កុមារ​អាយុ​ក្រោម​១៨​ឆ្នាំ​មិន​បាច់​បង្ហាញ​បណ្ណ​ចាក់​វ៉ាក់សាំង​កូវីដ-១៩​ នៅ​ពេល​ចេញ​ចូល​ទីតាំង​ផ្សេង​នានា

ពលរដ្ឋម្នាក់កាន់កាតចាក់រ៉ាក់សាំងប្រឆាំងកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ នៅពីមុខសាលាបឋមសិក្សាភ្នំពេញថ្មី ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១។ (ហង់ សុខហុង)

រដ្ឋបាល​រាជធានី​​ភ្នំពេញ ស​ម្រេច​មិនឱ្យកុមារ​​អាយុ៦ឆ្នាំដល់​​​ក្រោម១៨ឆ្នាំ បង្ហាញ​​​បណ្ណ​​ចាក់​​វ៉ាក់​​សាំង​​កូវីដ-១៩ រាល់​​ពេល​​​ចេញ-ចូល​គ្រឹះ​ស្ថាន​សិក្សា​សាធារណៈនិងឯកជន​​ទាំង​​អស់ក្នុង​រាជធានីភ្នំពេញ​​នោះទេ ពីព្រោះពួក​គេមិន​មែន​ជាក្រុម​ហានិភ័យដែលមានការចម្លងសកម្មនៃជំងឺ​កូវីដ-១៩​នោះ​ទេ។

ក្នុងសេចក្ដីណែនាំបន្ថែម​របស់រ​ដ្ឋបាលរាជធានី​ភ្នំពេញ បាន​ឱ្យ​ដឹង​​កាល​​ពីថ្ងៃទី​១៧ ខែ​​តុលា​​នេះ​​ថា ក្រោយពីមានការ​តាម​ដាន ត្រួតពិនិត្យ និងវាយតម្លៃជាប់ជាប្រចាំ រដ្ឋបាលរាជធានីភ្នំពេញសង្កេតឃើញថា កុមារនិងយុវវ័យមានអាយុក្រោម១៨ឆ្នាំ មិនមែនជាក្រុមហានិភ័យដែលមានការចម្លងសកម្ម ប៉ុន្តែគឺជាក្រុមដែលងាយរងគ្រោះពីការចម្លងជំងឺកូវីដ-១៩ទៅវិញ។

ករណីនេះ កុមារអាយុ៦ឆ្នាំ និងយុវវ័យដែលមានអាយុក្រោម១៨ឆ្នាំ នៅពេលចេញ-ចូលសិក្សានៅទីតាំងគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន ដូចជា បណ្ណាល័យ បណ្ណាគារ អាហារដ្ឋាន តូបអាហារ និងតូបភេសជ្ជៈ ដែល​មាន​ទីតាំងស្ថិត​នៅក្នុងគ្រឹះ​ស្ថានសិក្សា​នីមួយៗ មិនមានកាតព្វកិច្ចបង្ហាញបណ្ណចាក់វ៉ាក់សាំងនោះទេ។

សេចក្ដីណែនាំដដែលបញ្ជាក់ថា គណៈនាយកឬគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន​ទាំង​អស់នៅ​រាជធានីភ្នំពេញ ត្រូវរៀបចំយន្តការ ដើម្បីត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំងនិងអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលឱ្យបានម៉ឺងម៉ាត់ តឹងរ៉ឹង លើសាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ បុគ្គលិកអប់រំ មាតាបិតា-អាណាព្យាបាល និងភ្ញៀវដែលចេញ-ចូលមកទំនាក់ទំនងការងារផ្សេងៗឱ្យបានត្រឹមត្រូវ មុននឹងអនុញ្ញាតឱ្យចូលក្នុងគ្រឹះស្ថានសិក្សា។

ក្នុងសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងកាលពីថ្ងៃទី៥ ខែតុលានេះថា រដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់ម្ចាស់គ្រឹះស្ថាន​សិក្សា គណៈកម្មការផ្សារ ម្ចាស់ផ្សារម៉ាត ម្ចាស់​ភោជនីយដ្ឋាន ម្ចាស់អាជីវកម្មដ្ឋាន អាជីវករ វិស័យឯកជន និងសាធារណជន​ទាំង​អស់ ត្រូវឱ្យអ្នកមានអាយុចាប់ពី១៨ឆ្នាំឡើង និង​អាយុ៦ឆ្នាំដល់ក្រោម១៨ឆ្នាំ ដែលចូលទីតាំងរបស់ខ្លួន បង្ហាញកាតចាក់វ៉ាក់សាំងដែលចេញដោយក្រសួងសុខាភិបាល ឬកាតចេញដោយក្រសួងការពារជាតិ ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩បំប្លែងថ្មី។

ប៉ុន្តែនៅថ្ងៃទី១៧ ខែតុលា ម្សិលមិញ រដ្ឋបាលរាជធានីផ្នំពេញ បានចេញសេចក្ដីណែនាំបន្ថែម និងកែសម្រួលចំពោះការដាក់ចេញនូវសេចក្ដីណែនាំលេខ ០២៧/២១ សណន ចុះថ្ងៃទី៥ ខែតុលា ២០២១ ស្ដីពីការបង្ហាញបណ្ណវ៉ាក់សាំងកូវីដ-១៩ ឬបណ្ឌចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រាល់ពេលចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានា ក្នុងរាជធានីភ្នំពេញ ដោយមិនឱ្យកុមារអាយុ៦ឆ្នាំ និងក្រោម១៨ឆ្នាំ បង្ហាញបណ្ណចាក់វ៉ាក់សាំងនៅពេលចូលទៅកាន់គ្រឹះស្ថានសាធារណៈនិងឯកជនទាំងនោះទេ។

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន១១៦ ៦៦៤នាក់ ក្នុងនោះ​ អ្នកជំងឺព្យាបាលជាសះស្បើយសរុបមា​ន​ចំនួន១១០ ៨៧០ នាក់ និហអ្នកស្លាប់សរុប២៦៥៨នាក់។ ដោយឡែក​ ករណីនាំចូលពីក្រៅប្រទេសសរុបមានចំនួន១៩ ៣៤៣នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ