រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បញ្ជាក់ថា អំពើជួញដូរមនុស្សនៅមិនទាន់ស្ងប់ស្ងាត់ឡើយ និងជាឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់ដែលពិបាកបង្ក្រាប ទោះបីជាស្ថិតក្នុងបរិបទកូវីដ-១៩ក៏ដោយ។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកស្រី ជូ ប៊ុនអេង មានប្រសាសន៍ប្រាប់ វីអូឌី កាលពីថ្ងៃសុក្រ ថាអំពើជួញដូរមនុស្សនៅតែជាប្រធានបទក្ដៅសម្រាប់កម្ពុជា និងបណ្ដាប្រទេសនៅលើពិភពលោក។
លោកស្រីបន្តថា កម្ពុជាក៏ជាប្រទេសមួយដែលរងផលប៉ះពាល់ដោយសារតែអំពើជួញដូរមនុស្ស ដែលមានរចនាសម្ព័ន្ធ មានការចាត់តាំងប្រទាក់ក្រឡាពីប្រទេសមួយទៅប្រទេសមួយ ហើយបើទោះបីជាក្នុងបរិបទនៃវិបត្តិកូវីដ-១៩ក៏ដោយ ក៏បញ្ហាជួញដូរមនុស្សនេះមិនទាន់អាចបញ្ឈប់នៅឡើយ។
លោកស្រីបន្តថា៖ «មកដល់ដំណាក់កាលនេះ អំពើជួញដូរមនុស្សមិនមានការស្ងប់ស្ងាត់ទេ បើទោះបីជាស្ថិតក្នុងបរិបទកូវីដ-១៩ ក៏ដោយ និងលោក [គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស] កំពុងតែយកចិត្តទុកដាក់យ៉ាងសំខាន់ទៅលើការឆ្លងរាលដាលរហូតមានការបិទខ្ទប់នូវអាជីវកម្មផ្នែកសេដ្ឋកិច្ច និងចរាចរណ៍ផលិតផល ចរាចរណ៍មនុស្សផ្សេងៗ ប៉ុន្តែនៅតែមានរបៀបមួយនៃការជួញដូរមនុស្ស នៅតែមានអ្នកដែលព្យាយាមនាំមនុស្សឆ្លងដែនចុះឡើងធ្វើជាអាជីវកម្មផងដែរ»។
លោកស្រីបន្ថែមថា មិនស្ងប់ស្ងាត់ ដោយសារតែការជួញដូរមនុស្សបានកើតឡើងតាមល្បិចរបស់ជនល្មើស ហើយដំណាក់កាលនេះ ការនាំមនុស្សឆ្លងដែនខុសច្បាប់ធ្វើឡើងក្នុងគោលបំណងយកទៅធ្វើជាអាជីវកម្មទៅតាមរូបភាពផ្សេងៗនិងមធ្យោបាយរបស់ពួកគេ។
លោកស្រីបន្ថែមទៀតថា៖ «ដំណាក់កាលនេះ អ្វីដែលបានបង្ក្រាបភាគច្រើន គឺក្នុងរូបភាពនាំមនុស្សឆ្លងដែនខុសច្បាប់ទៅធ្វើជាអាជីវកម្ម។ អ្វីដែលយើងមិនរង់ចាំរហូតដល់ពេលដែលមនុស្សត្រូវបានគេធ្វើអាជីវកម្មទេ គឺយើងបានឃាត់នៅមុនពេលឆ្លងដែនឬអំឡុងពេលឆ្លងដែន ដែលយើងបានធ្វើការងារសហការរវាងប្រទេសកម្ពុជា ជាមួយនឹងប្រទេសជាប់ព្រំដែន ដើម្បីទប់ស្កាត់កុំឱ្យមានការនាំមនុស្សឆ្លងដែនខុសច្បាប់ ពីព្រោះបើសិនជាសកម្មភាពនេះឈានដល់ការចូលទៅបាន នឹងត្រូវបានគេធ្វើអាជីវកម្មហើយ។ ព្រោះពួកគាត់មិនមានច្បាប់ទម្លាប់ត្រឹមត្រូវដែលធ្វើឱ្យគាត់ទទួលបានការធានាផ្នែកច្បាប់នៅឯក្រៅប្រទេសនោះទេ បើសិនជាទៅដោយស្របច្បាប់ដែលមានការធានាផ្នែកច្បាប់ពីប្រទេសបញ្ជូន ប្រទេសទទួល។ ប៉ុន្តែនៅពេលនាំឆ្លងដែនខុសច្បាប់ បានន័យថា គេងាយស្រួលក្នុងការធ្វើអាជីវកម្ម និងកេងប្រវ័ញ្ច»។
កញ្ញា គ្រីស្ទាន ស្កាហ្វ នាយិកាអង្គការមូលនិធិអេ២១កម្ពុជា ប្រាប់ វីអូឌី តាមបណ្ដាញតេឡេក្រាមកាលពីសប្ដាហ៍មុនថា ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ជំងឺកូវីដ-១៩បានបញ្ឈប់អ្វីៗជាច្រើន រួមទាំងអាជីវកម្ម ការធ្វើដំណើរ និងការបិទព្រំដែន ជាដើម។
ទោះជាយ៉ាងណា កញ្ញាថា ការជួញដូរមនុស្សមិនបានបញ្ឈប់ទេ ហើយនៅក្នុងតំបន់ខ្លះ និន្នាការថ្មីៗ បង្ហាញថា មនុស្សកាន់តែច្រើនត្រូវបានគេបោកប្រាស់ ជួញដូរ និងកេងប្រវ័ញ្ចតាមប្រព័ន្ធអ៊ីនធឺណិត។
ប្រភពដដែលបន្ថែមថា ជំងឺកូវីដ-១៩បានធ្វើឱ្យប្រជាជននៅក្នុងសហគមន៍កាន់តែងាយរងគ្រោះ ដោយសារសម្ពាធហិរញ្ញវត្ថុ ហើយពួកគេសុខចិត្តប្រថុយប្រថានបន្ថែមទៀត ដើម្បីស្វែងរកដំណោះស្រាយចំពោះជីវភាពរបស់ពួកគេ។ លើសពីនេះ កញ្ញាថា ជនខិលខូចឆ្លៀតឱកាសពីភាពងាយរងគ្រោះ និងស្វែងរកយុទ្ធសាស្ត្រ ដើម្បីបង្ខំឬបោកបញ្ឆោតមនុស្សក្នុងគោលបំណងកេងចំណេញលើកម្លាំងពលកម្ម និងអាជីវកម្មពួកគេ។
ប្រភពដដែលបន្តថា៖ «ចាប់តាំងពីអេ២១ ចាប់ផ្ដើមដំណើរការនៅកម្ពុជា យើងអាចមើលឃើញថា រដ្ឋាភិបាលចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីព្យាយាមប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។ អេ២១ ធ្វើការយ៉ាងជិតស្និទ្ធជាមួយប៉ូលិស រដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលដទៃទៀត ដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះ ដកពួកគេចេញពីកន្លែងកេងប្រវ័ញ្ច និងធានាថាពួកគេទទួលបានការគាំទ្រដែលពួកគេត្រូវការ ដើម្បីសង្គ្រោះពីបទពិសោធន៍របួសរបស់ពួកគេ»។
នាយិកាដដែលឱ្យដឹងថា ការអប់រំសហគមន៍ជុំវិញការជួញដូរមនុស្ស ដើម្បីឱ្យពួកគាត់អាចដឹងពីហានិភ័យនិងការពិត គឺមានសារៈសំខាន់ណាស់ក្នុងការការពារខ្លួនឯងនិងអ្នកដទៃ ដោយថា ប្រជាជនកម្ពុជាសមនឹងរស់នៅដោយគ្មានការកេងប្រវ័ញ្ច ហើយមានសេចក្ដីថ្លៃថ្នូរ និងឯករាជ្យភាព។
មន្ត្រីកម្មវិធីសិទ្ធិពលករចំណាកស្រុករបស់អង្គការសង់ត្រាល់ លោក ឌី ថេហូយ៉ា បានលើកឡើងថា ការជួញដូរមនុស្សរឹតតែកើនជាងមុន ដោយសារតែពលរដ្ឋយើងខ្វះការងារធ្វើ គ្មានប្រាក់ចំណូល ដែលជាហេតុងាយធ្វើឱ្យពួកគាត់ចាញ់បោកមេខ្យល់ ជាពិសេសធ្វើចំណាកស្រុកទៅក្រៅប្រទេសដោយប្រថុយប្រថាន ដូចជា ទៅប្រទេសថៃនិងចិន ជាដើម។
លោកបន្ត៖ «អំពើជួញដូរនេះពាក់ព័ន្ធនឹងអំពើពុករលួយដែរ អាជ្ញាធរពាក់ព័ន្ធក៏អាចពាក់ព័ន្ធក្នុងដំណើរការជួញដូរនេះជាដើម។ ដើម្បីកាត់បន្ថយឬទប់ស្កាត់ ទាល់តែគោលនយោបាយរបស់រដ្ឋមានប្រសិទ្ធភាពល្អ និងការអនុវត្តមានប្រសិទ្ធភាពទៀត ទើបដំណើរការនៃការជួញដូរពាក់ព័ន្ធនឹងអ្នកមានអំណាចក្នុងអង្គការរដ្ឋ គឺអាចជួយកាត់បន្ថយបាន»។
របាយការណ៍សង្ខេបក្នុងឆមាសទី១ ឆ្នាំ២០២១ នៃអំពើជួញដូរមនុស្សរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឱ្យដឹងថា រយៈពេល៦ខែ ឆ្នាំ២០២១នេះ រដ្ឋាភិបាលបង្ក្រាបការជួញដូរមនុស្សបានចំនួន៥៨ករណី។ ចំនួននេះបានកើនឡើងទ្វេរដង បើប្រៀបធៀបនឹងឆ្នាំ២០២០ ដែលបង្ក្រាបបានចំនួនជាង២០ករណីប៉ុណ្ណោះ។
ដោយឡែក តាមរបាយការណ៍ស្រាវជ្រាវថ្មីមួយរបស់អង្គការសង់ត្រាល់ ចេញផ្សាយកាលពីខែកញ្ញា បានឱ្យដឹងថា រយៈពេល៧ខែ ដើមឆ្នាំ២០២១ អំឡុងពេលការរីករាលដាលជំងឺកូវីដ-១៩ មានពលរដ្ឋខ្មែរយ៉ាងហោច៧៤១នាក់ បានលួចឆ្លងដែនដោយខុសច្បាប់ទៅរកការងារធ្វើក្នុងប្រទេសថៃទាំងប្រថុយប្រថាន ហើយត្រូវអាជ្ញាធរព្រំដែនថៃនិងកម្ពុជាចាប់ខ្លួនបាន៕