អង្គការ FAO ថា​គ្រួសារ​ងាយ​រងគ្រោះ​នៅ​កម្ពុជា​កំពុង​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ដោយសារ​វិបត្តិ​កូវីដ-១៩

ស្ត្រីម្នាក់អុំទូកទៅបំពេញការងារប្រចាំថ្ងៃ ស្ថិតនៅភូមឆ្នុកទ្រ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

អង្គការ​ស្បៀង និង​កសិកម្ម​នៃ​សហប្រជាជាតិ ​(FAO​) បានឱ្យដឹងថា នៅកម្ពុជា គ្រួសារក្រីក្រនិងងាយរងគ្រោះកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ដោយសារបាត់បង់ចំណូលក្នុងអំឡុងវិបត្តិកូវីដ-១៩ ខណៈពួកគេភាគច្រើនពឹងផ្អែកលើប្រភពចំណូលពីការងារកសិកម្ម និងលក់កម្លាំងពលកម្មទាំងក្នុងប្រទេសនិងក្រៅប្រទេស។

ការលើកឡើងនេះបានធ្វើឡើងក្នុង​សេចក្ដីប្រកាសព័ត៌មាន​នៅក្នុង «ទិវាស្បៀងអាហារពិភពលោក (WFD)» ដែលនឹងប្រារព្ធនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ស្អែកនេះ ក្រោមប្រធានបទ «សកម្មភាពយើងគឺជាអនាគតយើង ផលិតកម្មល្អ អាហារូបត្ថម្ភល្អ បរិស្ថានល្អ នាំឱ្យជីវិតកាន់​តែ​ប្រសើរ»

ក្នុងសេចក្ដីប្រកាសព័ត៌មាននោះ​ អង្គការ FAO ​បានឱ្យដឹងថា ជំងឺរាតត្បាតកូវីដ-១៩បានបង្កឱ្យមានការរាំងស្ទះដល់វឌ្ឍនការដែលបានរៀបចំជាយូរមកហើយ ដើម្បីសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពត្រឹមឆ្នាំ២០៣០។

​អង្គការ FAO​ បន្ត​ថា ជំងឺកូវីដ-១៩កាន់តែធ្វើឱ្យប្រជាកសិករពិបាកថែមទៀតក្នុងការលក់ផលិត​​ផល​ដែល​ខ្លួនផលិតបាន ស្របពេលដែលពួកគេក៏កំពុងតែប្រឈមជាមួយផលប៉ះពាល់នៃការប្រែប្រួលអាកាស​ធាតុនិងព្រឹត្តិការណ៍អាកាស​ធាតុនានាជាដើម។

ករណីនេះ អង្គការ FAO បានគូសបញ្ជាក់​​ថា៖ «នៅកម្ពុជា គ្រួសារក្រីក្រនិងងាយរងគ្រោះកំពុងប្រឈម​នឹងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ដោយសារពួកគេភាគច្រើនពឹងផ្អែកលើប្រភពចំណូលផ្សេងៗ រួមមាន ការធ្វើស្រែចម្ការ ការស៊ីឈ្នួលដោយលក់កម្លាំងពលកម្ម សកម្មភាពមិនមែនកសិកម្ម និងប្រាក់បញ្ញើពីពលករចំណាកស្រុកទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស។ ការផ្ទុះឡើងនៃជំងឺកូវីដ-១៩ បានធ្វើឱ្យពលរដ្ឋជាច្រើនបាត់បង់ការងារ»។

អង្គការនេះបន្ថែមថា អង្គការសហប្រជាជាតិ​នៅកម្ពុជាបានវាយតម្លៃផលប៉ះពាល់សង្គម-សេដ្ឋ​កិច្ច​ថា «ជាងពាក់កណ្ដាលនៃគ្រួសារនៅកម្ពុជា ត្រូវកាត់បន្ថយបរិមាណនិងគុណភាពអាហាររបស់ពួកគេ ក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩នេះ»

អ្នក​នាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក តូច ចាន់នី ទទួលស្គាល់​ថា គ្រួសារក្រីក្រពិតជាមានភាពលំបាកមែន​ក្នុងស្ថានភាពនេះ។

តែយ៉ាងណា លោកថា​៖ «ក្រសួងសង្គមកិច្ច មានកម្មវិធីផ្ទេរសាច់ប្រាក់ជូនអ្នកក្រនិងងាយរងគ្រោះ ក្នុងអំឡុងពេល​កូវីដ-១៩។ កម្មវិធីនេះ យើងធ្វើបានជិតពីរឆ្នាំហើយ អ៊ីចឹងកម្មវិធីហ្នឹង​ យើងផ្ទេរអញ្ចេះ ឧទាហរណ៍ក្នុងគ្រួសារមួយ គាត់​មានបណ្ណក្រីក្រ ហើយក្នុងគ្រួសារហ្នឹងមានសមាជិកប៉ុន្មាន? មានមនុស្សចាស់ កុមារ អ្នកផ្ទុកមេរោគអេដស៍? អ៊ីចឹងសុទ្ធជាមុខសញ្ញាដែលយើងផ្ដល់។ ជាមធ្យម មួយគ្រួសារបានប្រហែលខ្ទង់ជា៣០ម៉ឺនរៀល​ ក្នុងរង្វង់ប៉ុណ្ណឹងក្នុងមួយខែ។ ហើយការបង្កើតកម្មវិធីនេះគឺល្អណាស់ គ្មានប្រទេសណាធ្វើបានទេ! កម្ពុជាក្រ តែកម្ពុជាធ្វើបាន»។

ជាមួយគ្នានេះដែរ លោកថា ក្រុមប្រឹក្សាជាតិគាំពារសង្គម និង​ក្រសួងសង្គមកិច្ច កំពុងពិភាក្សា​បន្តពីលទ្ធភាពក្នុងការជួយ​ដល់​គ្រួសារ​ដែល​មាន​បណ្ណក្រីក្រ សម្រាប់រយៈពេលវែងនាពេល​អនាគត​ផងដែរ ​​ដែលពួកគេនឹងទទួលបាននូវកញ្ចប់​របប​ធានារ៉ាប់រងសង្គម។

ប្រធាន​សមាគម​សេដ្ឋកិច្ច​ឯករាជ្យ​ក្រៅប្រព័ន្ធ​ លោក វន់ ពៅ យល់​ស្រប​ចំពោះ​របាយ​ការណ៍​របស់​​អង្គការ FAO ដោយ​ថា ក្នុងវិបត្តិកូវីដ-១៩នេះបានធ្វើ​ឱ្យ​គ្រួសារក្រីក្រកាន់តែមាន​ស្ថាន​ភាពលំបាកទៅៗ។

លោកថា ដើម្បីដោះស្រាយជួយគ្រួសារក្រីក្រ រដ្ឋត្រូវបង្កើតជាមូលនិធិឬឥណទានណាមួយសម្រាប់​ជួយបណ្ដុះបណ្ដាលវិជ្ជាជីវៈ​ទៅដល់អ្នកដែលធ្វើការនៅក្នុងសហគ្រាសខ្នាតតូច និងអ្នកធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏ដូចជាអ្នកធ្វើការផ្នែក​កសិកម្ម​​ ជាដើម។

លោកបន្តថា៖ «ពលរដ្ឋផ្នែកកសិកម្មដែលដួលរលំដោយសារកូវីដ-១៩ រដ្ឋត្រូវមានការបង្រៀនជំនាញកសិកម្ម​ឱ្យត្រូវជំនាញ។ ការងារផ្សេងទៀត ត្រូវបង្រៀនការពង្រឹងមុខរបររបស់គាត់។ ហើយក្រោយបង្រៀនចប់ ត្រូវតែមានមូល​និធិមួយជួយទ្រទ្រង់អាជីវកម្មឡើងវិញ ឬជួយពង្រឹងយ៉ាងណាឱ្យអាជីវកម្មនោះអាចដំណើរការឡើងវិញក្រោយកូវីដ-១៩បញ្ចប់។ ប៉ុន្តែបើកូវីដ-១៩នៅបន្តទៀត រដ្ឋត្រូវរៀបចំ​យ៉ាងម៉េចឱ្យ​ពលរដ្ឋអាចរស់នៅបានក្នុងស្ថានភាពកូវីដ-១៩»។

សេចក្ដីប្រកាសព័ត៌មានរបស់អង្គការ FAO អះអាងថា ខ្លួនបានត្រៀមខ្លួនរួចរាល់ក្នុងការផ្ដល់ការគាំទ្រដល់កម្ពុជា ដើម្បីធ្វើឱ្យប្រសើរឡើងនូវការប្រើប្រាស់ធនធានធម្មជាតិ សម្រាប់ការផលិតស្បៀង ការកែច្នៃ និងការចែកចាយ ដើម្បីកាត់បន្ថយការបាត់បង់ជីវចម្រុះ ការបំពុល ការប្រើប្រាស់ទឹក ការសឹករេចរឹលដី និងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ជាដើម។

អង្គការ FAO ក៏គាំទ្រផងដែរចំពោះការនាំមកនូវបច្ចេកវិទ្យាច្នៃប្រតិដ្ឋថ្មី ព្រមទាំង​ចំណេះ​ដឹងប្រពៃណីល្អៗ​ដែលមានស្រាប់សម្រាប់ប្រជាកសិករ សំដៅលើកទឹកចិត្តពួកគេក្នុងការផលិតស្បៀងដែលមានជីវជាតិ ប្រកបដោយនិរន្តរភាព និងមិនប៉ះពាល់ដល់បរិស្ថាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ