កម្ពុជា​នឹង​បើកសាលា​រៀន​គ្រប់​កម្រិត​ឡើង​វិញ​​នៅ​ទូទាំង​ប្រទេស​ចាប់​ពី​​ខែ​ក្រោយ

យុវសិស្សជាច្រើនរូបធ្វើដំណើរចូលបរិវេណសាលារៀន ដោយមានទាំងការវាស់កម្ដៅ និងលាងសម្អាតដៃនឹងអាល់កុល ស្ថិតនៅសាលារៀនមួយកន្លែងក្នុងក្រុងភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។ (គួយ ឡង់ឌី)

ក្រសួង​អប់រំ យុវជន និងកីឡា បាន​ប្រកាស​ថា នឹង​ពង្រីក​វិសាលភាព​នៃ​ការ​បើក​សាលារៀន​គ្រប់កម្រិត​ឡើងវិញ​នៅ​ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស ​ចាប់ពី​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ត​ទៅ ក៏ប៉ុន្តែ​ត្រូវ​​ធ្វើឡើង​​ដោយ​​ការ​ប្រយ័ត្នប្រយែង​បំផុត។

យោងតាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​អប់រំ នៅល្ងាចថ្ងៃទី២១ ខែតុលានេះ បានឱ្យ​ដឹងថា ចាប់ពី​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួង​នឹង​ពង្រីក​វិសាលភាព​នៃការ​បង្រៀន និង​រៀនតាម​បណ្តុំ​សម្រាប់​គ្រឹះស្ថាន​សិក្សា​សាធារណៈ ​និង​ឯកជន នៅគ្រប់​កម្រិត ក្នុង​ភូមិសាស្ត្រ​ទូទាំង​រាជធានី ខេត្ត​ទាំង​អស់។ ការ​ពង្រីក​វិសាលភាព​នេះ រួមបញ្ចូល​ទាំងការ​ពង្រីក​ពី​កម្រិតថ្នាក់​ទី​៩ និង​ទី១២ រហូត​ដល់​គ្រប់​កម្រិត​ថ្នាក់​នៅ​មធ្យម​សិក្សា និង​ពង្រីក​វិសាលភាព​ដល់កម្រិត​បឋម​សិក្សា គ្រឹះ​ស្ថាន​ឧត្តមសិក្សា​សាធារណៈ​និង​ឯកជន​ វិទ្យាស្ថានជាតិ​អប់រំ​ វិទ្យាស្ថាន​បច្ចេក​វិទ្យា គ្រឹះស្ថាន​បណ្តុះបណ្តាល​គ្រូ គ្រឹះស្ថាន​សិក្សាអប់រំ​ពិសេស សាលា​អនុវត្តន៍ និង​វិទ្យាល័យ​ចំណេះទូទៅ​និង​អប់រំ​បច្ចេកទេស ដោយ​គោរពតាម​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​បទដ្ឋានសុខាភិបាល​ជា​ធរមាន។ ប៉ុន្តែថ្នាក់​រៀន​នីមួយៗ ត្រូវ​កំណត់​ចំនួន​សិស្សចាប់ពី​ ១៥ ទៅ ២០ នាក់ និង​ត្រូវរៀនឆ្លាស់​វេនគ្នា។

បើតាម​ក្រសួង​អប់រំ ការសម្រេច​ឈាន​ទៅបើក​សាលារៀន​ឡើងវិញ​នេះ បាន​ធ្វើឡើងបន្ទាប់​ពី​ក្រសួង​បាន​វាយតម្លៃ​ទៅលើ​ដំណើរការ​បង្រៀន​និង​រៀន​តាម​បណ្តុំ​សម្រាប់គ្រឹះស្ថាន​សិក្សាសាធារណៈ និង​ឯកជន​នាពេល​កន្លង​មក ដោយ​មិនមាន​បញ្ហា​ឆ្លងរាលដាល​ជំងឺកូវីដ-១៩​ធ្ងន់ធ្ងរ​នោះ​ទេ។ ក្រសួង​ក៏បាន​វាយតម្លៃដែរ​ថា ការ​ឆ្លង​ជំងឺកូវីដ-១៩ ទៅលើ​គ្រូបង្រៀន និង​សិស្សានុសិស្ស ក្នុងរយៈពេល​៧​ថ្ងៃមុន​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ និង​៧ថ្ងៃក្រោយ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​កន្លង​មក មាន​កម្រិត​តិចតួច និង​អាច​គ្រប់គ្រង​បាន។ ម្យ៉ាងវិញទៀត មាតាបិតា អាណាព្យាបាល គ្រូបង្រៀន និងសិស្សានុសិស្ស និស្សិត ក៏បាន​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺកូវីដ-១៩ ក្នុង​អត្រា​ខ្ពស់​ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ