ADB រកឃើញថា​ពលរដ្ឋ​កម្ពុជា ១៨% ​ប៉ុណ្ណោះ​ដែល​មាន​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ

ពលរដ្ឋធ្វើដំណើរតាមដងវិថីទល់មុខនឹងធនាគារ កាថេ យូណៃធីត សាខាផ្លូវសម្ដេចប៉ាន ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងថា ពលរដ្ឋកម្ពុជាចំនួនតែ១៨%​ប៉ុណ្ណោះដែល​មានចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ ខណៈអ្នកជំនាញថា ការមាន​ចំណេះដឹងផ្នែកហិរញ្ញវត្ថុទាប នឹង​អាច​ធ្វើឱ្យ​​ពលរដ្ឋ​​ងាយសម្រេចចិត្តខុស​​ក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុ។

តាមសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី១៨ ខែ​តុលា ឆ្នាំ​២០២១ ADB បានអនុម័តប្រាក់កម្ចីផ្ដោតលើគោលនយោបាយ​ចំនួន៤០​លានដុល្លារ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកលទ្ធភាពទទួលបានឥណទាន ក្នុងចំណោមសហគ្រាសធុនតូចនិងមធ្យម (MSMEs) ព្រមទាំងអនុវត្តកំណែទម្រង់ដើម្បីជំរុញស្ថិរភាព​ហិរញ្ញវត្ថុ និងធ្វើឱ្យប្រសើរឡើង​នូវហេដ្ឋារចនាសម្ព័ន្ធវិស័យហិរញ្ញវត្ថុ ជាដើម។

ជាមួយគ្នានេះដែរ ADB បញ្ជាក់ថា ពលរដ្ឋកម្ពុជា​តែ១៨%ប៉ុណ្ណោះដែលត្រូវបានចាត់ទុកថាមានចំណេះដឹ​ងផ្នែកហិរញ្ញវត្ថុ ខណៈពលរដ្ឋភាគច្រើនលើសលុប ជាពិសេសពលរដ្ឋក្រីក្រ លទ្ធភាពទទួលបានផលិតផលនិងសេវាកម្មហិរញ្ញវត្ថុនៅមានកម្រិត ហើយចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅទាបថែមទៀតផង។

ADB លើកឡើងថា៖ «ជំងឺរាតត្បាតកូវីដ-១៩ ការផ្ដល់ប្រាក់កម្ចីអចលនទ្រព្យ [Real Estate Lending] និងកំណើនឥណទានលឿន [Fastercredit Growth] បានបង្កើនហានិភ័យដល់ស្ថិរភាពហិរញ្ញវត្ថុរបស់កម្ពុជា។ ហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុរបស់ប្រទេស មិនទាន់បានអភិវឌ្ឍពេញលេញ ដែលជាកត្តាប្រឈមដល់លទ្ធភាពទទួលបានហិរញ្ញវត្ថុ និងការអភិវឌ្ឍទីផ្សារ ពីព្រោះពលរដ្ឋកម្ពុជា ១៨%ប៉ុណ្ណោះ ដែលត្រូវបានចាត់ទុកថាមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ»។

តាមសេចក្ដីប្រកាសព័ត៌មានដដែល បានដកស្រង់ប្រសាសន៍របស់អ្នកឯកទេសផ្នែកហិរញ្ញវត្ថុរបស់ធនាគារអភិវឌ្ឍន៍អាស៊ី លោកស្រី Berita Ainabe ថារដ្ឋាភិបាលកម្ពុជាបានបោះជំហានយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពហិរញ្ញវត្ថុ និងធ្វើឱ្យការគ្រប់គ្រងវិបត្តិមានភាពប្រសើរឡើង ក្នុងពេលមានជំងឺរាតត្បាតកូរីដ-១៩ ផងដែរ។ 

លោកស្រីមានប្រសាសន៍ថា៖ «តាមរយៈកម្មវិធីថ្មីនេះ រាជរដ្ឋាភិបាលបានអនុម័តច្បាប់សំខាន់ៗដែលគាំទ្រដល់យុទ្ធសាស្ត្របរិយាប័ន្នហិរញ្ញវត្ថុជាតិ និងបានផ្ដួចផ្ដើមគំនិតជាច្រើន ដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញវត្ថុ រួមទាំងគម្រោងធានាឥណទានសាធារណៈ [Public Credit Guarantee Scheme] សម្រាប់សហគ្រាសធុនតូចនិងមធ្យមដំបូងគេនៅកម្ពុជាផងដែរ»។

អ្នក​នាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ លោក មាស សុខសេនសាន សុំមិនធ្វើការបកស្រាយជុំវិញករណីនេះ ដោយបង្វែរសំណួរអ្នកសារព័ត៌មានឱ្យ​សួរ​ទៅខាងធនាគារជាតិវិញ។ 

វីអូឌី មិនអាចទាក់ទងទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក ជា ចាន់តូ និងអ្នក​នាំពាក្យធនាគារជាតិ​នៃ​កម្ពុជា អ្នកស្រី ជា សិរី បានទេ នៅថ្ងៃអង្គារនេះ។

​អ្នកនាំពាក្យ​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា លោក​ កាំង តុងងី មានប្រសាសន៍​កាលពីម្សិលមិញថា នៅពេលដែលពលរដ្ឋមានចំណេះដឹងផ្នែកហិរញ្ញវត្ថុទាប ពួកគាត់ងាយនឹងធ្វើការសម្រេចចិត្តខុស​ក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុ។ លោកបន្តថា ជាឧទាហរណ៍ ដូចជាការខ្ចីប្រាក់ពី​ក្រុមហ៊ុន​ដែល​គ្មាន​អាជ្ញាបណ្ណត្រឹមត្រូវ​ រហូតដល់ធ្លាក់ក្នុងអន្ទាក់បំណុលដោះខ្លួនមិនរួច ជាដើម។

លោក​ កាំង តុងងី បន្តថា៖ «អ៊ីចឹង​នៅពេលដែលយើង​និយាយ​ពី​ចំណេះដឹង​ហិរញ្ញវត្ថុ យើង​ត្រូវយក​​ចិត្ត​ទុក​​ដាក់​លើ​ចំណូលនិងចំណាយរបស់គ្រួសារយើង។ ទាក់ទងនឹងការគ្រប់គ្រងបំណុល ពេលបង​ប្អូនមានបំណុល សូមបងប្អូនរៀបចំផែនការឱ្យច្បាស់ថា បំណុលដែលយើងខ្ចីគេមកហ្នឹង យើងយក​មក​ធ្វើអី? យកមកដើម្បីបង្កើនចំណូលឬយកមកទិញសម្ភារហ៊ឺហា? បើ​របស់​ហ៊ឺហាដែលមិនជួយ​បង្កើន​ចំណូលយើង អ៊ីចឹងយើងត្រូវចៀសឱ្យផុត [ធ្លាក់ក្នុងអន្ទាក់បំណុល]»។

វិនិយោគិន និងជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុ លោក ង៉ែត ជូ ថ្លែងថា លោកហាក់មិនមានការ​ភ្ញាក់ផ្អើល​ចំពោះ​លទ្ធផលនៃការរកឃើញរបស់ ADB នេះទេ ដោយសារលោកធ្លាប់​បានធ្វើការងារ​ពាក់ព័ន្ធ​នឹងវិស័យហិរញ្ញវត្ថុនេះច្រើន។ យ៉ាងណា លោកថា បញ្ហាពលរដ្ឋមិន​សូវ​មាន​ចំណេះដឹង​​ផ្នែកហិរញ្ញវត្ថុនេះ ជា​បញ្ហាប្រឈមដ៏ធំសម្រាប់ពួកគាត់ទៅថ្ងៃអនាគត។

លោក​ថា៖ «បញ្ហា​នេះ​ គឺអាច​ជាបញ្ហាធំនាពេលអនាគត! ពេលបច្ចុប្បន្ន​ មានជា​បញ្ហារួចហើយ គឺពលរដ្ឋមួយចំនួនមិនមានលទ្ធភាពសងកម្ចីរបស់ខ្លួនទេ។ ពួកគាត់យក​កម្ចីទៅ​ប្រើមិនចំគោលដៅ ដូចជា ទី១ អាចថាគាត់មិនយល់ពីគោលបំណងនៃកម្ចី និងទី២ គាត់ខ្វះ​ភាពស្មោះ​ត្រង់​ដោយប្រាប់គេ [មន្ត្រីឥណទាន] ថាយកកម្ចីទៅរកស៊ី ឬទិញជីកសិកម្ម តែតាម​ពិតយកទៅ ក្នុង​គោលបំណងផ្សេងដូចជាបង់រម្លស់ម៉ូតូ [សម្ភារនិយម] ជាដើម ដែលមិនបានបង្កើតជាផលចំណេញ។ នេះអាចជាហានិភ័យនៅក្នុងវិស័យ ខាតសេដ្ឋកិច្ច ព្រោះប្រទេសយើងមិនមែនជាអ្នកផលិត​សម្ភារទាំងនោះ តែជាអ្នកនាំចូល»។

ករណីនេះ លោក​លើកឡើងថា ពលរដ្ឋត្រូវ​មាន​ភាព​ស្មោះត្រង់​ ដើម្បី​សហការ​នឹង​មីក្រូហិរញ្ញវត្ថុ ហើយ​ប្រើកម្ចី​ឱ្យ​ចំគោល​ដៅ។ រីឯមីក្រូហិរញ្ញវត្ថុ គួរដាក់វិន័យមន្ត្រីរបស់ខ្លួនឱ្យបានច្បាស់លាស់ ចំពោះការផ្ដល់ជូនកម្ចីដល់អតិថិជនដែលមាន​ហេតុផល​សមស្រប។ ចំណែកធនាគារជាតិនៃកម្ពុជាវិញ គួរបង្កើតកម្មវិធីអប់រំតាមប្រព័ន្ធផ្សព្វផ្សាយ ដើម្បី​បញ្ជ្រាប​ការអប់រំ​ឬការយល់ដឹងដល់ពលរដ្ឋ​ពាក់ព័ន្ធផ្នែកហិរញ្ញវត្ថុឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។

បើតាមសេចក្ដីប្រកាសរបស់ធនាគារអភិវឌ្ឍន៍អាស៊ីដដែល នៅឆ្នាំ២០២០ ធនាគារមួយនេះ​បាន​ផ្តល់​ប្រាក់​កម្ចីនិង​ជំនួយ​ឥត​សំណង​ជិត៥០០​​លានដុល្លារ​ (៤៧៧,២លាន​ដុល្លារ) ​ដល់ប្រទេស​កម្ពុជា និងផ្តល់បន្ថែមចំនួនជិត៣០០​លាន​ដុល្លារ (២៨១,៣លានដុល្លារ​) ទៀត តាមរយៈសហហិរញ្ញប្បទាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ