សង្គម​ស៊ីវិល​បារម្ភ​ថា ការ​បន្ធូរ​បន្ថយ​ទោស​ទណ្ឌិត​ខ្វះ​តម្លាភាព​និង​មាន​អំពើ​ពុករលួយ

រថយន្តពន្ធនាគារដែលដឹកអ្នកជាប់ចោទមកចូលសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

សង្គមស៊ីវិលជំរុញទៅក្រសួងយុត្តិធម៌ ទប់ស្កាត់អំពើពុករ​លួ​យ និង​កុំឱ្យមាន​ការ​រើស​អើ​ងអ្នកជាប់ឃុំដែលត្រូវ​លើក​លែងនិង​បន្ធូរបន្ថយ​ទោស ក្នុងពិធីបុ​ណ្យជាតិខាងមុខ។

ការជំរុញនេះ ស្របពេលក្រសួងយុត្តិធម៌បានបង្ហោះសារលើគេហទំព័ររបស់ខ្លួនថា កាលពីថ្ងៃ​ម្សិល​មិញ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោ​​ក កើត រិទ្ធ បានដឹកនាំកិច្ចប្រជុំនិងវាយតម្លៃបញ្ជី​ឈ្មោះទ​ណ្ឌិ​​តស្នើសុំ​បន្ធូរ​បន្ថយនិង​លើក​លែង​ទោ​សក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ ឆ្នាំ២០​២​១។

នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ លោក អំ សំ​អាត មាន​ប្រសាសន៍​ថា បើ​តាម​ច្បាប់​គ្រប់​គ្រងពន្ធនាគារ និងគតិយុត្តមួយចំនួនទៀត ការ​បន្ធូរ​បន្ថយនិងការលើកលែងទោសដែល​​មានលក្ខខណ្ឌ ទៅលើ​ទណ្ឌិត​ដែលបានគោរពឬកែប្រែឥរិយាបថ។

លោកគូសបញ្ជាក់ថា ទណ្ឌិតដែលបានគោរពតាមលក្ខខណ្ឌ ត្រូវបានទទួល​ការ​បន្ធូរ​បន្ថយនិង​ការ​លើកលែង​ទោស​ដូចគ្នា ដោយគ្មានការរើសអើងនិន្នាការ​នយោបាយ អ្នកមានអ្នកក្រ ឬការលើកលែងទោស​នោះ​មិនត្រូវធ្វើដោយ​មានភាពមិនប្រក្រតីនោះទេ។

លោក អំ សំអាត បន្ត​ថា៖ «ភាពមិនប្រក្រតី​ដែលវាបានកើតឡើងនាប៉ុន្មានឆ្នាំមុន រហូតមានប្រតិកម្មពីសម្ដេច​នាយករដ្ឋមន្ត្រី គឺដោយសារតែគេសង្ស័យថាមានភាពមិនប្រក្រតី មានអំពើពុករលួយ ដោយសារតែអ្នក​ដែល​ត្រូវ​បាន​បន្ធូរ​បន្ថយនិងអ្នកលើកលែងហ្នឹង សុទ្ធតែអ្នកប្រព្រឹត្តបទឧក្រិដ្ឋ ហើយជាអ្នកមានធន​ធាន»។

លោក​បានបន្ថែមទៀត​ថា កន្លងទៅ វិធាននៃការលើកលែងទោសនិងបន្ធូរបន្ថយ​ទោស​នេះបាន​​រងនូវ​ការរិះគន់​ថា ខ្វះតម្លា​ភាពនិងមានអំពើពុករលួយ ដែល​ធ្វើឱ្យអ្នកជាប់ឃុំខ្លះខ្វះលទ្ធភាពនិង​​បាត់បង់​ឱកាស​កែប្រែខ្លួន​នៅក្នុងសង្គមឡើងវិញ។

ជាមួយគ្នានេះដែរ លោក អំ សំអាត បារម្ភដែរ​ថា សកម្មជនបរិស្ថាន សកម្មជនដីធ្លី និងអ្នកនយោបាយជាដើម អាចនឹងត្រូវបានគេរើ​ស​អើង ដោយ​ថា ជា​ការ​កត់​សម្គាល់ ការផ្តន្ទាទោស​របស់ពួកគេស្ថិតក្នុងកម្រិតអតិបរមា​។

បើតាមលោក សំអាត គិតត្រឹមថ្ងៃពុធនេះ មិនមានព័ត៌មានថាមានសកម្មជនដីធ្លីណាម្នាក់ត្រូវបានគេបញ្ជូនឈ្មោះដើម្បីវាយតម្លៃ ដើម្បីបន្ធូរបន្ថយឬលើកលែងទោសក្នុងពិធីបុណ្យឯករាជ្យជាតិនេះ នៅឡើយទេ ក្នុងចំណោម​សកម្មជនដីធ្លី១០នាក់ដែលកំពុងជាប់ពន្ធនាគារ។

បើតាមរបាយការណ៍ថ្មីមួយរបស់អង្គការលីកាដូ ក្នុងរយៈពេល​២​ឆ្នាំ​ចុងក្រោយ​ ​អំឡុង​ពេល​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​ ​ការ​រំលោភ​​យក​​ដីធ្លី​​នៅ​​ក្នុង​​ប្រទេស​ ​មិន​មាន​សញ្ញា​ថមថយ​នោះ​ទេ​ ​ដែលធ្វើឱ្យ​​ពលរដ្ឋ​​ប្រមាណ​​ជាង​៥​ ​០​០​០​​គ្រួសារ​​ទទួលរង​ផល​ប៉ះពាល់​។​ ​អង្គការនោះថា លើស​ពី​នេះ​ ​ការ​ចាប់ខ្លួន​និង​ឃុំ​ខ្លួន​ដាក់​ពន្ធ​នាគា​រ​នៃ​សមាជិក​សហគមន៍​និង​សកម្មជន​ដីធ្លី​ ​កាន់តែ​មានការ​កើន​ឡើង​​។​ ​គិត​ត្រឹម​ខែ​តុលា​នេះ​ ​សមាជិក​សហគមន៍​​និង​សកម្មជន​ដីធ្លី​​​ចំនួន​​២​១​​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ ​ហើយ​ក្នុង​នោះ​ ​១​០​នាក់​កំពុង​​​ជាប់ឃុំ​ក្នុង​ពន្ធ​នាគា​រ​នៅឡើយ​។​

ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន និយាយថា លោកចង់ឃើញយន្តការលើកលែងនិងបន្ធូរបន្ថយទោសនេះអនុលោមទៅតាមច្បាប់ គ្មានការរើសអើង ដើម្បីបង្ហាញថា ពលរដ្ឋខ្មែរទាំងពីរភេទត្រូវបានគាំពារដោយច្បាប់។

លោកផ្ដល់ជាយោបល់ថា ការអនុវត្តច្បាប់មិនស្មើ​ភាព​គ្នា នឹង​ជះឥទ្ធិ​ពល​មិន​ល្អ​ដល់​មុខ​មាត់​រដ្ឋាភិបាល បង្កឱ្យ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស ការ​បំផ្លិច​បំផ្លាញ​ធនធាន​ធម្មជាតិ ហើយ​វានឹង​ប៉ះពា​ល់ដល់​ការ​ប្រឹង​ប្រែងពង្រឹង​នីតិរដ្ឋ បើបញ្ហានេះមិនអាចទប់ស្កាត់បាន។

លោកថា៖ «ប្រសិនបើស្ថានភាពបញ្ហាសិទ្ធិមនុស្ស ក៏ដូចជាការអនុវត្តច្បាប់មានលក្ខណៈ​ស្តង់ដារផ្សេង​​ៗ​គ្នា​អ៊ីចឹង វាធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋទូទៅ។ វាគ្រាន់តែថា នរណាវានឹងប៉ះមុន នរណានឹងប៉ះក្រោ​​យតែប៉ុណ្ណោះ»។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានច្រានចោលការលើកឡើងនេះ ដោយថា គិតត្រឹមថ្ងៃពុធនេះ ក្រសួងមិនទាន់បានកំណត់ចំនួនទណ្ឌិតដែលនឹងត្រូវបន្ធូរបន្ថយនិងលើកលែងទោស ក្នុងពិធីបុណ្យឯករាជ្យជាតិនៅឡើយទេ។

មួយវិញទៀត លោកថា  ការពិនិត្យបញ្ជីឈ្មោះទណ្ឌិតដែលតុលាការបញ្ជូនឈ្មោះមក មិនមានការរើ​ស​អើ​ង​ទេ ព្រោះមាន​​គណៈកម្មការ​វាយ​តម្លៃ​យោង​ទៅ​លើល​ក្ខខណ្ឌ​មួយចំនួនដូចជា ទណ្ឌិត​ដែលអនុវត្តទោស​​​​បាន​​ ១ភាគ៣ នឹង​អា​​ច​ប​ន្ធូ​របន្ថយទោស និង ២ភាគ៣ ត្រូវផ្ដល់ការលើកលែងទោស ស្របតាមលក្ខខណ្ឌកែប្រែខ្លួន និងមា​នការសម្រេ​ចជាស្ថាពរពីតុលាការផងដែរ។

លោកថា៖ «ប៉ុន្តែបទល្មើសសាហាវយង់ឃ្នង ដូចជារំលោភសម្លាប់អីនេះ គឺអត់ពិចារណាទេ! ពាក់ព័ន្ធនឹងឧក្រិដ្ឋ​ជន​គ្រឿង​ញៀន​អីហ្នឹង​ ក៏អត់[ពិចារណាដើម្បីលើកលែងនិងបន្ធូរបន្ថយទោស]ដែរ»៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ