គម្រោង​យុត្តិធម៌​ពិភពលោក​ ទម្លាក់​ពិន្ទុ​នីតិរដ្ឋ​កម្ពុជា​ជាង​២​ភាគរយ​នៅ​ឆ្នាំ​២០២១

ទីស្ដីការគណៈរដ្ឋមន្ត្រី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

អង្គការគម្រោងយុត្តិធម៌ពិភពលោក (WJP) បានដកពិន្ទុនីតិរដ្ឋកម្ពុជា ២,៣ភាគរយ​បន្ថែម​ទៀត សម្រាប់​របាយ​ការណ៍​របស់​ខ្លួន​ក្នុង​ឆ្នាំ២​០​​២​​១នេះ និងរក្សាចំណាត់ថ្នាក់កម្ពុជាជាប្រទេសនីតិរដ្ឋទាបបំផុតលំដាប់ទី២ ក្នុងចំណោមប្រទេស​១៣៩ និងលំដាប់ទី១ ក្នុង​ចំណោមប្រទេសមានប្រាក់ចំណូលមធ្យមកម្រិត​ទាប។

ក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនចេញផ្សាយនៅថ្ងៃទី១៤ ខែតុលា អង្គការ WJP ដកពិន្ទុសន្ទស្សន៍នីតិរដ្ឋកម្ពុជា ២,៣​ភាគរយ ឬស្មើនឹង0,០១ពិន្ទុ សម្រាប់ឆ្នាំ២០២១នេះ ដោយថយមកនៅ០,៣២ពិន្ទុ និងរក្សាចំណាត់ថ្នាក់កម្ពុជាឱ្យស្ថិតនៅលេខរៀ​ង១៣៨ ក្នុងចំណោមប្រ​​ទេ​​សចំនួន១​៣៩ដដែល។ ប្រទេសដែលទទួលបានចំណាត់ថ្នាក់ទាបបំផុត គឺ​ប្រទេសវ៉េណេស៊ុយអេឡា ដោ​យទទួលពិន្ទុ០,២៧។

ការផ្ដល់ចំណាត់ថ្នាក់នេះ គឺធ្វើឡើងតាមរយៈការសិក្សានិងវាយតម្លៃដោយផ្អែកលើសូចនាករ៨ចំណុច រួមមាន ដែនកំ​ណត់អំណាច​រដ្ឋាភិបា​ល ការលុប​បំបាត់អំពើ​ពុក​រលួយ រដ្ឋាភិបាល​បើកទូលាយ សិទ្ធិ​ជាមូលដ្ឋាន សណ្ដាប់ធ្នាប់​និងសន្តិសុ​ខ ការអ​នុវត្តបទប្បញ្ញត្តិ យុ​ត្តិធម៌ស៊ីវិល និងយុត្តិធម៌​ព្រហ្ម​ទណ្ឌ។

តាមប្រភពដដែល ចំណាត់ថ្នាក់នីតិរដ្ឋរបស់កម្ពុជាក្នុងឆ្នាំនេះ គឺឈរនៅលំដាប់ទាបជាងគេបំផុត​ក្នុងចំណោមប្រទេសមា​នប្រា​ក់ចំ​ណូលមធ្យមកម្រិតទាបចំនួន​៣៥ និងក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក ចំនួន១៥។

សម្រាប់ក្នុងតំបន់ ហ្វីលីពីន មីយ៉ាន់ម៉ា និងកម្ពុជា ជាប្រទេសទទួលបានពិន្ទុទាបបំផុត ​ឯចំណាត់ថ្នាក់ខ្ពស់បំផុត គឺប្រទេសណូវែលហ្សឺឡង់ តាមពីក្រោ​យដោ​យ​ប្រទេសអូស្រ្តាលី និងជប៉ុន។

នាយកប្រតិបត្តិអង្គការ WJP លោក Bill Neukom ថ្លែងក្នុងសេចក្ដីប្រកាសព័ត៌មាននោះ​ថា អំ​ឡុ​ង​​​វិបត្តិសុខភាពស​កលដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ-១៩ ចាប់ពីខែមីនា ​ឆ្នាំ២០២០មក គឺប្រទេសភាគច្រើនថមថយកា​រពង្រឹងច្បាប់ ជាង​ការធ្វើឱ្យល្អប្រសើរឡើង។ 

លោក Bill Neukom ថ្លែងថា៖ «ជាមួយនិន្នាការអវិជ្ជមានក្នុងប្រទេសជាច្រើន របាយការណ៍សន្ទស្សន៍នីតិរដ្ឋនៃគ​ម្រោងយុត្តិ​ធម៌ពិភពលោក គួរតែជាការដាស់តឿនក្រើនរំឭកមួយសម្រាប់យើងទាំងអស់គ្នា»។

លោកបន្ថែមថា៖ «នីតិរដ្ឋ គឺជាមូលដ្ឋានគ្រឹះនៃយុត្តិធម៌ ឱកាស និងសន្តិភាពក្នុងសហគមន៍។ ការពង្រឹងមូលដ្ឋានគ្រឹះនេះ គួរតែជាអាទិភាពកំពូលស​ម្រាប់ការស្តារឡើងវិ​ញ​ពីជំងឺរាតត្បាតនៅរយៈពេលខាងមុខនេះ»

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន លើកឡើងថា ការទម្លាក់ពិន្ទុនិងផ្ដល់ចំណាត់ថ្នាក់នីតិរដ្ឋកម្ពុជាទា​បជាងប្រ​ទេ​សដទៃក្នុងបរិបទកូវីដ-១៩បែបនេះ គឺមិនស្របទៅនឹងស្ថានភាពការអនុវត្តច្បាប់​ជាក់ស្ដែងនៅកម្ពុជា និងបរិបទអន្តរជាតិទេ។ លោកថា ប្រទេសមួយចំនួនដែលធ្លាប់រិះគន់រដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធវិធានការច្បាប់ប្រឆាំងជំងឺកូវីដ-១៩ ដូចជា វិធាន​បិទខ្ទប់ប្រទេសឬតំបន់ និងច្បាប់​វ៉ាក់​សាំង​កាតព្វកិច្ច​ ជាដើម ប៉ុន្តែក្រោយមកបានយកវិធានការទាំងនេះទៅអនុវត្ត ហើយធ្វើតឹងរ៉ឹងជាងកម្ពុជាទៅទៀត។ 

លោក ជិន ម៉ាលីន បន្ថែមថា៖ «ការធ្វើរបាយការណ៍ ការស្រាវជ្រាវហ្នឹងអាចថាមានការទទួលព័ត៌មានឬទិន្នន័យខុសពីភាគីតែម្ខាង អាចពី​ក្រុមសង្គមស៊ីវិលឬក្រុមដែលមាននិន្នាការប្រឆាំងដែលផ្ដល់ព័ត៌មានខុស ដែលនាំឱ្យការប្រើប្រាស់វិធីសាស្រ្តនិងការបញ្ចេញលទ្ធផលមកក៏ខុសទៅតាមហ្នឹងដែរ»។ 

មន្រ្តីអ្នកនាំពាក្យរូបនេះបន្តថា កន្លងមក អ្នករាយការណ៍ពិសេសអង្គ​ការសហប្រជាជាតិ ចេញរបាយការណ៍ខុសពីការពិត តាមរយៈការទទួលព័ត៌មានល​ម្អៀង ខុស ឬបំផ្លើសពីក្រុមអង្គការសង្គមស៊ីវិល ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល នាំឱ្យលទ្ធផលវា​​យ​​តម្លៃខុស ដូចជា របាយការណ៍កម្រិតទោសទណ្ឌលើអ្នកល្មើសច្បាប់ប្រឆាំងជំងឺកូវីដ-១៩ និងចំនួនអ្នកដែលត្រូ​វបានឃាត់ខ្លួ​នអំឡុងនៃការរាត​ត្បាត​ជំងឺ​ផ្លូវដង្ហើមមួយនេះជាដើម។

អ្នកសម្របសម្រួលគម្រោងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក ហ៊ុន សៀងហាក់ មើលឃើញថា ការទម្លាក់ពិន្ទុសន្ទស្សន៍នីតិរដ្ឋរបស់អង្គការ WJP បានឆ្លុះបញ្ចាំងពីភាពជាក់ស្ដែងក្នុងការអនុវត្តច្បាប់នៅប្រទេសកម្ពុជា។ 

លោកថា ក្នុងឆ្នាំ២០២១នេះ មានការអនុវត្តច្បាប់ដោយមិនត្រឹមត្រូវជាច្រើនទៅលើសកម្មជនសិទ្ធិមនុស្ស សកម្មជនដីធ្លី និងស​ក​​ម្មជន​នយោបាយ ហើយក៏មានការរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិរបស់​ពលរដ្ឋ ដែលហ៊ាននិយាយរិះគន់លើវិធានការច្បា​ប់ប្រ​ឆាំ​ងជំងឺកូវីដ-១៩របស់រដ្ឋាភិបាលផងដែរ។

ប្រភពដដែលនិយាយថា រដ្ឋាភិបាលគួរតែពិនិត្យនិងពិចារណាទៅលើរបាយការណ៍របស់អង្គការជាតិនិងអន្តរជាតិនានា​ឱ្យបានល្អិតល្អន់ ដើម្បីរកមើលចំណុចខ្វះខាតរបស់ខ្លួនយក​មកធ្វើការកែតម្រូវសម្រាប់ផលប្រយោជន៍ប្រជាពលរដ្ឋនិងសង្គមជាតិទាំងមូល។    

លោក ហ៊ុន សៀងហាក់ ថ្លែងថា៖ «បើយើងគ្រាន់តែរបាយការណ៍គេចេញ យើងមិនទាន់បានពិនិត្យឱ្យបានច្បាស់លាស់ យើងថ្លែងថាវាមិនឆ្លុះបញ្ចាំងការពិតនោះ មួយវាអ៊ីចឹងហើយ តែមួយទៀតពលរដ្ឋទាំងអស់ជាទូទៅគាត់អាចវាយតម្លៃខ្លួនឯងបាន ផ្អែកទៅលើរបាយការណ៍ហ្នឹង ហើយផ្អែកទៅលើស្ថានភាពជាក់ស្ដែង។ អ៊ីចឹងបានថា ការដែលគ្រាន់តែបដិសេធ ជារួមទៅ វាអត់មានប្រយោជន៍សម្រាប់សង្គមទេ ប៉ុន្តែយល់ល្អ យើងគួរតែពិចារណានិងទទួលយកនូវអ្វីដែលអាចអនុវត្តធ្វើឱ្យប្រសើរឡើងនៅប្រទេសរបស់យើង ដើម្បីពលរដ្ឋទទួលយក»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ