មនុស្ស​៣៤​នាក់​ស្លាប់​ដោយសារ​គ្រោះ​ទឹកជំនន់​នៅ​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា

ទិដ្ឋភាពបាក់ដីដោយសារតែទឹកជំនន់នៅតំបន់មួយកន្លែងក្នុងប្រទេសឥណ្ឌា អំឡុងខែតុលា ឆ្នាំ២០២១។ (Reuters/ ANI)

យ៉ាងហោចណាស់មានមនុស្ស៣៤នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងអស់រយៈពេលជាច្រើនថ្ងៃ នៅរដ្ឋឧត្តារ៉ាខណ្ឌ (Uttarakhand) ភាគខាងជើងប្រទេសឥណ្ឌា ខណៈក្រុមអ្នកជួយសង្គ្រោះកំពុងបន្តកិច្ចការងារ​ ដើម្បីជួយអ្នកដែលរងគ្រោះទាំងឡាយនៅថ្ងៃពុធនេះ។

ថ្នាក់ដឹកនាំរដ្ឋឧត្តារ៉ាខណ្ឌ លោក Pushkar Singh Dhami បានថ្លែងប្រាប់សារព័ត៌មាន ANI ដែលជាដៃគូរបស់ទីភ្នាក់ងារសារ​ព័ត៌មាន Reuters កាលពីល្ងាចថ្ងៃអង្គារ បន្ទាប់ពីវាយតម្លៃពីការខូចខាតថា៖ «គ្រោះទឹកជំនន់នេះបានបង្កឱ្យមានជាការខាតបង់យ៉ាងធំធេង ហើយដំណាំនានាក៏ត្រូវបានបំផ្លាញផងដែរ»។

លោកបន្តថា​៖ «ប្រជាជនក្នុងតំបន់កំពុងតែប្រឈមមុខនឹងបញ្ហាជាច្រើន ក្នុងនោះផ្លូវថ្នល់ត្រូវបានជន់លិច ហើយស្ពានត្រូវបានរសាត់បាត់ទៅតាមទឹក។ គិតរហូតមកដល់ពេលនេះ មនុស្ស៣៤នាក់បានស្លាប់ ខណៈដែលយើងបច្ចុប្បន្នកំពុងតែព្យាយាម​ធ្វើឱ្យស្ថានការណ៍មានភាពប្រក្រតីឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។

ទាក់ទិននឹងករណីនេះ នាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោក ​ណារិនដ្រា ម៉ូឌី (Narendra Modi) ក៏បានឱ្យដឹងតាម​រយៈ​បណ្ដាញ​សង្គម​ ​ធ្វីតទ័រ​ (Twitter) ​ថាលោកពិតជាមានការតក់ស្លុតយ៉ាងខ្លាំង ចំពោះការស្លាប់បាត់បង់ជីវិតរបស់ប្រជាពលរដ្ឋទាំងនេះ។

គួរបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេសឥណ្ឌាបានបង្កឱ្យមានជាគ្រោះទឹកជំនន់កើតឡើងនៅតំបន់ជាច្រើនក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈដែលអាជ្ញាធរនៅរដ្ឋ Kerala ភាគខាងត្បូង កាលពីថ្ងៃចន្ទកន្លងទៅ ក៏បានរាយការណ៍ពីករណីបាត់បង់ជីវិតមនុស្សជាង២០នាក់នៅក្នុងតំបន់ បន្ទាប់ពីការរអិលបាក់ដីផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ