World Vision ជំរុញ​ឱ្យ​ពលរដ្ឋ​ខ្មែរ​អនុវត្ត​ទម្លាប់​លាង​ដៃ​នឹង​សាប៊ូ​ក្នុង​បរិបទ​ជំងឺ​កូវីដ-១៩

កុមារាជាសិស្សម្នាក់លាងដៃជាមួយសាប៊ូ នៅសាលារៀនមួយកន្លែង អំឡុងពេលរាតត្បាតកូវីដ-១៩។ (ហ្វេសប៊ុក៖ UNICEF Cambodia)

អង្គការ​ទស្សនៈពិភពលោក​អន្តរជាតិ-កម្ពុជា (World Vision) បាន​ប្រកាស​ថា ក្នុង​ឆ្នាំ២០២១ គ្រួសារ​ពលរដ្ឋ​កម្ពុជា​ជិត​៨០​ភាគរយ នៅ​ក្នុង​តំបន់​គោលដៅ​របស់​ខ្លួន​ចំនួន៩ខេត្ត មានកន្លែង​​លាងដៃ​នឹង​សាប៊ូ។

ការ​ប្រកាស​នេះបានធ្វើឡើង​​ចំពេល​ដែល​ពិភពលោក​កំពុង​ប្រារព្ធ «ទិវា​លាង​សម្អាត​ដៃពិភព​លោក» ថ្ងៃទី១៥ ខែតុលា ក្រោម​ប្រធាន​បទ «អនាគត​យើង​ស្ថិត​នៅ​លើ​ដៃ​យើង- សូមចូលរួម​លាង​សម្អាត​ដៃ​ទាំង​អស់​គ្នា»

តាមរយៈ​ទិវានេះ អង្គការ World Vision បាន​ចូលរួម​ជាមួយ​ភាគីពាក់ព័ន្ធក្នុងការ​ជំរុញ​ឱ្យ​ប្រជាជន​កម្ពុជាអនុវត្ត​ទម្លាប់​លាង​ដៃ​ជាមួយ​សាប៊ូ តាមរយៈកម្មវិធី​ទឹក​ស្អាតនិង​អនាម័យ​របស់​ខ្លួន។ «កម្មវិធីទឹកស្អាត និងអនាម័យ» (WASH) របស់អង្គការទស្សនៈពិភពលោក កំពុងអនុវត្តក្នុងស្រុកគោលដៅចំនួន២៤ ក្នុងខេត្តចំនួន​៩ រួមមាន ខេត្តក្រចេះ បាត់ដំបង បន្ទាយមានជ័យ សៀមរាប ព្រះវិហារ កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ និងតាកែវ។

យោងតាមរបាយការណ៍វាយតម្លៃរបស់អង្គការទស្សនៈពិភពលោកអន្តរជាតិ-កម្ពុជា ដែលធ្វើឡើងក្នុងតំបន់គោលដៅខេត្តចំនួន៩ នាឆ្នាំ២០២១នេះ បានបង្ហាញថា គ្រួសារកម្ពុជាចំនួនជិត៨០ភាគរយ (៧៨,៣%) មានកន្លែងលាងដៃនឹងសាប៊ូ។ តួលេខនេះបានកើនឡើង២៦,៦ភាគរយ បើប្រៀបនឹងឆ្នាំ២០១៨ ខណៈលទ្ធផលនេះក៏ប្រហាក់ប្រហែលនឹងរបាយការណ៍អង្កេតសេដ្ឋកិច្ចនិងសង្គមកិច្ចកម្ពុជា ឆ្នាំ២០២០ បង្ហាញថា គ្រួសារកម្ពុជាប្រមាណជា៨៦ភាគរយមានកន្លែងលាងដៃនឹងសាប៊ូ។

អ្នកជំនាញជាន់ខ្ពស់ទទួលបន្ទុក«កម្មវិធីទឹកស្អាត និងអនាម័យ» នៃអង្គការទស្សនៈពិភពលោក លោក នង ដាវីត ថ្លែងថា អង្គការនេះ​បានរួមចំណែកជំរុញឱ្យមានការលាងសម្អាតដៃជាមួយនឹងសាប៊ូ តាមរយៈការផ្ដល់សម្ភារលាងសម្អាតដៃ ក៏ដូចជាចូលរួមជាមួយអាជ្ញាធរមូលដ្ឋានក្នុងការអប់រំផ្សព្វផ្សាយពីសារៈសំខាន់នៃការលាងដៃនឹងសាប៊ូដល់ប្រជាជននៅក្នុងសហគមន៍។

លោក​បន្តថា នាឆ្នាំ២០២១ អង្គការទស្សនៈពិភពលោក បានផ្ដល់ជាកញ្ចប់សម្ភារអនាម័យដែលក្នុងនោះមានសាប៊ូដុសខ្លួន ម្សៅសាប៊ូ ច្រាសដុសធ្មញ និងពាងទឹកមានក្បាលរ៉ូប៊ីណេសម្រាប់បង្ហូរទឹកលាងដៃ ជាដើម ដល់គ្រួសារងាយរងគ្រោះចំនួន២៨ ១០០គ្រួសារ។ ក្រៅពីនេះ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ អង្គការទស្សនៈពិភពលោក ក៏បានផ្ដល់ជាសាប៊ូលាងដៃនិងសាប៊ូម្សៅ ដល់ពលរដ្ឋចំនួន២៧៥ ០៨៨គ្រួសារ។

កុមារី រស្មី សិស្សថ្នាក់ទី៨ នៃអនុវិទ្យាល័យមួយនាស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និយាយថា នាងបានលាងដៃនឹងសាប៊ូជាប្រចាំ មុននិងក្រោយពេលទទួលទានអាហារ ក៏ដូចជាពេល​ចេញពីបន្ទប់ទឹក។ កុមារីវ័យ១៤ឆ្នាំរូបនេះ ប្រាប់ថា ខ្លួនយល់ដឹងកាន់តែច្បាស់ពីអត្ថប្រយោជន៍នៃការលាងដៃ ក្រោយពីទទួលបានការអប់រំផ្សព្វផ្សាយអនាម័យពីបុគ្គលិកអង្គការទស្សនៈពិភពលោកដែលចូលរួមធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន។

យោងតាមអង្គការសុខភាពពិភពលោក និងអង្គការយូនីសេហ្វ ការលាងដៃនឹងសាប៊ូជួយឱ្យមនុស្ស១៦៥ ០០០នាក់ចៀសផុតពីការស្លាប់ដែលបង្កឡើងដោយជំងឺរាគ។ ការលាងសម្អាតដៃនឹងសាប៊ូ ក៏បានជួយការពារមនុស្សពីជំងឺអាសន្នរោគ រលាកផ្លូវដង្ហើមធ្ងន់ធ្ងរ និងជំងឺកូវីដ-១៩ ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ