បុគ្គលិក​សណ្ឋាគារ​នៅ​សៀមរាប​រំពឹង​ថា​ រដ្ឋា​ភិបាល​នឹង​បើក​ទទួល​ទេសចរ​អន្តរជាតិ​ឡើង​វិញ​នៅ​ចុង​ឆ្នាំ

បុរសអ្នកបើកកង់បីម្នាក់បើកឆ្លងកាត់ពីមុខសណ្ឋាគារ អប្សរាអង្គរ ដែលមានទីតាំងក្នុងខេត្តសៀមរាប ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។

បុគ្គលិកសណ្ឋាគារនៅខេត្តសៀមរាបមួយចំនួនរំពឹងថា រដ្ឋាភិបាលនឹងបើកប្រទេស​​ទាំង​ស្រុង ជាពិសេស​​ទទួលភ្ញៀវ​ទេស​ចរ​​អន្តរ​​ជាតិ​​​​ឡើង​វិញនៅចុងឆ្នាំ២០២១តាមការគ្រោងទុក ខណៈពួកគេមើលឃើញថា ស្ថានភាពរី​ករាលដាល​ជំងឺកូវីដ-១៩ ហាក់វិវត្តទៅរកភាពធូរស្រាល។ 

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងកាលពីសប្ដាហ៍មុនថា លោកនឹងបើកទ្វារសេដ្ឋកិច្ចប្រទេសទាំង​ស្រុង ដើម្បី​ផ្ដល់​ចរន្តសេដ្ឋកិច្ចគ្រប់វិស័យ រាប់ទាំង​វិស័យទេ​​​សចរណ៍ ដោយបើកទទួលទេសចរបរទេស​ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩រួច បើក្រោយពិធីបុណ្យភ្ជុំបិណ្ឌមិនមា​​នផ្ទុះការចម្លង​ជំងឺផ្លូវដង្ហើ​មថ្មីបង្កជា​ម​ហន្តរាយធ្ង​ន់ធ្ងរ។

ប្រធានគ្រប់គ្រងផ្នែកលក់នៃសណ្ឋាគារ អង្គរវីឡា ក្នុងក្រុងសៀម​រាប អ្នកនាង ឃ្លោក មិថុនា លើកឡើងនៅថ្ងៃ​ទី១៣ ខែតុលានេះថា សណ្ឋាគារនេះ​បានបិទទ្វារតាំងពីផ្ទុះជំងឺកូវីដ-១៩ក្នុងឆ្នាំ២០២០មកម្លេះ ប៉ុន្តែខាងសណ្ឋាគារនៅរក្សាបុគ្គលិកប្រមាណ២០ភាគរយក្នុងចំណោមបុគ្គលិកប្រមាណ៣០០នាក់ សម្រាប់បន្តនិរន្តរភាពអាជីវកម្ម និងការថែទាំហេដ្ឋារច​នាសម្ព័ន្ធរូបវ័នរបស់សណ្ឋាគារ។

ប្រភពដដែលបន្ថែមថា ខាងសណ្ឋាគារមិនទាន់មានគម្រោងថានឹងបើកដំណើរការ​​ឡើងវិញនៅពេលណានៅឡើយ ដោយនៅរង់ចាំកាលបរិច្ឆេទបើកប្រទេសជាផ្លូវការក្នុងការទទួលភ្ញៀវទេសចរ​អន្តរ​ជាតិ​​ពីសំណាក់​រដ្ឋាភិបាលសិន។ 

បុគ្គលិកផ្នែកលក់រូបនេះបន្ថែមថា៖ «ខ្ញុំសង្ឃឹម៦០ទៅ៧០ភាគរយដែរ ព្រោះដោយសារមើលទៅស្ថានភាពនៃការឆ្លងកូវីដ មើ​លទៅវាប្រសើរជាមុន មានន័យថា វាអត់សូវឆ្លងច្រើនជាងមុន។ ហើយណាមួយទៀត អ្នកដែលឆ្លងភាគច្រើនវាអត់សូវធ្ងន់ធ្ងរ មា​នន័យថា ពួកគាត់អាចព្យាបាលលក្ខណៈថា វាជាកូវីដ​​ដែល​ស្រាលអ៊ីចឹង វាអត់សូវមានអាធ្ងន់ធ្ងរឆ្លង»

ដោយឡែក ជំនួយការប្រធានគ្រប់គ្រងផ្នែកលក់នៅសណ្ឋាគារ​ប៉ាស៊ីហ្វិក ក្នុងក្រុងសៀមរាប អ្នកនាង មឿន សុគ្គណ្ណា លើកឡើ​ងថា ខា​ងសណ្ឋាគារកំពុងរៀបចំវិធានការបង្ការនិងការពារជំងឺកូវីដ-១៩ រួចជូនដំណឹងទៅក្រសួងសុខាភិបាលដើម្បីពិនិត្យ បើទោះជារដ្ឋាភិបាលមិនទាន់ប្រកាសបើកប្រទេសឡើងវិញនៅថ្ងៃណាក្ដី។

បុគ្គលិករូបនេះមើលឃើញថា ស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ប​ច្ចុប្បន្ន មិនមានអ្វីគួរឱ្យ​ព្រួយ​​បារម្ភ​នោះ​ទេ ដោ​យសារពលរដ្ឋភាគច្រើនបានចាក់វ៉ាក់សាំងចំនួន២ដូស ហើយរដ្ឋាភិបាលកំពុងដំណើរការចាក់ដូសទី៣ ជូនពលរដ្ឋបន្ថែមទៀ​តដែរ។

អ្នកនាង មឿន សុគ្គណ្ណា និយាយថា៖ «សង្ឃឹមថាដែរហ្នឹង តែមិនដឹងថាស្ថានការណ៍ហ្នឹងវាបែបម៉េច យើងអត់ទាន់ Estimate [ប៉ាន់​ប្រមាណ] ចេញ។ តែ​យើងនឹងទទួលភ្ញៀវសម្រាប់អ៊ុំទូកហ្នឹងសិន ព្រោះអីយើងនឹងអ៊ុំទូកសម្រាប់ខែក្រោយ។ ហើយអ៊ីចឹងយើងទទួលភ្ញៀវសម្រាប់អ៊ុំទូកសិន។ បើសិនជាអ៊ុំទូក យើងដំណើរការទៅមុខ ប្រទេសរបស់យើងអាចនឹងមានស្ថានការណ៍វិលទៅធម្មតាអ៊ីចឹង»

អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័ក ថ្លែង​ថា ក្រសួងទេសចរណ៍​កំពុងសហការ​ជាមួយ​ក្រសួង​ស្ថាប័នពាក់ព័ន្ធ រៀបចំផែនការបើក​ទទួលទេសចរ​ពីក្រៅប្រទេសដែល​បានចាក់​វ៉ាក់​សាំង​រួច ឬហៅថា​ ទេសចរណ៍​សុវត្ថិភាព តាមការគ្រោងទុកនៅចុងឆ្នាំ។

លោកបន្ថែមថា ស្ថានភាពឆ្លងរាលដាលជំងឺកូវីដ-១៩កំពុងមានភាពល្អប្រសើរ ហើយបើមិនមានអ្វីវិវត្តទៅជាធ្ងន់ធ្ងរនាពេលខាងមុខទេ លោកជឿថា ដំណើរការបើកទ្វារប្រទេសទាំងស្រុងនឹងត្រូវបានអនុវត្ត។

លោក តុប សុភ័ក ថ្លែងថា៖ «កិច្ចការនេះនៅពេលសម្រេចជាផ្លូវការ យើងខ្ញុំនឹងជម្រាបជូនលម្អិតថាតើយើងនឹងទទួលទេសចរ​អន្តរជាតិឡើងវិញនៅក្នុងកម្រិតណា នៅក្នុងទម្រង់បែបណា ហើយមានលក្ខខណ្ឌយ៉ាងម៉េចៗ។ សូមអនុញ្ញាត​ថា នឹងជម្រាបជូននៅពេលក្រោយ»។

ប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា លោក ទូច កុសល គាំទ្រចំពោះផែនការបើកទ្វារសេដ្ឋកិច្ចទាំងស្រុង​​ឡើងវិញរបស់រដ្ឋាភិបាលនៅពេលខាង​​មុខ​ ដើម្បីជួយស្រោចស្រង់វិស័យទេសចរណ៍​ដែលជាវិស័យមួយរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត​ក្នុងចំណោមវិស័យផ្សេងៗ។

យ៉ាងណា លោកបារម្ភចំពោះបញ្ហារីករាលដាលក្រោយបើកឡើងវិញ ខណៈស្ថានភាពឆ្លងក្នុងប្រទេស ថ្វីត្បិតបានធ្លាក់ចុះតួលេ​ខពី៧០០ទៅ៨០០​ករណី មកនៅត្រឹមពី២០០ទៅ៣០០ករណីក្នុងមួយថ្ងៃមែន ប៉ុន្តែ​​ចំនួននេះគឺមិនបានរាប់បញ្ចូលការធ្វើតេស្ត​រហ័សនោះទេ។ 

លោកបន្ថែមថា រដ្ឋាភិបាលគួរតែធ្វើតេស្តរកវិជ្ជមានកូវីដ-១៩​លើភ្ញៀវពី​ក្រៅប្រទេស និងឱ្យធ្វើចត្តាឡីស័ក បើទោះជាពួកគេបានចាក់វ៉ាក់សាំងរួចក្តី ដើម្បីធានាសុវត្ថិភាពដល់ពលរដ្ឋក្នុងប្រទេស ពីការនាំចូលជំងឺដូចក្នុង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ឆ្នាំ២០២១។ 

លោក ទូច កុសល ថ្លែងថា៖ «ប្រសាសន៍របស់សម្ដេចដែលថាចង់បើកឱ្យមានភ្ញៀវទេសចរ​ដែលពួកគាត់បានចាក់វ៉ាក់សាំងហើយ ខ្ញុំគិតថា ជាការល្អ ដែលធ្វើឱ្យមានកំណើនភ្ញៀវទេសចរ​កើន​ឡើង ហើយវាធ្វើឱ្យមានភាពល្អប្រសើរទៅដល់វិស័យទេសចរណ៍។ ប៉ុន្តែយើងក៏មានការព្រួយបារម្ភដែរ ខ្លាចវិធានការបង្ការហ្នឹង វាមិនបានឆ្លើយតបទៅតាមវិធានការរបស់ក្រសួងសុខាភិបាល»។

ចំណែក​ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា​ លោកស្រី ឆាយ ស៊ីវលីន បានឱ្យដឹងកាលពីសប្ដាហ៍​មុន​ថា ម្ចាស់សណ្ឋាគារនិងភ្នាក់ងារទេសចរណ៍​កំពុងរង់ចាំមើលសេចក្ដីប្រកាសបើកប្រទេសជាផ្លូវការរបស់រដ្ឋាភិបាល មុននឹងពួកគេចាប់ផ្ដើមរៀបចំប្រតិបត្តិការអាជីវកម្មរបស់ខ្លួនដែលបានផ្អាកមួយរយៈពេលវែងឡើងវិញ។

លោកស្រីថ្លែងថា៖ «បើសិនបើអត់មានជាកាលបរិច្ឆេទត្រឹមត្រូវទេ គាត់បានត្រឹមតែត្រៀម ក៏ប៉ុន្តែការត្រៀមពិតប្រាកដហ្នឹង វាមិនទាន់មកដល់ ព្រោះរឿងហ្នឹងវាទាក់ទងនឹងការចំណាយផងដែរ។ អ៊ីចឹងការត្រៀមត្រូវហៅបុគ្គលិក អ្នកជំនាញហ្នឹងត្រលប់មកវិញ អ៊ីចឹងតើហៅមករយៈពេលណាដើម្បីត្រៀម អ៊ីចឹងការរង់ចាំហ្នឹងបន្តគ្នា»

បើតាមប្រភពដដែល សណ្ឋាគារនិងភោជនីយដ្ឋានប្រមាណជាង៣ ០០០ទីតាំង ភាគច្រើននៅក្នុងខេត្ត​សៀមរាប ត្រូវបានបិទទ្វារ និងធ្វើឱ្យប៉ះ​​​ពាល់ដល់បុគ្គលិកកំពុងបំពេញការងារចម្លោះ​ពី៥​ទៅ៦ម៉ឺន​កន្លែង ដែលខ្លះត្រូវបង្ខំចិត្តប្តូរទៅធ្វើការងារ​សំណង់ឬ​ស្រែ​​ចម្ការ ខ្លះត្រូវបានរឹបអូសដីធ្លី ផ្ទះសម្បែង​ ដោ​យ​សារចំណូលត្រូវបាត់បង់ មិនអាចមានលទ្ធភាពដោះបំណុលធនាគារបាន ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ