គណបក្ស​កែទម្រង់​កម្ពុជា លើក​ពេល​សមាជ​ទៅ​ដើម​ឆ្នាំ​ក្រោយ

លោក អ៊ូ ច័ន្ទរ័ត្ន លោក ប៉ុល ហំម និងសហការី បានចុះមកផ្តិតស្នាមមេដៃពីបងប្អូនប្រជាពលរដ្ឋ អ្នកគាំទ្រ ដែលស្ថិតនៅក្នុងឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ នៅរសៀលថ្ងៃអាទិត្យ ទី២០ ខែមិថុនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ គណបក្សកែទម្រង់កម្ពុជា Cambodia Reform Party)

គណបក្សកែទម្រង់កម្ពុជា នឹងធ្វើសមាជប្រកាសសមាសភាពថ្នាក់ដឹកនាំនៅ​ដើមឆ្នាំក្រោយវិញ ដោយសម្អាងលើ​មូលហេតុមួយចំនួន រួមទាំងភាពយឺតយ៉ាវផ្ដល់សុពលភាពពីក្រសួងមហាផ្ទៃ។

ស្ថាបនិកគ​ណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន ឱ្យដឹងនៅថ្ងៃចន្ទនេះថា គណបក្សនេះមិនអាចធ្វើសមាជ ដើម្បី​ប្រកាសសមាសភាពមេដឹកនាំតាមការគ្រោងទុកនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះបានទេ ដោយ​ថា ត្រូវ​លើកទៅធ្វើនៅខែមករា ឆ្នាំ២០២២វិញ។

លោកបញ្ជាក់ថា ការលើកពេលនេះបណ្ដាល​មកពីបញ្ហាជំងឺ​កូវីដ-១៩ ការផ្ដល់សុពលភាពយឺត​ដែលទើបទទួល​បាន​ត្រឹម​​មួយ​ខែមក​នេះ ខណៈ​សមាជិកមកពីក្រៅប្រ​ទេ​​ស​នឹងជួបបញ្ហាលំបាកក្នុងការធ្វើដំណើរមក​ចូលរួម ដោ​យ​​សារសំបុត្រយន្តហោះថ្លៃពិបាករកទិញជាដើម។

លោកបន្ថែម​ថា តែបេក្ខភាពជាប្រធានបក្ស​មិនកែប្រែទេ គឺអតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង​ លោក ប៉ុល ហំម ដដែល តែ​តំណែង​អនុប្រធានបក្សអាចផ្លាស់ប្តូរ។

លោកថា៖ «ប្រាកដណាស់ ឯកឧត្ដម ប៉ុល ហំម នឹងទៅជាប្រធាន។ ហើយបើសិនរយៈពេលមួយខែពីរខែនេះ មិនមានសមាសភាពក្រៅពីឯកឧត្ដម សុន ឆ័យ ឯកឧត្ដម យ៉ែម បុញ្ញឬទ្ធ ងាកមករកការរួបរួមទេ អាហ្នឹង​យើងប្រគល់តួនាទីអនុប្រធានជូនគាត់។ ហើយបើគាត់អត់មកទេ ខ្ញុំអាចក្លាយ​​ជាអនុប្រធានខ្លួនឯង»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ