ពលរដ្ឋ​នៅ​កំពង់ស្ពឺ​បន្ត​ការ​តវ៉ា ខណៈ​ទាហាន​នៅ​បន្ត​ឈូសឆាយ​ដីព្រៃ​សហគមន៍​របស់​ពួកគេ

ពលរដ្ឋជាច្រើននាក់ចេញទៅតវ៉ា ដោយថាអាជ្ញាធរឈូសឆាយលើដីព្រៃសហគមន៍ «ឧត្ដមស្រែខ្ពស់» ហៅ «ព្រៃមេត្តាធម្មជាតិ» ស្ថិតនៅភូមិពោធិ៍មាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១។ (ផ្ដល់ឱ្យ)

​អ្នកភូមិអះអាងថា ពួកគេប្រហែល១៥០នាក់ នៅឃុំត្រពាំងជោ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់​ស្ពឺ បាន​បន្ត​តវ៉ាទៀត​​នៅថ្ងៃព្រហស្បតិ៍​នេះ ខណៈ​ទាហានមិនព្រម​ឈប់​ធ្វើ​សកម្មភាព​ឈូស​ឆាយ​ដីព្រៃស​ហគមន៍ដែលពួក​គេ​បាន​ការ​ពារ​ជាង​២០​ឆ្នាំ។

គិតមកដល់ថ្ងៃនេះ មានរយៈពេល៣ថ្ងៃហើយដែលក្រុម​ពលរដ្ឋទាំងនោះអះអាងថា ក្រុមទាហាន​​បាន​ដាក់គ្រឿងចក្រធ្វើសកម្មភាពឈូសឆាយដីព្រៃសហគមន៍ «ឧត្ដមស្រែខ្ពស់» ហៅ «ព្រៃមេត្តាធម្មជាតិ» ស្ថិត​នៅ​ភូមិពោធិ៍មាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ដើម្បីបែងចែកទៅឱ្យគ្រួសារកងទ័ពចំនួន៤១គ្រួសារ។

សមាជិកសហគមន៍ម្នាក់ អ្នកស្រី ឈួន សុំ ប្រាប់ វីអូឌី ថា​អ្នកភូមិប្រហែល១៥០នាក់មកពីឃុំត្រពាំងជោ បានប្រមូល​ផ្ដុំគ្នា​​តវ៉ាជាថ្មីទៀតនៅថ្ងៃនេះ​ ដោយ​សារ​ក្រុម​ទាហាន​នៅ​តែ​បន្ត​ដាក់​គ្រឿង​ចក្រ​ឈូស​ឆាយ​ដីព្រៃ​សហគមន៍។

សមាជិកសហគមន៍រូបនេះបន្តថា ក្រុមទាហាន​បានផ្អាក​សកម្មភាពនៅពេលដែលពលរដ្ឋមកតវ៉ាច្រើន ប៉ុន្តែ​ពេល​ពលរដ្ឋត្រលប់ទៅលំនៅឋានវិញ ពួកគេ​​បន្តធ្វើសកម្មភាពទៀត។ អ្នកស្រីថា សកម្មភាពឈូសឆាយរយៈពេល៣ថ្ងៃនេះ អស់ដីព្រៃសហគមន៍ប្រហែល៥ហិកតាទៅហើយ។

អ្នកស្រីបន្ថែមថា៖ «ប្រជាពលរដ្ឋបានដេញមកដាក់កន្លែងជុំរុំ​វិញ​ អត់ឱ្យឈូសឆាយបន្តទៀត ប៉ុន្តែពេលពលរដ្ឋមកផ្ទះអស់ វាលួចឈូសទៀត! ពេលពលរដ្ឋទៅដល់ វាសម្រាក! ប្រជាពលរដ្ឋឱ្យចេញពីកន្លែង វាសម្រាក​ដែរ​ ប៉ុន្តែគេអត់ព្រមចេញ»

សមាជិកសហគមន៍ម្នាក់ទៀត ​លោក សុខ ឃឿន បង្ហាញការ​​បារម្ភពីការបាត់បង់ដីព្រៃសហគម​ន៍ទាំងស្រុង ប្រសិនបើមិនមាន​ការជួយអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធ។ លោកថា គិតមកដល់ពេលនេះ សហគមន៍ «ឧត្ដម​ស្រែ​ខ្ពស់» មាន​ជម្លោះដីធ្លីជាមួយក្រុមទាហានចំនួន​២ដងហើយ ដោយលើកទី១ មានជម្លោះជាមួយ​​​ក្រុមទាហាន​​លេខ​ «ង៧០» បានបាត់បង់ដីព្រៃសហគមន៍អស់៧៨ហិកតា និងលើកទី២នេះ​ បាត់បង់ដីជាង២៦២​ហិកតា​ទៀត។ 

លោក​​បន្តថា សហគមន៍ឧត្ដមស្រែខ្ពស់ បានបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋចំនួន៣ភូមិ នៃឃុំត្រពាំងជោ ដូចជា កន្លែងសម្រាប់ឃ្វាលគោក្របី បោចវល្លិ រកផ្សិត បន្លែ និងរកអនុផលព្រៃឈើផ្សេងទៀត ហើយថា សហគមន៍នេះក៏ជាកន្លែងជម្រកសត្វព្រៃច្រើនប្រភេទផងដែរ។

បើតាមលោក សុខ ឃឿន កាលពីដើមឡើយ សហគមន៍«ឧត្ដមស្រែខ្ពស់» ហៅ «ព្រៃមេត្តាធម្មជាតិ» មាន​ផ្ទៃដីព្រៃទំហំជាង២ ០០០ហិកតា ប៉ុន្តែក្រោយមក មានក្រុមហ៊ុន​ឯកជននិង​ក្រុម​ទាហាន​បានចូលទៅរំលោភយក​ជា​បន្ត​បន្ទាប់ ដោយបច្ចុប្បន្នសហគមន៍នេះសល់ដី៨៨៧ហិកតាប៉ុណ្ណោះ។

លោកបន្ថែមថា៖ «បើអារម្មណ៍របស់ខ្ញុំ ខ្ញុំព្រួយមែនទែន ពីព្រោះដីព្រៃសហគមន៍ហ្នឹង ​វានៅសល់តិចបំផុត នៅសល់ប្រហែល៨៨៧ហិកតា ដល់ឥលូវគេយកជិត៣០០ហិកតា មានអីទៀត វាអស់រលីងហើយហ្នឹង។ ហើយ​ក្នុងហ្នឹង​មានដីស្រែរបស់ប្រជាពលរដ្ឋផង មិនមែនដីព្រៃសុទ្ធអីណា បើនិយាយ​ទៅ ​ប្រជាពលរដ្ឋទូទាំងឃុំត្រពាំងជោហ្នឹងហើយដែលអាស្រ័យផលពីសហគមន៍ហ្នឹង»

មេឃុំត្រពាំងជោ លោក ទេព ណែម មានប្រសាសន៍យ៉ាងខ្លីថា ដីដែលអាជ្ញាធរកំពុងធ្វើសកម្មភាពឈូសឆាយនោះ គឺមិនស្ថិតក្នុងព្រៃសហគមន៍ទេ។

មេឃុំរូបនេះបន្តថា ដីនោះគឺរដ្ឋាភិបាលបានចេញអនុក្រឹត្យកាត់ទៅឱ្យគ្រួសារកងទ័ពរួចទៅហើយ ដែលលោកជាមន្ត្រីថ្នាក់ក្រោមមិនអាចដោះស្រាយឬសម្រេចអ្វីបានឡើយ។

លោកបន្ថែមថា៖ «ដីនេះ ខាងថ្នាក់លើគេចេញច្បាប់ត្រឹមត្រូវ ឱ្យមានការឈូសឆាយ អ៊ីចឹង​ចង់តវ៉ាអី មានតែថ្នាក់លើទេ​ជាអ្នកសម្រេច»

កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ រដ្ឋាភិបាលបានចេញអនុក្រឹត្យ​មួយដោយ​សម្រេចកាត់ដីទំហំ២៦២,២៤ហិកតា ពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតនៅភូមិសាស្ត្រ​ភូមិពោធិ៍មាស ឃុំត្រពាំងជោ ដើម្បីប្រទានកម្មជាកម្មសិទ្ធិជូនគ្រួសារយោធិនបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក និងប្រជាពលរដ្ឋសរុប៤១គ្រួសារ សម្រាប់កសាងលំនៅឋាន និងបង្កបង្កើនផល។

មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តកំពង់ស្ពឺ លោក រ័ត្ន ថាវី មានប្រសាសន៍ថា ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ គឺការពារដោយព្រះរាជក្រឹត្យ​។ លោកថា ប្រសិនបើរដ្ឋាបាលចង់ដកហូតឬកាត់ចេញដើម្បីធ្វើអ្វីមួយនោះ លុះត្រាតែមានការយល់ព្រមពីព្រះមហាក្សត្រ តាមរយៈការស្នើសុំនិងអនុវត្តទៅតាមច្បាប់អនុប្រយោគ ដោយមិនអាចចេញជាអនុក្រឹត្យ ហើយកាត់ចេញបាននោះទេ។

បើតាមក្រុមប្រជាពលរដ្ឋ​​ ពួកគេនឹ​ង​ដាក់​សំណើ​ទៅ​ក្រសួងស្ថាប័នរដ្ឋដែលពាក់ព័ន្ធនៅពេល​ឆាប់ៗ​ខាង​មុខ​​នេះ​ ដើម្បីសុំឱ្យរដ្ឋាភិបាលពិចារណាឡើងវិញ និងបញ្ឈប់សកម្មភាពឈូសឆាយដីព្រៃសហគមន៍របស់ពួកគេ ដោយរក្សា​ព្រៃនោះឱ្យអ្នកភូមិ​បានបន្តអាស្រ័យផល និងទុកសម្រាប់កូនចៅជំនាន់ក្រោយផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ