កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួនជិត២០០នាក់បន្ថែមទៀត (យោងតាមលទ្ធផលបញ្ជាក់ដោយ PCR test) ខណៈអ្នកជំងឺជាង១០នាក់ទៀតបានស្លាប់ដោយជំងឺនេះ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកស្លាប់ដោយជំងឺកូវីដ-១៩ កាលពីថ្ងៃម្សិលមិញ មានចំនួន១២នាក់បន្ថែមទៀត និងករណីឆ្លងថ្មីមានចំនួន១៩៥នាក់ ក្នុងនោះមានករណីនាំចូលពីក្រៅប្រទេសចំនួន២២នាក់។ សម្រាប់អ្នកជាសះស្បើយថ្មីវិញ ក្រសួងថា មានចំនួន២៧៩នាក់។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃចន្ទនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១១៦ ៨៦០នាក់ ក្នុងនោះ អ្នកជំងឺព្យាបាលជាសះស្បើយចំនួន១១១ ១៤៩នាក់ អ្នកស្លាប់កើនដល់ចំនួន២ ៦៧០នាក់ និងករណីនាំចូលពីក្រៅប្រទេសចំនួន១៩ ៣៦៥នាក់៕












