ក្រសួង​ដាក់​ឱ្យ​ដំណើរ​ការ​ប្រព័ន្ធ​QR Code​បណ្ណ​ចាក់​វ៉ាក់សាំង​ឌីជីថល​ដើម្បី​ទប់ស្កាត់​ការ​ឆ្លងកូវីដ​-១៩

ពលរដ្ឋបើកបរយាន្តយន្តឆ្លងកាត់​​អគារ​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលស្ថិតនៅតាម​មហាវិថី​ព្រះមុនីវង្ស។ (រូបភាព៖ ជន ចាន់រ៉ែន)

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងដាក់ឱ្យដំណើរការប្រព័ន្ធ QR Code «បណ្ណចាក់វ៉ាក់សាំងឌីជីថល StopCovid QR Vaccine» ចាប់ពីថ្ងៃស្អែកនេះ ដើម្បីសុវត្ថិភាពបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

សេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងកាលពីថ្ងៃទី១៦ ខែតុលានេះថា ក្រសួងបានអនុវត្តអនុសាសន៍ដឹកនាំ និងការឯកភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយមានកិច្ចសហការជាមួយក្រុមការងារបច្ចេកទេស នៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ​រួមទាំងស្ថាប័នពាក់ព័ន្ធដើម្បីធ្វើការងារនេះ។ ​

សមាសភាពអន្តរក្រសួងទាំងនោះ បានសហការគ្នារៀបចំប្រព័ន្ធ QR Code «បណ្ណចាក់វ៉ាក់សាំងឌីជីថល StopCovid QR Vaccine» ដោយតភ្ជាប់ប្រព័ន្ធ QR Code «ទប់ស្កាត់កូវីដ Stop Covid» ទៅនឹងប្រព័ន្ធទិន្នន័យចាក់វ៉ាក់សាំង ហើយដាក់ឱ្យប្រើប្រាស់ចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ស្អែកនេះតទៅ ដើម្បីសុវត្ថិភាព បង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺ-១៩ ។

ក្រសួងបានបញ្ជាក់ថា ប្រព័ន្ធ QR Code «StopCovid QR Vaccine» មានមុខងារសំខាន់ចំនួនបីរួមមាន ទី១. សម្រួលដល់ការស្រាវជ្រាវរកអ្នកពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ទី២. គ្រប់គ្រងការធ្វើ     ចត្តាឡីស័ក និងទី៣. បង្ហាញព័ត៌មានអំពីការចាក់វ៉ាក់សាំងកូវីដ-១៩ របស់បុគ្គលម្នាក់ៗ។

លើសពីនេះ ប្រព័ន្ធថ្មីនេះ នឹងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការកាត់បន្ថយការប៉ះពាល់ដោយផ្ទាល់ក្នុងការត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំង ដោយមិនចាំបាច់យកបណ្ណចាក់វ៉ាក់សាំងតាមខ្លួនគ្រប់ពេលវេលា ឬព្រួយបារម្ភអំពីការបាត់បង់ ឬខូចខាតបណ្ណចាក់វ៉ាក់សាំងដោយប្រការណាមួយឡើយ ព្រមទាំងកាត់បន្ថយហានិភ័យនៃការក្លែងបន្លំទិន្នន័យលើបណ្ណចាក់វ៉ាក់សាំងជាដើម។

សេចក្តីជូនដំណឹងបញ្ជាក់ថា៖ «ប្រព័ន្ធនេះ អាចបង្ហាញពីព័ត៌មាននៃការចាក់វ៉ាក់សាំង រូបថត និងអត្តសញ្ញាណរបស់បុគ្គលម្នាក់ៗ តាមរយៈការស្កេន QR Code នៅតាមច្រកចេញ-ចូលក្រសួង ស្ថាប័ន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន កន្លែងកំសាន្ត អគារស្នាក់នៅរួម (ខុនដូ) ក្រុមហ៊ុន រោងចក្រ សហគ្រាសនានា ដើម្បីកាត់បន្ថយហានិភ័យនៃការក្លែងបន្លំទិន្នន័យលើបណ្ណចាក់វ៉ាក់សាំងជាដើម»។ ករណីនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ណែនាំដល់ម្ចាស់ទីតាំង ដែលមិនទាន់បានប្រើប្រាស់ប្រព័ន្ធ QR Code នេះ ត្រូវរួសរាន់បង្កើត QR Code សម្រាប់ទីតាំងរបស់ខ្លួន តាមរយៈគេហទំព័រ stopcovid.gov.kh។ ម្ចាស់ទីតាំងត្រូវតម្រូវឱ្យបុគ្គលដែលចេញ-ចូលទីតាំងរបស់ខ្លួន ស្កេន QR Code ដើម្បីបានដឹងពីស្ថានភាពពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ របស់បុគ្គលទាំងនោះ តាមរយៈការបង្ហាញពណ៌លើអេក្រង់ទូរសព្ទក្រោយពេលស្កេន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ