ពលរដ្ឋប៉ះពាល់ពីគម្រោងផ្លូវដែក ខកចិត្តនឹងអាជ្ញាធរខណ្ឌឫស្សីកែវពន្យារការដោះស្រាយដីធ្លីជូនពួកគេ

ព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ពលរដ្ឋតំណាង​ឱ្យ​​​៣០គ្រួសារ ដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវ​ដែក​នៅសង្កាត់​បឹង​កក់២ និងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក បានយកញត្តិទៅដាក់នៅរដ្ឋបាល​រាជធានីភ្នំពេញ ដោយស្នើ​ឱ្យ​អាជ្ញាធរ​ជួយ​ពន្លឿន​ការ​ដោះស្រាយ​​បញ្ហា​ដីធ្លី ខណៈ​ពួកគេ​បារម្ភខ្លាច​​អាជ្ញាធរចុះរុះរើផ្ទះសម្បែងដោយមិនមានដំណោះស្រាយ។ (គួយ ឡង់ឌី)

ពលរដ្ឋ១០នាក់ តំណាង​ឱ្យ​​​៣០គ្រួសារ ដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវ​ដែក ​នៅសង្កាត់​បឹង​កក់២ និងសង្កាត់​​​ទឹកល្អក់១ ខណ្ឌទួលគោក សម្ដែងការខកចិត្តជាថ្មី​ ខណៈអាជ្ញាធរ​ខណ្ឌ​នៅ​តែ​ពន្យារ​ពេល​​ដោះស្រាយវិវាទ​ដីធ្លីជូនពួកគាត់​។

អ្នកស្រី ឈូក រតនា ដែលអះអាងថាជាអ្នកតំណាងប្រជាសហគមន៍ផ្លូវដែក ប្រាប់ វីអូឌី នៅថ្ងៃទី១៤ ខែតុលានេះថា​ អភិបាលខណ្ឌទួល​គោក បានជួបជជែកគ្នាជាមួយចៅសង្កាត់ទួលគោក និងចៅសង្កាត់ទឹកល្អក់ទី១ នៅរសៀលថ្ងៃនេះ ប៉ុន្តែអ្នកស្រីថា អាជ្ញាធរខណ្ឌទួកគោកនៅតែរក្សាជំហរផ្ដល់ដីជូនប្រជាពលរដ្ឋ​នៅ​តំបន់​អភិវឌ្ឍន៍​​របស់​ក្រុម​ហ៊ុន​ 7NG ស្ថិត​នៅ​ខេត្ត​កណ្ដាល និង​តំបន់​គោក​ខ្សាច់ ​ដែលមាន​ចម្ងាយ​ពី​រាជធានីភ្នំពេញ ៥​ទៅ​៦គីឡូម៉ែត្រ ជា​តំបន់​មិន​ទាន់មាន​ទឹកប្រើប្រាស់​នៅ​ឡើយ។

ចំណែកទីតាំងដីដែលពលរដ្ឋស្នើសុំនៅ​ «​វត្តទួលអស់លោក» ឬដី​​ក្នុ​ង​​ខណ្ឌទួល​គោក ដែលស្ថិតនៅក្បែរទីប្រជុំជន ងាយស្រួល​រកប្រាក់ទ្រទ្រង់​ជីវភាព​គ្រួសារ និងងាយស្រួលកូនៗទៅសិក្សានោះ អ្នកស្រីថា អាជ្ញាធរនឹង​យកសំណើនេះទៅជម្រាប​រដ្ឋបាលរាជធានីភ្នំពេញសិន។

អ្នកស្រីមានប្រសាសន៍ថា៖ «សុំដោះស្រាយឱ្យបានសមរម្យ ខ្ញុំចង់នៅតំបន់ដែលនៅជិតផ្ទះដែលខ្ញុំរងផលប៉ះពាល់ ខ្ញុំសុំនៅដីនៅក្នុងខណ្ឌទួលគោក និងដីវត្តទួលអស់លោក ហើយគាត់[អភិបាលខណ្ឌទួលគោក]ថា ចាំគាត់យកសំណើពួកខ្ញុំទៅប្រាប់សាលារាជធានីភ្នំពេញ ហើយគាត់ថាឱ្យពួកខ្ញុំនៅឱ្យស្ងៀមមួយកន្លែង ចំាមើលគេដោះស្រាយសិន។ បើកន្លែងហ្នឹងគេដោះមិនបាន ចាំគេហៅទៅកន្លែងមួយទៀតដែលគាត់នឹងចង្អុលបង្ហាញឱ្យ តែខ្ញុំអត់ដឹងថាគាត់ចង្អុលបង្ហាញនៅកន្លែងណាទេ»។

អ្នកស្រី ហ៊ុយ សាឃឿន ដែលចូលជួបអភិបាលខណ្ឌទួលគោកនៅរសៀលនេះដែរ​ បញ្ជាក់ថា អាជ្ញាធរស្នើទៅប្រជាពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ កុំដើរតវ៉ាធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ព្រោះក្រុមការងារជំនាញកំពុងរក​វិធីដោះស្រាយបញ្ហាដីធ្លីជូនពួកគេនាពេលឆាប់ៗនេះ។

ទោះជាបែបនេះក្ដី អ្នកស្រីបញ្ជាក់ថា គាត់មិនអាចនៅស្ងៀមស្ងាត់បាន​នោះទេ ដោយសារគាត់​ទៅខណ្ឌចំនួន​៥ដង និង​ទៅរដ្ឋបាល​រាជធានីភ្នំពេញ​ជាច្រើនដងហើយ ប៉ុន្តែអាជ្ញាធរនៅតែមិនទាន់មានដំណោះស្រាយជូនពួកគេនៅឡើយ។ ករណីនេះ អ្នកស្រីថា ធ្វើឱ្យពួកគេព្រួយបារម្ភពីការបណ្ដេញចេញដោយបង្ខំ និងមិនមានសំណងសមរម្យជាដើម។

អ្នកស្រីបង្ហាញក្តីបារម្ភដូច្នេះថា៖ «និយាយឡើង គេឱ្យយើងនៅស្ងាត់ នៅស្ងៀម ចាំគេដោះស្រាយ! ខ្ញុំថា ខ្ញុំចាំដោះស្រាយម៉េច ដូចថាផ្ទះយើងគេអត់ដេញ យើងមិនសូវភ័យទេ ដល់ពេលគេនិយាយអ៊ីចឹង ឱ្យយើងនៅស្ងៀម យើងនៅស្ងៀម​ម៉េច​កើត? យើងនៅភ័យនៅបារម្ភគេបណ្ដេញចេញដោយបង្ខំ គ្រាន់តែយើងឱ្យគាត់រកដំណោះស្រាយប៉ុណ្ណឹងសោះ គាត់​ថាយើងឆោឡោ»។

តំណាងពលរដ្ឋម្នាក់ទៀត អ្នកស្រី មាស ស្រីភាព និយាយថា អាជ្ញាធរបានព្រមានពួកគេថា បើសិនជាពលរដ្ឋនៅតែដើរតវ៉ា និងមាន​អង្គការសង្គមស៊ីវិល​នៅពីក្រោយ នោះអាជ្ញាធរមិនដោះស្រាយបញ្ហាដីធ្លីជូនពួកគេនោះទេ។

អ្នកស្រីនិយាយថា៖ «ឧបមាថាពួកខ្ញុំរឹង មានអង្គការណានៅពីក្រោយ គាត់នឹងលែងជួយពួកខ្ញុំហើយ។ នៅពេលដល់ពេល គាត់នឹងឱ្យគេរុះរើតាមផ្លូវច្បាប់»។

វីអូឌី មិនអាចសុំការបំភ្លឺពីអភិបាលខណ្ឌទួលគោក លោក ជា ពិសី បានទេ នៅថ្ងៃនេះ។

នាយករ​ងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការ​លើក​ឡើង​​របស់​​អាជ្ញាធរ​ដែលថាមានសង្គមស៊ីវិលនៅពីក្រោយការតវ៉ារឿងដីធ្លី​ ហើយថានឹងមិនដោះស្រាយបញ្ហាដីធ្លីជូនពួកគេ ជាការលើកឡើង​មិនត្រឹមត្រូវទេ ព្រោះសង្គមស៊ីវិលធ្វើការឈរលើគោលការណ៍អព្យាក្រឹត្យ​ និងមានសិទ្ធិ​ត្រឹម​តែប្រឹក្សា​យោបល់​ផ្លូវច្បាប់​ដល់​ពលរដ្ឋ​ដែលរងគ្រោះមកពឹងពាក់តែប៉ុណ្ណោះ មិនមានសិទ្ធិសម្រេចសេចក្តីដោះស្រាយដីធ្លីដូចអាជ្ញាធរនោះទេ។

ករណីនេះ លោក អំ សំអាត បញ្ជាក់ថា បើអាជ្ញាធរនៅតែពន្យារពេលដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋមិនបានទាន់ពេលទេ នោះនឹងធ្វើឱ្យពួកគេអស់ជំនឿលើប្រព័ន្ធគ្រប់គ្រងរដ្ឋជាដើម ។

លោកមានប្រសាសន៍ថា៖ «បើសិនជាការដោះស្រាយនៅតែពន្យារពេល ហើយនៅពេលមួយដល់ពេលអភិវឌ្ឍន៍ ហើយត្រូវបានបណ្ដេញចេញដោយបង្ខំ វាជាបញ្ហាប៉ះពាល់​ធ្ងន់ធ្ងរទៀតសម្រាប់ការរស់នៅនិងជីវភាពរស់នៅ​របស់ពួកគាត់។ ទៅជារឿងមួយដែលមិនមានដំណោះស្រាយល្អទេ ហើយវាអាចមានការរិះគន់ដល់អាជ្ញាធរបន្ថែមទៀត»។

បើតាមញត្តិរបស់ពលរដ្ឋដាក់ទៅរដ្ឋបាល​រាជធានីភ្នំពេ​ញ កាលពីថ្ងៃ​ទី១៣ ខែកញ្ញានេះ ពលរដ្ឋដែល​រងផលប៉ះពាល់​ពី​គម្រោង​ផ្លូវដែក​ទាំង​​ស្រុងមានចំនួន២៥​គ្រួសារ និងចំនួន៥​គ្រួសារទៀតប៉ះពាល់មួយ​ផ្នែកតែប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ