អង្គការភ្លែន ថា​កុមារ​អាយុ​ក្រោម​១៧​ឆ្នាំ​ប្រមាណ ៧២% រងគ្រោះ​ដោយសារ​ខ្វះ​អាហារូបត្ថម្ភ​និង​គុណភាព​អប់រំ​ទាប

សាលាបឋមសិក្សាកំពង់ព្រះ ស្ថិតនៅភូមឆ្នុកទ្រ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

អង្គការភ្លែនអន្តរជាតិកម្ពុជា (PIC) អះអាងថា កុមារកម្ពុជាដែលមានអាយុក្រោម១៧ឆ្នាំ ប្រមាណ ៧២% រងគ្រោះដោយសារកង្វះអាហារូបត្ថម្ភ គុណភាពអប់រំ​នៅមានកម្រិតទាប ខ្វះទឹកស្អាត និងខ្វះអនាម័យ។

ថ្លែងក្នុងពិធីផ្សព្វផ្សាយក្រោមប្រធានបទ «យុទ្ធសាស្ត្រប្រចាំប្រទេស ២,៥លានហេតុផល ២០២១-២០២៦» និងអបអរសាទរ «ទិវាក្មេងស្រីអន្តរជាតិ ២០២១» នៅថ្ងៃទី​២០ ខែតុលា ឆ្នាំ ២០២១នេះ លោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេសរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា មានប្រសាសន៍ថា លទ្ធផលនៃការវិភាគស្ថានភាពស្ដីពីសិទ្ធិកុមារនិងសិទ្ធិក្មេងស្រី ដែលបានរៀបចំកាលពីខែតុលា ឆ្នាំ២០២០ បង្ហាញថា បញ្ហាជាច្រើនទាក់ទងនឹងពួកគេនៅតែបន្តកើត​ឡើង​ និងនៅតែជាក្ដីបារម្ភពីសំណាក់អង្គការភ្លែនអន្តរជាតិកម្ពុជា។

លោកស្រី គ្វីននេត វ៉ង មានប្រសាសន៍ទៀតថា ការអប់រំគ្រប់កម្រិតនៅកម្ពុជាមានគុណភាពទាប ដែលធ្វើឱ្យកុមារជាច្រើនមិនទទួលបានស្តង់ដារនៃការរៀនសូត្រសមស្របតាមអាយុ រួមទាំងអក្ខរភាព និងលេខនព្វន្តកម្រិតមូលដ្ឋាន។ ​

លោកស្រីថា៖ «ប្រមាណ ៧២% នៃកុមារកម្ពុជា មានអាយុ០-១៧ឆ្នាំ រងគ្រោះដោយសារកង្វះផ្នែកអាហារូបត្ថម្ភ ខ្វះការអភិវឌ្ឍកុមារ​ [ECD] ខ្វះទឹកស្អាត ខ្វះអនាម័យ បញ្ហាផ្ទះសម្បែង និងគុណភាពអប់រំ​នៅគ្រប់កម្រិត​គឺទាប»។

លោកស្រី គ្វីននេត វ៉ង បន្ថែមថា ចំពោះសិស្សកម្រិតមធ្យមសិក្សាដែលចុះឈ្មោះចូលរៀនវគ្គអប់រំបណ្ដុះបណ្ដាល​បច្ចេកទេសនិងវិជ្ជាជីវៈ មានចំនួនត្រឹមតែ ២% ប៉ុណ្ណោះ ដែលនេះជាបញ្ហាប្រឈមសម្រាប់សិស្សក្នុងវិស័យ​មួយ​នេះ ​ពាក់ព័ន្ធនឹងលទ្ធភាពទទួលបានសេវាអប់រំ គុណភាព សមត្ថភាពស្ថាប័ន និងទិដ្ឋភាពសង្គម។

​អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ លោក សុខ ស៊ីឡូ ប្រាប់ វីអូឌី នៅថ្ងៃពុធនេះថា លោកមិនដឹងថាតួលេខរបស់អង្គការភ្លែនអន្តរជាតិកម្ពុជានេះស្រាវជ្រាវពីណានោះឡើយ។ លោកថា ជាធម្មតា តួលេខភាគរយនៃ​ការស្រាវជ្រាវត្រូវមានការបែងចែកដោយឡែកពីគ្នា ដូចជា អា​ហារូបត្ថម្ភផ្សេង ការអប់រំផ្សេង ទឹកស្អាតផ្សេង ពោលគឺមិនអាចបូកភាគរយស្រាវជ្រាវចូលគ្នាបានទេ។

លោក សុខ ស៊ីឡូ មានប្រសាសន៍ថា៖ «តួលេខផ្លូវការ ស្រុកខ្មែរយើងផ្អែកតែលើក្រសួងផែនការមួយទេ គឺតួលេខផ្លូវការរបស់រដ្ឋាភិបាល។ តែចំពោះគាត់ទៅស្រាវជ្រាវពីផ្សេងៗ អាហ្នឹងយើងអត់ទទួលស្គាល់អីជាផ្លូវការទេ។ ជួនកាល អង្គការមួយៗគាត់ស្រាវជ្រាវតាមគម្រោងគាត់ តាមតំបន់ផ្សេងៗ។ អ៊ីចឹងចង់ច្បាស់ លុះត្រាយកតួលេខរបស់ក្រសួងផែនការ អាហ្នឹងទើបអាចប្រើប្រាស់ជាផ្លូវការបាន»។

ដោយឡែក អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បដិសេធធ្វើអត្ថាធិប្បាយនៅថ្ងៃនេះ ដោយ​ថា ​លុះត្រាលោក​បាន​ពិនិត្យ​​ឯកសារស្រាវជ្រាវនោះ​ជាមុនសិន។

លោកថា៖ «ខ្ញុំស្នើសុំឯកសារនៃការស្រាវជ្រាវនោះ ដើម្បីពិនិត្យ»។

​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា ការពង្រឹងការ​អប់រំសម្រាប់កុមារ គឺជាដំណើរការវែងឆ្ងាយមួយដែលទាមទារឱ្យមាន​ការចូលរួម​ពីភាគី​ពាក់ព័ន្ធ។ លោកថា ក្រៅពីការចូលរួមរបស់ក្រសួងអប់រំ អង្គការជាតិ-អន្តរជាតិ ការពង្រឹងសិទ្ធិអំណាច​ក្នុង​សហគមន៍​​ដើម្បីធ្វើឱ្យពួកគាត់កាន់តែមានភាពសកម្មឡើង គឺជា​ផ្នែកមួយជួយ​ដល់ការអប់រំលើកុមារ។

លោក សន ជ័យ ថ្លែងថា៖ «កុមារមានឱកាសរៀនសូត្រនៅសាលាតាមពេលវេលាកំណត់ ប៉ុន្តកុមារត្រូវការការរួមចំណែកពីអាណាព្យាបាល ដូចជាការជួយពង្រឹងសមត្ថភាពបន្ថែម ជួយតាមដានការសិក្សា ជួយរំឭកមេរៀន។ តែបើអាណាព្យាបាលមមាញឹកច្រើន អាហ្នឹងក៏ជាឧបសគ្គដល់ការរៀនសូត្ររបស់កូនដែរ»។

លោក សន ជ័យ ថាអ្នកពាក់ព័ន្ធគួរបង្កើតឱ្យមានបរិយាកាសសន្ទនារវាងអាណាព្យាបាលសិស្ស និងគណៈ​គ្រប់គ្រង​​សាលានៅតាមសហគមន៍។ លោកថា ទិដ្ឋភាពនេះគឺជាយន្តការមួយដែលអាច​ជួយ​បង្កើននូវ​គុណភាពអប់រំដល់​កុមារដែរ ដោយថា សំឡេង​របស់អាណាព្យាបាល​អាចតំណាងដល់កុមារ ហើយវាជាឱកាសសម្រាប់​បំពេញតម្រូវការរបស់កុមារតាមភាពជាក់ស្តែង ជាពិសេសសាលារៀននៅតំបន់ជនបទដាច់ស្រយាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ