៦ខែ​ឆ្នាំ​នេះ​ កម្ពុជា​នាំ​ចេញ​ផលិតផល​កើន​ជិត​៤%​ និង​ការ​នាំចូល​កើន​ជាង​៤៤% បើ​ធៀប​ពេល​ដូច​គ្នា​នៃ​ឆ្នាំ​ចាស់

កំពង់ផែនៅខេត្តព្រះសីហនុ ថតពីចម្ងាយ កាលពីឆ្នាំ២០១៨។ (ហេង វិចិត្រ)

ធនាគារជាតិកម្ពុជា ឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២១ កម្ពុជានាំចេញផលិតផលគិតជាទឹកប្រាក់ចំនួន៣៥,២ទ្រីលានរៀល កើនឡើង៣,៧% ខណៈការនាំចូលវិញគិតជាទឹកប្រាក់៦០,៥ទ្រីលានរៀល កើនឡើង៤៤,៣% បើធៀបនឹងរយៈពេលដូចគ្នា​ក្នុង​​ឆ្នាំ២០២០។

ធនាគារជាតិនៃកម្ពុជា កាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ​២០២១ បានចេញរបាយការណ៍​ស្ដីពីទំហំពាណិជ្ជកម្មកម្ពុជា ក្នុងឆមាសទី១ ឆ្នាំ២០២១ ដោយបញ្ជាក់ទៀត​ថា ផលិតផល​​សំខាន់ៗ​ដែលកម្ពុជានាំចេញមានសម្លៀកបំពាក់ ផលិតផលកាត់ដេរផ្សេងៗ ស្បែកជើង គ្រឿងបង្គុំអេឡិចត្រូនិច និងទោច​ក្រ​យាន ទៅកាន់​ទីផ្សារ​ចម្បងៗដូចជា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ចិន ជប៉ុន និងសិង្ហបុរី។

ធនាគារជាតិនៃកម្ពុជា បន្តថា ផលិតផលនាំចូលសម្រាប់បម្រើតម្រូវការក្នុងស្រុកសំខាន់ៗ រួម​មាន វត្ថុធាតុដើមសម្រាប់វិស័យ​កាត់​ដេរ ប្រេង​ឥន្ធនៈ សម្ភារ និង​បរិក្ខារ​សំណង់ យាន​យន្ត ម្ហូប​អាហារ​ និង​ភេសជ្ជៈ មក​ពីប្រទេស​ចម្បងៗ​ដូច​ជា ចិន សិង្ហបុរី វៀតណាម ថៃ និងសហភាពអឺរ៉ុប។

របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ​២០២០ និ​ងទិសដៅការងារ​ពាណិជ្ជកម្មឆ្នាំ​​២០២១ របស់​​ក្រសួង​​ពាណិជ្ជកម្ម ឱ្យដឹង​ថា ទំហំពាណិជ្ជកម្មរបស់កម្ពុជា​ពេញមួយឆ្នាំ២០២០ នាំចេញទៅក្រៅប្រទេស មានទំហំទឹកប្រាក់ចំនួន១៧ ២១៥,៣៧លាន​ដុល្លារ ពោលគឺ​មានការកើនឡើង១៦,៧២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។ ក្នុងឆ្នាំ២០២០ដដែល ការនាំចូលមាន១៨ ៥៩០,៤៨លានដុល្លារអាមេរិក ​​មានការថយចុះ៧,៨៤% បើធៀបនឹងរយៈពេល១២ខែដូចគ្នាក្នុងឆ្នាំ២០១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ