មន្រ្តីសង្គមស៊ីវិល លើកឡើងថា ពលរដ្ឋខ្មែរជាង៣៧០នាក់ រួមទាំងកុមារតូចៗផងនោះ ត្រូវបានអាជ្ញាធរព្រំដែនកម្ពុជានិងថៃ ចាប់ឃាត់ខ្លួនបាន អំឡុងពួកគេលួចឆ្លងដែនទាំងប្រថុយទៅរកការងារធ្វើនៅប្រទេសថៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១។
មន្រ្តីផ្នែកទេសន្តរប្រវេសន៍នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) កញ្ញា ទ្រី សុភា ប្រាប់ វីអូឌី នៅថ្ងៃទី១៤ ខែតុលានេះថា ចលនាចំណាកស្រុកដោយប្រឈមនេះ គឺមានការកើនឡើងបន្ទាប់ពីចប់រដូវបុណ្យភ្ជុំ។ កញ្ញាថា គិតមិនដល់២សប្ដាហ៍ផង ពួកគេយ៉ាងហោច ៣៧៣នាក់ ត្រូវបានចាប់ខ្លួនបានក្នុង១២ករណី ដែលភាគច្រើនបង្រ្កាបបានពេលពួកគេបានឆ្លងចូលដល់ទឹកដីប្រទេសថៃ។
បើតាមប្រភពដដែល តួលេខនេះគឺកើនឡើងខ្ពស់ជាងរយៈពេលមុខរដូវភ្ជុំបិណ្ឌ។ កញ្ញាថា តាមរបាយការណ៍ដែលបានកត់ត្រា ក្នុងខែកញ្ញា គឺមាន១៦ករណី ឃាត់ខ្លួនមនុស្សបាន១៩១នាក់ ឯក្នុងខែសីហា គឺមាន១២ករណី ឃាត់ខ្លួនមនុស្ស១៧៥នាក់។
មន្រ្តីឃ្លាំមើលសិទ្ធិពលករចំណាកស្រុកខ្មែររូបនេះ បន្ថែមថា ពលករទាំងនោះមានមួយចំនួនបានត្រលប់ពីថៃ ដើម្បីជួបជុំគ្រួសារ ប៉ុន្តែដោយសារមិនអាចរកការងារធ្វើសមរម្យក្នុងស្រុកបាន ពួកគេក៏សម្រេចវិលទៅវិញ ឯមួយចំនួនជាពលករថ្មីដែលមកពីបណ្ដាខេត្តផ្សេងៗ។
កញ្ញា ទ្រី សុភា បន្ថែមថា៖ «នេះវាអាចជាទំនោរទាំង២ ទាំងអ្នកដែលធ្លាប់ធ្វើការហើយ ទាំងអ្នកដែលគាត់មិនដែលទៅសោះ ហើយគាត់ចង់ស្វែងរកការងារធ្វើ។ ហើយមួយទៀត វាជាការព្រួយបារម្ភ ដោយសារគាត់អាចនឹងមិនទទួលបានព័ត៌មានច្បាស់លាស់ ព្រោះព្រំដែននៅតែមានការរឹតបន្តឹង ហើយមិនទាន់មានការបើកឡើងវិញទេ ទោះបីជាយើងទទួលបានព័ត៌មានថានៅខាងថៃមានការបន្ធូរបន្ថយ»។
កញ្ញាស្នើដល់ពលរដ្ឋខ្មែរត្រូវបង្កើនការអត់ធ្មត់ ចៀសវាងធ្វើចំណាកស្រុកទាំងប្រថុយ ដែលប្រឈមនឹងការចាញ់បោកមេខ្យល់ ការចាប់ខ្លួនបញ្ជូនទៅធ្វើចត្តាឡីស័ក និងអាចឈានដល់ការដាក់ពន្ធនាគារពីសំណាក់អាជ្ញាធរថៃ ជាដើម។ កញ្ញាបន្តថា អាជ្ញាធរកម្ពុជាគួរបង្កើនគោលនយោបាយរបបសន្តិសុខសង្គម ការងារក្នុងស្រុក និងបណ្ដុះបណ្ដាលវិជ្ជាជីវៈផ្សេងៗដល់ពលរដ្ឋខ្មែរ ដើម្បីកាត់បន្ថយការចំណាកស្រុក ហើយជួយសម្របសម្រួលកុំឱ្យអាជ្ញាធរថៃចាប់បញ្ជូនពួកគេទៅពន្ធនាគារ។
វីអូឌី មិនអាចទាក់ទងសុំការអធិប្បាយជុំវិញបញ្ហាពលករចំណាកស្រុកនេះពីអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន បានទេ នៅថ្ងៃព្រហស្បតិ៍នេះ។
យ៉ាងណា អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង ប្រាប់ វីអូឌី តាមសារ Telegram ថា កន្លងមក ស្ថានទូតនិងស្ថានអគ្គកុងស៊ុលកម្ពុជានៅប្រទេសថៃ តែងតែយកចិត្តទុកដាក់ជួយសម្របសម្រួលអន្តរាគមន៍ជាមួយអាជ្ញាធរថៃ ដើម្បីបញ្ជូនពលរដ្ឋខ្មែរដែលឆ្លងដែនចូលថៃដោយខុសច្បាប់បានត្រលប់មកវិញជាហូរហែ។
លោកបន្តថា៖ «ពួកគាត់មិនត្រូវបានឃាត់ខ្លួនទុកនៅប្រទេសថៃយូរឡើយ។ ពលករស្របច្បាប់ដែលមានបំណងត្រលប់មកមាតុភូមិ ហើយទៅសុំអន្តរាគមន៍ពីស្ថានអគ្គកុងស៊ុលកម្ពុជា នៅខេត្តស្រះកែវ ប្រទេសថៃ ក៏តែងបានត្រលប់មកវិញដោយសុវត្ថិភាពដែរ»។
តាមរបាយការណ៍ស្រាវជ្រាវថ្មីមួយរបស់អង្គការសង់ត្រាល់ ចុះផ្សាយកាលពីខែកញ្ញា មានពលរដ្ឋខ្មែរយ៉ាងហោច ៧៤១នាក់ បានលួចឆ្លងដែនដោយខុសច្បាប់ទៅរកការងារធ្វើក្នុងប្រទេសថៃទាំងប្រថុយប្រថាន ហើយត្រូវអាជ្ញាធរព្រំដែនថៃនិងកម្ពុជាចាប់ខ្លួនបាន គិតក្នុងរយៈពេល៧ខែដើមឆ្នាំ២០២១ នៃការរីករាលដាលជំងឺកូវីដ-១៩។
របាយការណ៍ដដែលបន្តថា ក្នុងចំណោមនោះ គឺមានជិត៥០ភាគរយត្រូវរងការផាកពិន័យនិងស៊ើបអង្កេតបញ្ជូនទៅចាត់ការបន្តតាមនីតិវិធីច្បាប់ ដែលធ្វើឱ្យពួកគេត្រូវរងគ្រោះបន្ថែមលើការគ្មានការងារធ្វើ គ្មានចំណូល បំណុល ហើយរងទុក្ខលំបាករាងកាយ និងសុខភាពថែមមួយកម្រិត៕
សេចក្ដីកែតម្រូវ៖ កថាខណ្ឌទី៣ «បើតាមប្រភពដដែល […] ឯក្នុងខែសីហា គឺមាន២ករណី ឃាត់ខ្លួនមនុស្ស១៧៥នាក់។» ទៅជា «បើតាមប្រភពដដែល […] ឯក្នុងខែសីហា គឺមាន១២ករណី ឃាត់ខ្លួនមនុស្ស១៧៥នាក់។»