សង្គម​ស៊ីវិល​ថា​២​ឆ្នាំ​នៃ​ការ​ឆ្លង​កូវីដ-១៩​​ការ​រំលោភ​ដីធ្លី​និង​ចាប់​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​មិន​ថមថយ​ទេ

ពលរដ្ឋដែលមានជម្លោះដីធ្លីម្នាក់កាន់អាវប្រឡាក់ដោយឈាមរបស់ជនរងគ្រោះម្នាក់ក្រោយរងការបាញ់ប្រហារពីក្រុមយោធា ដោយពលរដ្ឋអះអាងថា ហេតុការណ៍នេះកើតឡើងពេលពួកគាត់បានលើកគ្នាទៅហាមឃាត់គ្រឿងចក្រឈូសឆាយលើដីធ្លីពួកគាត់ នៅចំណុច​ភូមិអង្គស្រែពោធិ៍ ឃុំទួលពេជ្រ ស្រុកអង្គស្នួល ខេត្តកណ្ដាល ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១។ (Michael Dickison)

សង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សបានឱ្យដឹងថា រយៈពេល២ឆ្នាំ នៃការឆ្លងរីករាលដាល​ជំងឺកូវីដ-១៩ ការរំលោភយកដីធ្លី និងការចាប់ឃុំខ្លួនពលរដ្ឋ​ដាក់ពន្ធនាគារមិនមានការថមថយនោះទេ។

អង្គការការពារសិទ្ធិមនុស្សលីកាដូនៅថ្ងៃអាទិត្យនេះ បាន​ចេញផ្សាយវីដេអូមួយបានលើកឡើងថា ក្នុងរយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​ ​អំឡុង​ពេល​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ-​១​៩​ ​ការរំលោភ​យក​ដីធ្លី​នៅ​ក្នុង​ប្រទេស​ ​មិន​មាន​សញ្ញា​ថមថយ​នោះ​ទេ​ ​ហើយ​ប្រជាពលរដ្ឋ​​​ជាង​ ​៥​ ​០​០​០​ ​គ្រួសារ​​ទទួលរង​ផល​ប៉ះពាល់​ ​។​ ​

លើស​ពី​នេះ​ ​ការ​ចាប់​​ ​និង​ឃុំ​ខ្លួន​ដាក់​ពន្ធ​នាគា​រ​នៃ​សមាជិក​សហគមន៍​ ​និង​សកម្មជន​ដីធ្លី​ ​កាន់តែ​មានការ​កើន​ឡើង​ ​។​ លីកាដូបញ្ជាក់ថា ​គិត​ត្រឹម​ខែ​តុលា​នេះ​ ​សមាជិក​សហគមន៍​ ​និង​សកម្មជន​ដីធ្លី​ ​យ៉ាងតិច​ណាស់​ចំនួន​ ​២​១​ ​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ ​ហើយ​ក្នុង​នោះ​១​០​នាក់​ ​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធ​នាគា​រ​នៅឡើយ​ ​។​

​ការចេញផ្សាយវីដេអូរបស់លីកាដូជាង៣នាទី ធ្វើឡើងដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅឋាន​ពិភពលោក​ឆ្នាំ​២​០​២​១​នេះ​ ​ដោយបានបង្ហាញពី​ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វី​ដ-​១​៩​ ​ទៅលើ​សមាជិក​សហគមន៍​ ​និង​សកម្មជន​ដីធ្លី​ ​ក៏ដូចជា​ការ​តស៊ូ​របស់​អ្នក​ទាំងនោះ​ ​ក្នុង​ការប្រើប្រាស់​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពួកគេ​ ​ដើម្បី​ទាមទារ​ឱ្យ​មាន​ការគោរព​សិទ្ធិ​ដីធ្លី​។

វីដេអូ បង្ហាញថា៖ «ការបញ្ចេញមតិ និងសិទ្ធិសេរីភាពរបស់ពលរដ្ឋរងគ្រោះដីធ្លីកាន់តែមានការរឹតត្បិតក្នុងអំឡុងពេល​នៃជំងឺកូវីដ១៩នេះ។ ជាញឹកញាប់ប្រជាពលរដ្ឋរងគ្រោះដីធ្លីទាំងនោះទទួលរងការគំរាមកំហែង អំពើហិង្សា និងការចាប់ខ្លួន។ ដីធ្លីរបស់ពួកគាត់ត្រូវបានគេរំលោភយក ហើយប្រជាពលរដ្ឋរងគ្រោះដីធ្លីមួយចំនួនត្រូវបានគេចាប់ដាក់ពន្ធនាគារ។ តើមានយុត្តិធម៌ ឬទេសម្រាប់ប្រជាពលរដ្ឋរងគ្រោះដីធ្លីទាំងនោះ?»។

ពលរដ្ឋដែលលីកាដូអះអាងថា ជាប្រជាសហគមន៍រងគ្រោះដីធ្លីមួយចំនួនបានលើកឡើងក្នុងវីដេអូនោះថា ការបាត់បង់ដីស្រែចម្ការសម្រាប់បង្កបង្កើនផល គឺ មានន័យស្មើបាត់បង់ឆ្នាំងបាយរបស់ខ្លួន។  

ប្រជាសហគមន៍​៦៨គ្រួសារ អ្នកស្រី ហង្ស ចិន្តា មានប្រសាសន៍ក្នុងវីដេអូនោះថា ជំងឺកូវីដ-១៩ ​ពេលខ្លះអាចជាសះស្បើយ ប៉ុន្តែនៅពេលពលរដ្ឋបាត់បង់ដីធ្លី មិនមានអ្វីអាស្រ័យផលសម្រាប់ហូបចុក នោះពួកគាត់នឹងបាត់បង់ជីវិតមិនខាន។

អ្នកស្រីបន្តថា៖ យើងប្រឈមបញ្ហាទាំងការប្រើអំពើហិង្សា ទាំងការប្រមាថ ទាំងគេមើលងាយគ្រប់រូបភាព»។

យ៉ាងណា អ្នកនាំពាក្យគណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​លោក ជិន ម៉ាលីន ចាត់ទុករបាយការណ៍របស់អង្គការលីកាដូថា មិនឆ្លុះបញ្ចាំងពីការពិតនោះឡើយ ដោយសារមិនមានភស្តុតាងបង្ហាញពីអង្គហេតុ និងអង្គច្បាប់ច្បាស់លាស់ ។

លោកចាត់ទុកដូចនេះថា«របាយការណ៍នេះមិនមានលក្ខណៈគ្រប់ជ្រុងជ្រោយយកមកពិចារណាបានទេ ព្រោះរបាយការណ៍នេះបង្ហាញតែតួលេខនៃបញ្ហាច្បាប់ពាក់ព័ន្ធនឹងការឃាត់ខ្លួន ការឃុំខ្លួនឬការចោទប្រកាន់។ ក៏ប៉ុន្តែមិនបានបង្ហាញឬវិភាគវែកញែកអង្គហេតុ និងអង្គច្បាប់ទាក់ទងនឹងទិដ្ឋភាពច្បាប់ដែលនាំឱ្យមានការចោទប្រកាន់ ឬដំណើរការនីតិវិធីតាមផ្លូវតុលាការ។ អញ្ចឹងរបាយការណ៍មិនអាចយកជាការបាន ហើយក៏មិនមានមូលដ្ឋានផ្លូវច្បាប់ដែរ»។

ឆ្លើយតប​ករណីនេះ នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត បញ្ជាក់ថា លីកាដូមានភស្តុតាង និងរបាយការណ៍ជាក់លាក់ ពាក់ព័ន្ធនឹងការចោទប្រកាន់ ​ការចាប់ខ្លួន និងការឃុំខ្លួនប្រជាពលរដ្ឋរងគ្រោះដីធ្លី ដោយមិនមានការថមថយនាអំឡុងពេលឆ្លងរីករាលដាល​ជំងឺកូវីដ-១៩នេះ។ លោកបន្តថា ដោយសារអ្នកខ្លះចេញតវ៉ា ត្រូវបានអាជ្ញាធរចោទប្រកាន់ល្មើសបម្រាម ឬចាប់ឃុំខ្លួនជាដើម។

លោកមានប្រសាសន៍ថា សម្រាប់អង្គការលីកាដូចង់ឃើញរដ្ឋាភិបាលជួយរកដំណោះស្រាយបញ្ហាអយុត្តិធម៌សង្គម ជាពិសេសបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព ដើម្បីកុំឱ្យមានរឿងបែបនេះកើតឡើងបន្តទៀត។

លោកមានប្រសាសន៍ថា៖ «អ្វីដែលយើងបានបង្ហាញនៅក្នុងទិវាសិទ្ធិលំនៅឋានហ្នឹង យើងចង់ការស្វែងរកដំណោះស្រាយណាមួយដោយតម្លាភាព និងយុត្តិធម៌ ដើម្បីជៀសវាងនូវបាតុភាពកើតឡើង ដូចជា អំពើហិង្សា ក៏ដូចជាការចាប់ខ្លួនពលរដ្ឋដោយសាររឿងដីធ្លីដាក់ពន្ធនាគារ ឬក៏ការអនុវត្តវិធានការរដ្ឋបាលទាក់ទងនឹងកូវីដ-១៩។ ដោយសារតែរឿងគាត់មិនទាន់បានដោះស្រាយ ហើយគាត់ធ្វើការតវ៉ា​អាចរំលោភបំពានវិធានការសុខាភិបាល ឬវិធានការរដ្ឋ​បាល នាំឱ្យមានការចោទប្រកាន់ និងមានការចាប់ខ្លួនគាត់នោះ»។

កាលពីថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២១ សាលាដំបូងខេត្តស្វាយរៀង បានសម្រេចដោះលែង​តំណាងពលរដ្ឋ​មានជម្លោះដីធ្លី២រូបឱ្យ​នៅក្រៅឃុំជាបណ្តោះអាសន្ន ក្រោយឃុំខ្លួន​ពួកគេ​ជិត២០ថ្ងៃ ពាក់ព័ន្ធករណីល្មើសបម្រាមសុខាភិបាល ដោយសារតែពួកគាត់បាននាំគ្នាតវ៉ាលើក​បដានិងថតបង្ហោះហ្វេសប៊ុកលើដីមានជម្លោះ ដោយមិនបានពាក់ម៉ាស់។

ការសម្រេចដោះលែងតំណាងពលរដ្ឋពីរនាក់នោះ  ​​បន្ទាប់ពី​ពលរដ្ឋមានជម្លោះដីធ្លីជាង១០០គ្រួសារសម្រេច​ទទួលយកសំណងក្នុងមួយម៉ែត្រការ៉េ៩០០​រៀល តាម​ការ​ចង់​បាន​របស់អាជ្ញាធរ។

ដោយឡែក កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ មានការ​ប៉ះទង្គិចគ្នាមួយ​រវាងពលរដ្ឋមានជម្លោះដីធ្លីជាមួយ​គម្រោង​អភិវឌ្ឍន៍​ព្រលាន​យន្តហោះថ្មីរបស់ក្រុមហ៊ុន OCIC នៅខេត្តកណ្តាល ជាមួយនឹង​សមត្ថកិច្ច ហើយ​សមត្ថកិច្ចបានចាប់ខ្លួនមនុស្ស៣០នាក់បញ្ជូនទៅតុលាការ​។ បន្ទាប់មកតុលាការ​បានសម្រេច​ដោះលែង​មនុស្ស​ចំនួន២១នាក់វិញ ខណៈ៩នាក់ផ្សេងទៀតបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន​នៅពន្ធនាគារ ក្រោម​បទ​ចោទ​ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទប្រឆាំងនឹងមន្ត្រីរាជការសាធារណៈមានស្ថានទម្ងន់ទោស»។

ក្រោយមកនៅថ្ងៃទី២០ខែកញ្ញា ​ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល លោក វ៉ាន់ សុបញ្ញា បានសម្រេចដោះលែងអ្នកតវ៉ាដីធ្លី៩នាក់នោះឱ្យនៅក្រៅឃុំបណ្តោះអាសន្នវិញ ប៉ុន្តែដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការដដែល។

​ទោះបីជាយ៉ាងនេះក្តី ពលរដ្ឋមានជម្លោះដីធ្លីជាមួយគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះភ្នំពេញថ្មីម្នាក់​ធ្លាប់ប្រាប់វីអូឌីក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា​​ករណី​តុលាការ​ដោះ​លែងមនុស្ស៩នាក់​នោះ គឺ​ធ្វើឡើងក្នុងលក្ខខណ្ឌបង្ខិត​បង្ខំ និងគំរាមកំហែង។

បន្ថែមពីនេះ អាជ្ញាធរបានតម្រូវឱ្យប្រជាពលរដ្ឋទាំងនោះ​ធ្វើលិខិត​​ស្នាម​ផ្ដិតមេដៃ​សុំទោស បញ្ឈប់​ការ​តវ៉ា និងតម្រូវឱ្យម្ចាស់ដីទទួលយកសំណងត្រឹម៨ដុល្លារក្នុងមួយម៉ែត្រការ៉េតាម​ការកំណត់របស់អាជ្ញាធរ។

យ៉ាងណាកាលពីថ្ងៃទី៤ខែតុលា ឆ្នាំ២០២១នេះ ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា លោក​ ស ខេង បានក្រើនរំឭកមន្ត្រីរបស់ខ្លួនថា បញ្ហា​ជម្លោះដីធ្លី នឹងជះឥទ្ធិពលដល់ការបាត់បង់​សន្លឹក​ឆ្នោតនៅ​ពេ​​​​លខាង​មុខ បើមិន​ព្យាយាមដោះ​ស្រាយ​ដោយ​តម្លា​ភាព​នោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ