សកម្មជន​ដីធ្លី​ខេត្ត​ត្បូងឃ្មុំ​ម្នាក់​ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ​បន្ទាប់​ពី​អនុវត្ត​ទោស​ចប់

ទិដ្ឋភាពនៅពីមុខសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

សកម្មជនដីធ្លីម្នាក់ នៅស្រុកតំបែរ ខេត្ត​ត្បូង​ឃ្មុំ ត្រូវបាន​តុលាការ​ដោះលែង​ឱ្យមានសេរីភាពវិញ ក្រោយពីអនុវត្តទោសចប់តាមការកំណត់របស់តុលាការ។

កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ សាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ ចេញសាលដីកាសម្រេចដាក់ទោសប្រធានសហគមន៍ស្រែប្រាំង លោក សែម សាង ឱ្យជាប់ពន្ធនាគារចំនួន២ឆ្នាំ ក្រោមបទចោទ «កំហែងយកដោយមានស្ថានទម្ងន់ទោសដោយប្រើប្រាស់អាវុធ» និងបានដោះលែងឱ្យមានសេរីភាពវិញកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១​នេះ បន្ទាប់ពីអនុវត្តទោសចប់។

ក្រោយចេញពីពន្ធនាគារនេះ ប្រធានសហគមន៍ស្រែប្រាំង លោក សែម សាង សុំមិនទាន់និយាយអ្វីជាមួយសារព័ត៌មានទេ ដោយសារបារម្ភពីសុវត្ថិ​ភាព។

លោក សែម សាង ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ក្រោយពីលោក​សកម្មដឹក​នាំ​ប្រជាពលរដ្ឋ​នៅសហគមន៍ស្រែប្រាំង តវ៉ារឿង​ជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិនមួយ និងជាមួយ​ឧកញ៉ាម្នាក់ ស្ថិត​នៅភូមិ​ស្រែប្រាំង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

បើតាមឯកសារ​​ចងក្រង​​ដោយ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា បានឱ្យដឹង​​ថា ដីព្រៃលិចទឹករបស់សហគមន៍ស្រែប្រាំង និងសហគមន៍បុស្សស្នោ ទំហំ៥៨០​ហិកតា ផ្ដើម​មាន​ជម្លោះជា​មួយ​ក្រុម​ហ៊ុន​ចិន «ហាម៉ីនី វីន អ៊ិនវេសមេន» ចាប់តាំងពីឆ្នាំ២០១៤ និង​ដី​ទំហំ២០០​ហិកតា​ទៀត មាន​ជម្លោះ​ជាមួយ​ឧកញ៉ា ម៉ែន ចាន់ធឿន ខណៈពលរដ្ឋទាំងនោះប្រមាណ២៥០គ្រួសារបាន​ចូល​មកកាន់​កាប់ដី​នៅ​តំបន់​មានជម្លោះនេះ​តាំងពីឆ្នាំ២០០២។

ពលរដ្ឋម្នាក់នៅសហគមន៍ស្រែប្រាំង លោក ថា លីដា ឱ្យដឹងថា នៅសហគមន៍នេះ តំណាងពលរដ្ឋ៣នាក់ត្រូវបានតុលាការឃុំខ្លួនជាបន្តបន្ទាប់យ៉ាងអយុត្តិធម៌ ក្នុងនោះមានលោក​ សែម សាង លោក ហឿន ស៊ីនាត​ និងលោក សែម ចំណាន ហើយថា ការចាប់ខ្លួននោះ ស្របពេលភរិយារបស់ពួកគាត់មានផ្ទៃពោះសម្រាល​កូន​ថែម​ទៀត ដែល​ធ្វើឱ្យគ្រួសារអ្នកជាប់ទាំងនោះបានជួបការលំបាកក្នុងជីវភាព​ជាខ្លាំង។

ពលរដ្ឋរូបនេះបន្តថា ករណីអាជ្ញាធរចាប់តំណាងពលរដ្ឋទាំង៣នាក់នៅសហគមន៍ស្រែប្រាំងនោះ គឺជាការគំរាមកំហែង និងបំបាក់ស្មារតី មិនឱ្យប្រជាពលរដ្ឋផ្សេងទៀតហ៊ាន​ចេញតវ៉ាដីធ្លីតែប៉ុណ្ណោះ។

លោកបន្ថែមថា៖ «វាគឺជាការគំរាមកំហែងដល់ប្រជាពលរដ្ឋផ្សេងៗទៀត មិនឱ្យក្រោកឈរតវ៉ាទៀត។ ហើយ​ខ្ញុំ​ឃើញ​ថា តាំងពីមានការចាប់ខ្លួនមក គឺមានការគំរាមកំហែងជាបន្តបន្ទាប់ទៀត ប្រសិនជាពលរដ្ឋហ៊ានសកម្មជាងគេក្នុងការចេញមុខតវ៉ា គេគំរាមថា នឹងចាប់ដាក់ពន្ធនាគារដូចតំណាងមុនៗដែរ»

ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន ដែលតាមដានករណីនេះ មានប្រសាសន៍​ថា ការចាប់ខ្លួននិងចោទប្រកាន់ទៅលើតំណាងពលរដ្ឋទាំង៣នាក់នោះ ជារឿងអយុត្តិធម៌ ដោយ​ថា ពួកគេមិនមានកំហុសដូចការចោទប្រកាន់ឡើយ។

ប្រធានសមាគមរូប​នេះបន្តថា រឿងរ៉ាវដែលឈានដល់មានការចាប់ខ្លួនតំណាងពលរដ្ឋទាំងនេះ គឺពាក់ព័ន្ធជម្លោះដីធ្លី ដោយសារពួកគេសកម្មខ្លាំងក្នុងការចេញមុខតវ៉ា​ទាមទាររកដំណោះស្រាយដីធ្លីជាមួយក្រុមហ៊ុន និងបុគ្គលមានលុយមានអំណាច ខណៈជម្លោះនោះអូសបន្លាយជិត១០ឆ្នាំដោយ​​គ្មាន​ដំណោះស្រាយ។ លោកក៏បាន​អំពាវនាវដល់រដ្ឋាភិបាលនិងតុលាការ​គ្រប់ជាន់​ថ្នាក់ ពិចារណាក្នុងការដោះលែងតំណាងពលរដ្ឋទាំង៤នាក់ និងដោះស្រាយដីធ្លីជូនពលរដ្ឋឱ្យពួកគេបានមានដីធ្លីបង្កបង្កើនផលឡើងវិញ។

លោកបន្ថែមថា៖ «ហើយជំរុញ​ដំណើរការ​នៃការដោះស្រាយដីធ្លីជូនពលរដ្ឋ ដោយឈរលើគោលការណ៍​យុត្តិ​ធម៌ និងធាតុពិតនៃផ្លូវច្បាប់ និងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ ជាពិសេសត្រូវឈរលើតម្រូវការរបស់​ពលរដ្ឋភាគច្រើន ជាជាងឈរលើឈ្មួញនិងបុគ្គលមានលុយអំណាចភាគតិច ពីព្រោះថា ដីធ្លីជាអាយុជីវិតរបស់ប្រជាពលរដ្ឋ​ ដែលពួកគាត់ត្រូវការដើម្បីបង្កបង្កើនផលសម្រាប់ចិញ្ចឹមជីវិត។ អ៊ីចឹង​ប្រសិន​បើ​ពួកគាត់​បាត់​បង់​ដី​ធ្លី និងបាត់បង់ផ្ទះសម្បែង នឹងធ្វើឱ្យពួកគាត់បាត់បង់មុខរបរប្រាក់ចំណូល អ៊ីចឹង​វានឹងធ្វើឱ្យ​ការអភិវឌ្ឍរបស់យើង​ធ្លាក់ចុះឬគ្មានកំណើនផងដែរ»

កាលពីដើមឆ្នាំ២០២១ អង្គការ​សង្គម​ស៊ីវិលចំនួន៨៨ស្ថាប័នបានចេញសេចក្ដីថ្លែងការណ៍មួយ ដោយទាមទារដល់តុលាការឱ្យទម្លាក់ចោលការចោទប្រកាន់លើ​តំណាង​សហគមន៍​ដីធ្លី​ចំនួន៤នាក់ រួមមាន តំណាងសហគមន៍ជាំក្រវៀន លោក ផុន សុផល, លោក សែម សាង, លោក ហឿន ស៊ីនាត និងលោក សែម សំណាង តំណាងសហគមន៍ស្រែប្រាំង នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ ឱ្យមានសេរីភាពវិញ។

ក្រុមអង្គការសង្គមស៊ីវិលទាំងនេះបានចាត់ទុក​ការ​ចាប់និង​ឃុំខ្លួន​តំណាង​សហគមន៍​ដីធ្លី​ទាំងនោះថា​ ជា​ការ​គំរាមកំហែង​ដោយ​ផ្ទាល់និង​ប្រយោលចំពោះ​ប្រជាពលរដ្ឋ ដោយ​គ្រាន់តែ​ពួក​គេ​ធ្វើសកម្មភាពនិង​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួនតវ៉ាទាមទារស្របតាម​រដ្ឋធម្មនុញ្ញនិង​កតិកាសញ្ញា​អន្តរជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ