឿងចក្រដើម្បីយកមកធ្វើការកាយដី»។
លោក គង់ ប៊ុនលី បន្ថែមថា ចំពោះករណីចាក់ដីលុបព្រែកត្រង់ចំណុចស្ពានលេខ៧ លើផ្លូវជាតិលេខ៦នេះ ដោយសារព្រែកនេះអស់មុខងារនៅក្នុងការបម្រើដល់ប្រយោជន៍ប្រជាជន និងដើម្បីចៀសវាងពីការកេងប្រវ័ញ្ចរបស់បុគ្គលមួយចំនួនទៅលើព្រែកនេះ ទើបខាងសង្កាត់រៀបចំចាក់ដីនោះសម្រាប់សាងសង់មណ្ឌលសុខភាព។
នាយកមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង លើកឡើងថា រដ្ឋាភិបាលគួរតែបញ្ឈប់ការលុបបឹងនិងព្រែកនៅក្នុងរាជធានីភ្នំពេញ ព្រោះក្នុងពេលបច្ចុប្បន្ននេះ ចំនួនបឹងនិងព្រែកដែលជាកន្លែងស្តុកទឹកកុំឱ្យមានការជន់លិចនៅក្នុងទីក្រុង កាន់តែមានចំនួនតិចទៅៗពីមួយថ្ងៃទៅមួយថ្ងៃ ដែលប្រការនេះនឹងបង្កឱ្យមានការលិចលង់ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។
លោកបន្តថា៖ «ការលុបបឹងលុបព្រែកនេះ ជារួម មិនគួរបន្តធ្វើទេ ពីព្រោះបឹងព្រែកដែលនៅក្នុងរាជធានីភ្នំពេញស្ទើរតែអស់ទៅហើយ កាន់តែតិចទៅៗ ហើយបើនៅក្នុងរាជធានី គឺយើងលែងឃើញមានហើយបឹង។ បើនៅតាមជាយរាជធានីគឺនៅមានខ្លះៗ តែកំពុងតែធ្វើការលុបជាហូរហែ ដែលធ្វើឱ្យយើងមានការព្រួយបារម្ភ ដែលការលុបបែបនេះនឹងធ្វើឱ្យមានការលិចលង់ប្រជាជន ខូចខាតផលដំណាំ និងការរស់នៅរបស់ពួកគាត់»។
ព្រែកជីកនៅចំណុចស្ពានលេខ៧មួយនេះ ត្រូវបានអាជ្ញាធរខណ្ឌជ្រោយចង្វារចាក់ដីខ្សាច់លុប កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១។ ការចាក់ដីលុបព្រែកនេះបានផ្អាកដំណើរការអស់រយៈពេលពីរខែមកហើយ បន្ទាប់ពីបានចាក់ដល់ចំណុចព្រំប្រទល់ដីរបស់ប្រជាពលរដ្ឋក្នុងទំហំជិត១០០ម៉ែត្រការ៉េ៕