ជនជាតិដើម​ភាគតិច​ខេត្ត​មណ្ឌល​គិរី នឹង​ទៅ​បំភ្លឺ​នៅ​តុលាការ​ដើម្បី​ទារ​យក​ភ្នំ​មួយ​មក​ទុក​ជា​សម្បត្តិ​រដ្ឋ​វិញ

បុរសបីនាក់ជិះម៉ូតូតាមដងផ្លូវកាត់ពីមុខសាលាដំបូងខេត្តមណ្ឌលគិរី។ (ជន ចាន់រ៉ែន)

ជនជាតិដើមភាគតិចពូនងនៅខេត្តមណ្ឌលគិរី អះអាង​ថា ពួក​គេនឹង​ទៅ​បំភ្លឺ​នៅសាលា​ឧទ្ធរណ៍ខេត្ត​ត្បូងឃ្មុំ នាថ្ងៃទី​២៥ ខែ​តុលាខាង​មុខ​នេះ ដើម្បី​ទាម​ទារ​ឱ្យ​តុលាការ​យក «​ភ្នំរ៉ា​ដាង» ដែល​មានទំហំជិត៥ហិកតាមក​ទុកជាសម្បត្តិរដ្ឋវិញ ក្រោយពីភ្នំនេះត្រូវបានអ្នកនៅទីនោះលួចលក់ឱ្យ​បុគ្គល​​២នាក់​ កាលពីឆ្នាំ២០១៩។

សាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ បានចេញដីកាកោះហៅជនជាតិដើមភាគតិចចំនួន១០នាក់ រស់នៅភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ចូលទៅបំភ្លឺនៅតុលាការ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ។

ការកោះហៅរបស់សាលាឧទ្ធរណ៍ ធ្វើឡើងបន្ទាប់ពីជនជាតិដើមភាគតិចពូនង នៅសង្កាត់​រមនា បានប្ដឹងជំទាស់​ទៅ​តុលាការ​ជាន់​ខ្ពស់​មួយ​នេះ ដោយ​មិនសុខចិត្តចំពោះសេច​ក្ដីសម្រេចសាលា​ដំបូង​ខេត្ត​មណ្ឌលគិរី កាលពីថ្ងៃទី​​២១ ខែ​កក្កដា ឆ្នាំ​២០២១ ដោយ​ប្រកាសមិនចាត់​ការបណ្ដឹង​របស់​ពួក​គេ ដែលប្ដឹងជំទាស់ការលក់ភ្នំរ៉ាដាង ទៅឱ្យឈ្មោះ ភិន សុភារៈ និង សេង យាន រស់នៅរាជធានីភ្នំពេញ។ 

ជនជាតិដើមភាគតិចពូនងភូមិពូលូង សង្កាត់​រមនា លោក ខ្វាន តៃ ប្រាប់ វីអូឌី នៅថ្ងៃទី១៤ ខែតុលា​នេះ​ថា សាលាដំបូងខេត្តមណ្ឌលគិរីបានតម្កល់មិនចាក់ការបណ្ដឹងរបស់ពួកគាត់ដែលជំទាស់​នឹង​ការលួចលក់ភ្នំរ៉ាដាង ទើប​ពួកគាត់នាំគ្នាប្ដឹងទៅសាលាឧទ្ធរណ៍បន្ត​ទៀត។ 

លោកបន្តថា មូលហេតុដែលពួកគាត់​ប្រឆាំងនឹងការលក់ភ្នំនោះ ដោយសារ​ភ្នំនោះជា​សម្បត្តិរបស់រដ្ឋ ហើយ​មួយវិញទៀត ទីតាំងនោះ​ជាកន្លែងជនជាតិដើមភាគតិច​គោរពបូជានិងរៀបចំពិធីប្រពៃណីរៀងរាល់ឆ្នាំ។ 

លោក ខ្វាន តៃ បន្តថា ភ្នំរ៉ាដាងនេះក៏ជាប្រភពទឹកដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋនៅក្នុងសង្កាត់រមនាប្រើប្រាស់ផងដែរ។ 

លោកថា៖ «ហ្នឹងហើយ! ខ្លាចបាត់បង់ប្រពៃណីជនជាតិដើមភាគតិចពូនងហ្នឹង! ​ហើយភ្នំជាប្រភពទឹក​ ហើយ​ទឹកចុងអូរហ្នឹងចេញពីភ្នំហ្នឹងដែរ ​ហើយរំលាយ​ភ្នំហ្នឹងគឺអត់មានទឹក ហើយភ្នំហ្នឹងនៅកណ្ដាលភូមិដែរ។ ទី៤ ខ្មោចក្បែរ​ហ្នឹង​ដែរ អ៊ីចឹង​ម្ដុំហ្នឹងដូចចាស់ទុំក្បែរហ្នឹងថា អត់កាប់ទេ! រឿងដើម​ឈើនៅ​លើភ្នំពេញ គេទុកអ៊ីចឹង! និយាយ​អ៊ីចឹង​​​ម្ដុំភ្នំហ្នឹង គេទុក គេអត់ចាប់ អត់បំផ្លាញទេ អ៊ីចឹង​បាននៅខាង​ខ្ញុំមិនឱ្យលក់ដូរ គឺអត់ព្រមលក់តែម្ដង ដាច់ខាត»។

លោក ខ្វាន តៃ បន្តថា ភ្នំរ៉ាដាងត្រូវបានឈ្មោះ កើត ទ្រី និងមនុស្សម្នាក់ទៀតលក់​ទៅ​​ឱ្យអ្នកនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៩។ លោកថា កន្លងមក ពួកគាត់​បាននាំគ្នារកកិច្ចអន្តរាគមន៍ពីអាជ្ញាធរខេត្ត និង​ក្រសួងមហាផ្ទៃ រហូតមក ដោយដាក់បណ្ដឹងទៅសាលាដំបូងខេត្តមណ្ឌលគិរី ដើម្បីប្រឆាំងការលក់ភ្នំរ៉ាដាងនេះ ប៉ុន្តែពួកគាត់មិនទទួលបានដំណោះស្រាយឡើយ ខណៈសាលាដំបូងខេត្តនេះក៏មិនចាត់ការបណ្ដឹងពួកគាត់ថែមទៀត។ 

លោកថា៖ «ខ្ញុំបញ្ជូនឯកសារទៅដល់នោះហើយ អាជ្ញាធរ​ដែនដី ក្រសួងមហាផ្ទៃ មន្ទីរបរិស្ថាន​ គ្រប់ស្ថាប័ននោះដែរ​ ប៉ុន្តែអត់ឃើញគេរកដំណោះស្រាយ​ ទុកអ៊ីចឹង! ហើយដល់​បណ្ដឹង​ខេត្តមណ្ឌលគិរីយូរហើយ អត់ឃើញគេមកដោះស្រាយ។ គេនិយាយតែមួយ​ថា គេមានប្លង់ យើងគ្មាន​ប្លង់​មក​តវ៉ា​ធ្វើអី»។

ជនជាតិដើមភាគតិចម្នាក់ទៀត អ្នកស្រី រឿន ហែង លើកឡើងដែរ​ថា គាត់នឹងទៅចូលបំភ្លឺ​តាមដីកា​កោះរ​បស់សាលា​ឧទ្ធរណ៍។ អ្នកស្រីបន្តថា ពួកគាត់ទាំងអស់គ្នា​មិនព្រមឱ្យលក់ភ្នំរ៉ាដាងឡើយ ដោយថា ភ្នំនោះជាកន្លែងជំនឿរបស់ជនជាតិដើមភាគតិចគោរពបូជាតាមប្រពៃណីតាំងពីដូនតាមកម្ល៉េះ។ 

អ្នកស្រីថា៖ «កន្លងមក គេចង់សម្រួលឱ្យលុយប្រជាពលរដ្ឋ តែប្រជាពលរដ្ឋអត់យល់ព្រមទេ ដោយ​សារ​កន្លែងជំនឿរបស់ពួកគាត់តាំងពីដូនតាមក។ ហើយយើងមានខ្ទមអ្នកតានៅហ្នឹង ហើយ​យើង​ទៅលើកចុះលើកឡើង វាអត់កើត ម៉េចគេហៅថាកន្លែងជំនឿ»។​

អ្នកស្រី រឿន ហែង បន្តថា ការដែលពួកគាត់ចង់ឱ្យតុលាការយក ភ្នំរ៉ាដាង មករក្សាទុកជាសម្បត្តិរបស់រដ្ឋវិញ ដោយសារបច្ចុប្បន្ន ភ្នំមួយចំនួននៅក្នុងខេត្តភាគឦសាននេះ ត្រូវបានឈ្មួញនិងប្រជាពលរដ្ឋលក់ជាបន្តបន្ទាប់ទៅឱ្យអ្នកមានអំណាចនិងមានប្រាក់នៅរាជធានីភ្នំពេញ ជាដើម។

អ្នកស្រីថា៖ «អត់ល្អទេ អាលក់ភ្នំអីហ្នឹង! ​​ជាពិសេសកន្លែងជំនឿរបស់យើង ហាក់ដូចជាលក់ខ្លួនឯង​ ចង់បំបាត់ខ្លួនឯង។ អ៊ីចឹងអ្នកដែលលក់ហ្នឹង ជាពិសេសអាជ្ញាធរភូមិឃុំហាក់ដូចគាត់មិនអើពើចូលរួមថែរក្សាអភិរក្សវប្បធម៌ខ្មែរដើមមានតាំងពីដូនតាមក បែរជាគាត់ទៅចូលរួមលក់ដូរជាមួយគេទៅវិញ។ អាជ្ញាធរភូមិឃុំមិនជួយអភិរក្ស​​ថែរក្សា បែរជាទៅរុញ​​លក់អ៊ីចឹង វាអត់ល្អ​ វាបាត់បង់ប្រពៃណីជនជាតិដើមភាគតិចយើង។ ហើយអនាគតទៅ យើងមិនស្គាល់ខ្លួនឯងជាអ្វី»។

មេភូមិពូលូង លោក ឡុង ប៉ុក មានប្រសាសន៍ថា មូលហេតុដែលលក់ភ្នំរ៉ាដាង ដោយសារដីនៅជាប់ៗនិងជុំវិញនោះត្រូវបានប្រជាពលរដ្ឋលក់អស់ហើយ។  

លោកថា៖ «និយាយពីរឿងសម្បត្តិរដ្ឋហ្នឹង នៅកន្លែងណាក៏ជាសម្បត្តិរដ្ឋដែរ ណាមួយនៅជុំវិញហ្នឹង គេលក់អស់ហើ​យ ​នៅសល់តែដី៣ហិកតាហ្នឹង ហើយដី៣​ហិកតា ប្រជាពលរដ្ឋគេលក់ជុំវិញហ្នឹងអស់ហើយ។ ខ្ញុំមិន​អាច​ប្រាប់​ឈ្មោះ​អ្នកលក់បានទេ ខុសគោលការណ៍ មើលនៅក្នុងបណ្ដឹង​ហ្នឹង​ទៅ។ សម្ដេច ស ខេង មានប្រសាសន៍ថ្ងៃទី១២ ខ្ញុំម៉េច​ដឹង បើគេលក់ប៉ុន្មានឆ្នាំមុនហើយ។ រឿងបណ្ដឹងហ្នឹងមានតែប៉ុន្មានគ្រួសារហ្នឹង​ ចង់បះបោលហ្នឹង ហើយនិយាយថាភ្នំត្រូវគោរពបូជា អ៊ីចឹងទៅបូជាឯណាឯណីទៅ»។

វីអូឌី មិនអាចសុំការបំភ្លឺពី​ចៅសង្កាត់រមនា លោក ភី ងូក និង​អ្នកនាំពាក្យរដ្ឋបាលខេត្តមណ្ឌល​គិរី លោក ស៊ន សារុន បានទេ ខណៈ​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តម​ណ្ឌលគិរី លោក មាស ប្រុស សុំមិនធ្វើអត្ថាធិប្បាយ ដោយសារ​រឿង​នេះ​យូរ​ហើយ លោក​មិនចាំ។ 

ជនជាតិដើមភាគតិចពូនង នៅ​ភូមិពូលូង លោក ខ្វាន តៃ ឱ្យដឹងថា ភ្នំមួយចំនួនដែលជនជាតិដើមភាគតិចគោរពរៀបចំពិធីសែនព្រេនរៀងរាល់ឆ្នាំនោះ បច្ចុប្បន្ន ត្រូវបានលក់ជាបន្តបន្ទាប់។ ករណីនេះ លោកថា ពួកគាត់មានការព្រួយបារម្ភខ្លាចបាត់បង់ប្រពៃណីនិងទំនៀមទម្លាប់របស់ពួកគាត់នាពេលខាងមុខនេះ។ 

អ្នកសម្របសម្រួលផ្នែកសិទ្ធិមនុស្ស ដីធ្លី និងព្រៃឈើ នៃបណ្ដាញសហគមន៍ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី លោក គ្រើង តុលា លើកឡើងថា ​ការតម្កល់មិនចាត់ការចំពោះបណ្ដឹងប្រជាពលរដ្ឋនេះ បានធ្វើឱ្យបាត់បង់ជំនឿនិងក្ដីសង្ឃឹមទៅលើប្រព័ន្ធតុលាការ។ លោកបន្តថា ពលរដ្ឋ​ដែលដាក់បណ្ដឹងទាមទារនេះ មិនមែនសម្រាប់យកមកធ្វើជាប្រយោជន៍ផ្ទាល់ខ្លួនឡើយ ប៉ុន្តែការទាមទារនេះ ចង់ដកយកភ្នំរ៉ាដាងមករក្សាទុកជាសម្បត្តិរដ្ឋវិញតែប៉ុណ្ណោះ។

លោកថា៖ «​ខ្ញុំគិតថា គាត់មានចេតនាមិនចង់បម្រើប្រជាពលរដ្ឋ។ ទី២ គាត់មានចេតនាគេចវេះក្នុងការដោះសា្រយ។​ ទី៣ ខ្ញុំគិតថា សមត្ថកិច្ចភាពគាត់នៅមានកម្រិត​​។ អ៊ីចឹងចៅក្រម ព្រះរាជអាជ្ញាហ្នឹង ​គួរតែពិចារណានិងគិតគូរឡើងវិញ ​ដើម្បីស្វែងរកយុត្តិធម៌ជូនសង្គមជាតិយើងឱ្យបានពេញលេញ ហើយអ្វីទៅជារបស់ជាតិ ហើយអ្វីទៅជារបស់សហគមន៍ ហើយអ្វីជារបស់ឯកជន និងអ្វីជាជនល្មើស ហើយអ្វីជាជនរងគ្រោះ»។ ​

ក្នុងពិធីប្រកាសចូលកាន់មុខតំណែងរបស់អភិបាលខេត្តមណ្ឌលគិរីថ្មី កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស ខេង បង្ហាញការសោកស្ដាយចំពោះមន្ដ្រីមួយចំនួន ដែល​បានប្រើអំណាចរបស់ខ្លួនទៅរំលោភយកដីធ្លីប្រជាពលរដ្ឋនិងទ្រព្យសម្បត្តិរបស់រដ្ឋនៅខេត្តមណ្ឌលគិរី ដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ លោកចាត់ទុកការរំលោភយកដីធ្លីប្រជាពលរដ្ឋនិងទ្រព្យសម្បត្តិរបស់រដ្ឋនោះ ដោយសារភាពលោភលន់របស់មន្ត្រីទាំងនោះតែម្តង។ 

បើតាម​ច្បាប់​​ភូមិបាលចែងថា ទ្រព្យសម្បត្តិ​របស់​រដ្ឋមាន​ដូចជាភ្នំ បឹង ទន្លេ សមុទ្រ ដីព្រៃ ​ជាដើម មិន​អាច​លក់ដូរ​បាន​ឡើយ លុះត្រាតែ​បាត់បង់​ផលប្រយោជន៍​ជា​សាធារណៈ​។

​ច្បាប់ភូមិបាល ឆ្នាំ២០០១ មាត្រា២៥៩ ចែងថា ការប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈ ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់៥ ០០០ ០០០រៀល (ប្រាំលានរៀល) ដល់៥០ ០០០ ០០០រៀល (ហាសិបលានរៀល) ​និងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ​ពី១ឆ្នាំដល់៥ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ