WHO​ បង្កើត​ក្រុម​ការងារ​ថ្មី​មួយ​ដើម្បី​កំណត់​ប្រភព​ដើម​នៃ​ជំងឺ​កូវីដ-១៩

សន្តិសុខឃ្លាំមើលរក្សាសុវត្ថិភាពនៅខាងក្រៅវិទ្យាស្ថានរោគសាស្ត្រ វូហាន ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ក្រុមអង្គការសុខភាពពិភពលោក (WHO) ដែលមានភារកិច្ចស៊ើបអង្កេតប្រភពដើមនៃវីរុសកូរ៉ូណា (COVID-19) នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១។ (REUTERS/Thomas Peter)

អង្គការ​សុខភាព​ពិភពលោក (WHO) បានប្រកាសបង្កើតក្រុមការងារថ្មីមួយ កាលពីថ្ងៃពុធម្សិលមិញ និង​បានចាត់ទុកថាជាឱកាសចុងក្រោយរបស់ខ្លួន ដើម្បីកំណត់ពីប្រភពដើមនៃជំងឺកូវីដ-១៩ ស្របពេលដែលអង្គការនេះក៏បានជំរុញឱ្យប្រទេសចិន​ចូលរួមសហការផងដែរ។

សំណួរថា «តើជំងឺរាតត្បាតនេះកើតចេញមកពីទីតាំងណានិងដោយរបៀបណា?» បានក្លាយជាប្រធានបទដ៏ក្ដៅគគុកមួយ ជាពិសេសសម្រាប់ប្រទេសចិន ជាកន្លែងដែលករណីដំបូង​បាន​ផ្ទុះឡើង​នៅចុងឆ្នាំ​២០១៩។

ជាការឆ្លើយតប នាយកប្រតិបត្តិការ​សម្រាប់​គ្រាអាសន្ន​របស់​​អង្គការ WHO ​លោក Mike Ryan ជំរុញ​ឱ្យមានភាពអត់ធ្មត់ក្នុងការទទួលបានចម្លើយនេះ។

លោកថា៖ «វាគឺជាកិច្ចការព្យាយាមមួយរបស់មនុស្សក្នុងការស្វែងយល់អំពីមេរោគដែលបានបញ្ឈប់ពិភពលោកទាំងមូលរបស់យើង។ ហើយខ្ញុំសូមធ្វើការស្នើដល់អ្នករាល់គ្នា ប្រទេសទាំងឡាយ អ្នកសារព័ត៌មាន និងអ្នកផ្សេងទៀត ផ្ដល់ពេលវេលា ដើម្បីឱ្យការពិភាក្សាលើការងារនេះ​អាចកើតមានឡើងបាន»។

គួរបញ្ជាក់ថា ក្រុមការងារមួយដែលដឹកនាំដោយអង្គការ​សុខភាព​ពិភពលោក កាលពីដើមឆ្នាំនេះ ក៏ធ្លាប់បានចំណាយ​រយៈ​ពេល៤​សប្ដាហ៍នៅនិងជុំវិញទីក្រុងវូហាន ប្រទេសចិន ជាមួយអ្នកវិទ្យាសាស្ត្រចិននានាផងដែរ ដើម្បីស៊ើបអង្កេតពីប្រភពដើមនៃករណីឆ្លងវីរុសកូរ៉ូណាដំបូង។

ជាលទ្ធផល ពួកគេបានបញ្ជាក់ឱ្យដឹងនៅក្នុងរបាយការណ៍រួមមួយកាលពីខែមីនាថា វីរុសនេះអាចត្រូវបានចម្លងពីសត្វប្រចៀវទៅកាន់មនុស្សតាមរយៈសត្វផ្សេងមួយទៀត ខណៈដែលការរកឃើញនេះក៏តម្រូវឱ្យមានការសិក្សាស្រាវជ្រាវបន្ថែមទៀតផងដែរ។

ជាមួយគ្នានេះ អគ្គនាយកអង្គការ WHO លោក Tedros Adhanom Ghebreyesus បានថ្លែងឱ្យដឹងផងដែរថា ការស៊ើបអង្កេតត្រូវបានរារាំងដោយការខ្វះទិន្នន័យដើម ដោយលោកបានអំពាវនាវឱ្យមានការធ្វើសវនកម្មនៅមន្ទីរពិសោធន៍។

ទោះជាយ៉ាងណា ប្រទេសចិនបានច្រានចោលម្ដងហើយម្ដងទៀតនូវការលើកឡើងដែលថាមេរោគនេះបានលេចធ្លាយចេញពីមន្ទីរពិសោធន៍មួយរបស់ខ្លួន ខណៈដែលពួកគេលើកឡើងថា ការចុះពិនិត្យមកកាន់ទីតាំងដោយផ្ទាល់បន្ថែមទៀត គឺមិនចាំបាច់នោះទេ។

នៅក្នុងការចេញផ្សាយមួយរបស់គេហទំព័រ Science អង្គការសុខភាពពិភពលោកបានឱ្យដឹងថា​ ការស៊ើបអង្កេតលម្អិតអំពីប្រភពដើមនៃករណីឆ្លងដំបូងបំផុតនៅក្នុងប្រទេសចិន មុនខែធ្នូ ឆ្នាំ២០១៩ គឺនៅតែមានភាពចាំបាច់ ដែលរួមទាំងការវិភាគសំណាកឈាមដែលបានរក្សាទុកពីឆ្នាំ២០១៩ នៅទីក្រុងវូហាន ផងដែរ។

ទាក់ទិននឹងករណីនេះ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជាតិ លោក ឈិន ស៊ូ (Chen Xu) បានលើកឡើងថា ក្រុមការងារអន្ដរជាតិនានាត្រូវបានបញ្ជូនទៅកាន់ប្រទេសចិន​ពីរដង​រួច​មកហើយ ខណៈដែលពួកគេគួរតែទៅទីតាំងផ្សេងក្រៅពីប្រទេសចិន ដើម្បីស្រាវជ្រាវបន្ត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ