មន្ត្រី​ការទូត​ម៉ាឡេស៊ី​៖ អាស៊ាន​គួរ​គិតគូរ​ឡើងវិញ​ពី​គោល​នយោបាយ​មិន​ជ្រៀតជ្រែក​ស្រប​ពេល​មីយ៉ាន់ម៉ា​ជួប​វិបត្តិ

រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី​ លោក Saifuddin Abdullah ថ្លែងក្នុងកិច្ចប្រជុំមួយកាលពីពេលកន្លងទៅ។ (ហ្វេសប៊ុក៖ Saifuddin Abdullah)

រដ្ឋមន្ត្រីការបរទេស​​ម៉ាឡេស៊ី បានឱ្យដឹង​នៅថ្ងៃព្រហស្បតិ៍នេះថា សមាគម​ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) គួរតែធ្វើការគិតគូរឡើងវិញអំពីគោលនយោបាយមិនជ្រៀតជ្រែកកិច្ចការរបស់ប្រទេស​​ជាសមាជិករបស់ខ្លួន ស្របពេលដែលវិបត្តិសិទ្ធិមនុស្សនៅក្នុងប្រទេសមីយ៉ាន់ម៉ាកាន់តែយ៉ាប់យ៉ឺនទៅ។

កាលពីថ្ងៃសុក្រសប្ដាហ៍មុន អាស៊ាន​បានសម្រេច​ដក​វត្តមាន​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ាមិន​ឱ្យ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ដោយលើ​កឡើងពីកង្វះ​វឌ្ឍនភាពនៅក្នុងផែនទីបង្ហាញផ្លូវ​ ដើម្បីស្តារសន្តិភាពរបស់ប្រទេសមួយនេះ ដែលរបបយោធាបានយល់ព្រមជាមួយតំបន់កាលពីខែមេសាកន្លងទៅ។

ទោះជាយ៉ាងណា​ អាស៊ាននឹងអញ្ជើញតំណាងមីយ៉ាន់ម៉ា​ដែលមិនពាក់ព័ន្ធនយោបាយមួយរូប ដើម្បី​ចូល​រួម​ក្នុងកិច្ចប្រជុំនេះជំនួសវិញ។

ទាក់ទិននឹងករណីនេះ ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់សម្ដីរដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី​ លោក Saifuddin Abdullah ដែលបានថ្លែងថា អាស៊ានគួរតែធ្វើការគិតគូរពិចារណាឱ្យបានល្អិតល្អន់អំពីគោលនយោបាយមិនជ្រៀតជ្រែករបស់ខ្លួន ខណៈដែលស្ថានការណ៍ក្នុងប្រទេសមីយ៉ាន់ម៉ាកាន់តែដុនដាបទៅ ក្នុងនោះ ជនស៊ីវិលជាង១ ០០០នាក់ត្រូវបានសម្លាប់នៅក្នុងការបង្ក្រាបកូដកម្មនិងបាតុកម្មនានា គិតចាប់តាំងពីរដ្ឋប្រហារ ថ្ងៃទី​១ ខែ​កុម្ភៈ។

រដ្ឋមន្ត្រី​ការបរទេសរូបនេះបន្ថែមថា៖ «ខ្ញុំបានក្រើន​រំឭកក្នុងកិច្ចប្រជុំកាលពីថ្ងៃសុក្រថា អាស៊ានគឺទាក់ទងទៅនឹងប្រទេសជាសមាជិកចំនួន១០។ បើទោះបីជាករណីដែលកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា គឺមានបញ្ហាជាតិក៏ដោយ ប៉ុន្តែវាក៏មានផលប៉ះពាល់ដល់តំបន់ផងដែរ»។

លោកបន្តថា៖ «ហើយខ្ញុំក៏បានបញ្ជាក់ផងដែរថា យើងមិនអាចប្រើគោលការណ៍មិនជ្រៀតជ្រែកក្នុងការចៀសវា​ងមិនដោះស្រាយបញ្ហាបាននោះទេ»។

លោក Saifuddin Abdullah បន្ថែមថា ការមិនជ្រៀតជ្រែកបានរួមចំណែកដល់អសមត្ថភាពរបស់អាស៊ានក្នុងការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព ហើយលោកក៏បានស្នើឱ្យមានការផ្លាស់ប្តូរឆ្ពោះទៅរកគោលនយោបាយថ្មីមួយនៃការចូលរួមក្នុងន័យស្ថាបនា ឬការមិនព្រងើយកន្តើយលើប្រទេសជាសមាជិកណាមួយផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ