បងស្រី​សកម្មជន​ថៃ​ម្នាក់​រង​ការ​ចោទ​ពី​អាជ្ញាធរ​ថៃ ពាក់ព័ន្ធ​នឹង​ការ​ថ្លែង​ពី​ការ​បាត់​ខ្លួន​ប្អូន​ប្រុស​របស់​គាត់​នៅ​កម្ពុជា

អ្នក​​ស្រី Sitanan Satsaksit បងស្រីរបស់សកម្មជននយោបាយ​ថៃ លោក វ៉ាន់​ឆា​ឡឺម សាត​ស័ក្តិសិទ្ធ (Wanchalearm Satsaksit​) ត្រូវបានកោះហៅទៅផ្ដល់សក្ខីកម្មពាក់ព័ន្ធនឹងការថ្លែងអំពីការបាត់ខ្លួនប្អូនប្រុសអ្នកស្រីនៅទីសាធារណៈ ក្នុងប្រទេសថៃ។ (ផ្ដល់ឱ្យដោយ Ivana Kurniawati)

បងស្រីរបស់សកម្មជននយោបាយ​ថៃ លោក វ៉ាន់​ឆា​ឡឺម សាត​ស័ក្តិសិទ្ធ (Wanchalearm Satsaksit​) ត្រូវបានកោះហៅនៅក្នុងប្រទេសថៃ ទាក់ទងនឹងការល្មើស​វិធានក្នុងការ​ទប់ស្កាត់​ជំងឺកូវីដ-១៩ បន្ទាប់​ពី​ខ្លួន​បាន​ថ្លែង​នៅ​​ទីសាធារណៈអំពីការបាត់ខ្លួនប្អូនប្រុសរបស់ខ្លួន​នៅ​រាជធានី​ភ្នំពេញ​ ដោយ​អំពាវនាវ​ឱ្យមានការស៊ើបអង្កេតជាបន្តបន្ទាប់។

គិតចាប់តាំងពី​មាន​ករណីចា​ប់​ពង្រាត់​ប្អូន​ប្រុសរបស់ខ្លួនដែលជាសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យថៃមួយ​រូប​ កាល​ពីខែមិថុនា ឆ្នាំ​២០២០កន្លងមក អ្នក​​ស្រី Sitanan Satsaksit បានក្លាយជាសកម្មជន​ម្នាក់​ប្រឆាំង​នឹង​ការ​​បាត់​​ខ្លួន​​ដោយ​បង្ខំ ហើយ​អ្នកស្រី​តែងតែនិយាយនៅក្នុងការប្រមូលផ្តុំ​នានានៅ​ទូទាំ​ងប្រទេសថៃ។

ថ្លែងតាមរយៈទូរសព្ទ​កាលពីថ្ងៃពុធ​ ជាមួយមេធាវីរបស់ខ្លួន អ្នក​ស្រី Sitanan បានឱ្យដឹងថា អ្នកស្រីត្រូវ​បាន​អញ្ជើញ​ឱ្យ​ថ្លែង​នៅក្នុងការជួបជុំ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យមួយ នៅក្នុងទីក្រុងបាងកក កាល​ពី​ថ្ងៃទី​៥ ខែ​កញ្ញា ក្នុងនោះ ​​អ្នកស្រី​បានថ្លែងសុន្ទរកថាខ្លីមួយ​ស្តីពីការបាត់ខ្លួនរបស់លោក វ៉ាន់​ឆា​ឡឺម។

អ្នកស្រីបន្តថា ការ​កោះហៅនេះ​គឺទាក់ទងទៅនឹងការហាមឃាត់របស់អាជ្ញាធរថៃ ក្នុងការជួបជុំលក្ខណៈទ្រង់ទ្រាយធំ អំឡុងពេលដែលមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ ប៉ុន្តែដោយសារតែខ្លួនបានទៅកាន់ទីតាំងជួបជុំនោះប្រមាណជា១០នាទីប៉ុណ្ណោះ អ្នកស្រីយល់ថា ការកំណត់គោលដៅក្នុងការកោះហៅនេះ គឺ​ទំនងជាជាប់ពាក់ព័ន្ធទៅនឹងការរិះគន់របស់អ្នកស្រី ចំពោះការស៊ើបអង្កេតករណីលោក វ៉ាន់​ឆា​ឡឺម នៅប្រទេសថៃ។

អ្នកស្រីថា៖ «ការថ្លែងរបស់ខ្ញុំបញ្ជាក់ថា ប៉ូលិសមិនបានបំពេញការងាររបស់ពួកគេ​ក្នុងការស៊ើបអង្កេតករណីបាត់ខ្លួនប្អូនប្រុសរបស់ខ្ញុំនោះទេ។ នៅពេលដែលខ្ញុំព្យាយាមបង្ហាញទៅកាន់សាធារណៈអំពីករណីនេះ ខ្ញុំគិតថា ប៉ូលិសបាន​ព្យាយាម​គំរាមកំហែង​ខ្ញុំមិន​ឱ្យនិ​យាយ ហើយសម្លុតខ្ញុំមិនឱ្យលើកឡើងអំពីការវិវត្តនៃសំណុំរឿងរបស់លោក វ៉ាន់​ឆា​ឡឺម»។

យោងតាមមេធាវី​របស់​អ្នក​ស្រី Sitanan គឺ​លោកស្រី Pornpen Khongkachonkiet បានឱ្យដឹងថា អ្នក​ស្រី Sitanan ប្រឈមនឹងការចោទប្រកាន់មួយ ក្រោមផ្នែកទី១៣ នៃក្រឹត្យគ្រាមានអាសន្នរបស់ប្រទេសថៃ (Thailand’s Emergency Decree) ដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគាររហូតដល់២​ឆ្នាំ និងពិន័យជាប្រាក់ចំនួន៤ម៉ឺនបាត។

មេធាវីរូបនេះបន្តថា អ្នក​ស្រី Sitanan Satsaksit និងសកម្មជនដទៃទៀតត្រូវបានកំណត់ដើម្បីសាក​សួរនៅថ្ងៃពុធ វេលាម៉ោង២រសៀល ប៉ុន្តែដោយសារតែអ្នក​ស្រីទើបតែបានដឹងពីដំណឹងនេះ តុលាការក៏បានសម្រេចពន្យារពេលការសាកសួររហូតដល់ថ្ងៃទី២៥ ខែតុលាវិញ។

លោកស្រី Pornpen បន្ថែមថា៖ «កាលពីម្សិលមិញ [ថ្ងៃអង្គារ] យើងក៏បានជូនដំណឹងដល់អង្គការសហប្រជាជាតិ និងអ្នកការទូតនៅទីក្រុងបាងកក ពីបញ្ហា​ប្រឈមនឹង​ការចោទប្រកាន់របស់អ្នក​ស្រី Sitanan។ ខ្ញុំគិតថា ខាងអង្គការសហប្រជាជាតិប្រហែលជាបានទាក់ទងទៅកាន់ព្រះរាជអាជ្ញាដែលអាច​ធ្វើឱ្យការកោះហៅសាកសួរនេះត្រូវបានពន្យារពេល»។

តាមរយៈការថ្លែងរិះគន់គណបក្សកាន់អំណាចរបស់ថៃនៅលើ​បណ្ដាញសង្គម មនុស្សមួយចំនួនជឿជាក់ថា ការបាត់ខ្លួនសកម្មជនវ័យ៣៩ឆ្នាំ លោក វ៉ាន់​ឆា​ឡឺម រូបនេះ គឺអាចទាក់ទងនឹងសកម្មភាពរបស់លោក។

គួរបញ្ជាក់ថា អ្នក​ស្រី Sitanan Satsaksit ធ្លាប់​បានសម្ដែង​ការមិនពេញចិត្តយ៉ាងខ្លាំងចំពោះការឆ្លើយ​តបរបស់រដ្ឋាភិបាលថៃនិងកម្ពុជា ទាក់ទងនឹងការបាត់ខ្លួនប្អូនប្រុសរបស់ខ្លួន ខណៈដែលអ្នកស្រីលើកឡើងថា រដ្ឋាភិបាលនៃប្រទេស​ទាំងពីរមិនបានអើពើនឹង​ភស្តុតាងថ្មីដែលខ្លួនបានបង្ហាញនៅក្នុងដំណើរការស៊ើបអង្កេត​ដោយផ្ទាល់​លើករណីនេះនោះទេ។

ជាមួយគ្នានេះ បើទោះបីជាអ្នក​ស្រី Sitanan រួមនឹងអ្នកសារព័ត៌មាននានាបានប្រមូលភស្តុតាងដែល​បង្ហាញថា លោក វ៉ាន់​ឆា​ឡឺម បានមករស់នៅ និងត្រូវបានចាប់ពង្រាត់នៅរាជធានី​ភ្នំពេញ ក្នុងប្រទេសកម្ពុជា​ក៏ដោយ ក៏រដ្ឋាភិបាលកម្ពុជាបានបដិសេធមិនទទួលស្គាល់ពីការ​បាត់ខ្លួនបុគ្គលរូបនេះ នៅក្នុងប្រទេសរបស់ខ្លួនដែរ។

សម្រាប់ការកោះហៅសាកសួរសកម្មជនទាំងនេះ លោកស្រី Pornpen Khongkachonkiet បានបន្ថែមថា វាគឺជាលើកដំបូងដែលសកម្មជនទាំងនេះត្រូវប្រឈមនឹងសម្ពាធផ្លូវច្បាប់ពីរដ្ឋ ខណៈករណី​នេះក៏បានបង្កឱ្យមានជាការ​ព្រួយបារម្ភពីការ​​បំបិទសំឡេង​អ្នកដទៃផ្សេងទៀត មិនឱ្យ​និយាយ​ទាក់ទងនឹងករណីនេះនៅពេលខាងមុខផងដែរ។

លោកស្រីថ្លែងថា៖ «ប្រសិនបើរដ្ឋាភិបាលអាចប្រើការយាយីតាមផ្លូវតុលាការនេះបានដោយជោគជ័យ ខ្ញុំគិតថា គ្មានជនរងគ្រោះណាម្នាក់ហ៊ានចេញមកនិយាយពីករណីនេះទៀតនោះទេ»៕


អត្ថបទទាក់ទង

កាលពី​ចុងខែ​វិច្ឆិកា​ ឆ្នាំ២០២០ ​បងស្រី​របស់​លោក ​គឺ​អ្នកស្រី សិទ្ធី​ណាន់ សាត់​សាក​សិទ្ធិ បាន​មក​ប្រទេស​កម្ពុជា ហើយ VOD ក៏បាន​ធ្វើ​បទសម្ភាសន៍​មួយ​ជាមួយ​អ្នកស្រី​ផង​ដែរ។

តាម​បទសម្ភាសន៍​នេះ​ បងស្រី​លោ​ក វ៉ាន់​ចា​ឡើម បាន​ប្រាប់​ពី​រឿងហេតុ​មួយចំនួន​មុន​ការ​បាត់ខ្លួន​លោ​ក វ៉ាន់​ចា​ឡើម ក្នុង​នោះ​អ្នកស្រី​ក៏បាន​បញ្ជាក់​ពី​ព្រឹត្តិ​ការណ៍​ដែល​លោក ​ចា​ឡើ​ម ត្រូវ​ចាប់ខ្លួន​នៅ​កម្ពុជា​ផង​ដែរ។


តើ​មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​ វ៉ាន់ឆាឡឺម?​

តើ​មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​ វ៉ាន់ឆាឡឺម?​

សេចក្តីដកស្រង់៖ មួយឆ្នាំបន្ទាប់ពី វ៉ាន់ឆាឡឺម សាត់ស័ក្តិសិទ្ធ បាត់ខ្លួន អាជ្ញាធរថា គ្មានភស្តុតាងបញ្ជាក់ថាគាត់ត្រូវគេចាប់ពង្រាត់នៅភ្នំពេញទេ។ របាយការណ៍ស៊ើបអង្កេតរួមមួយបង្ហាញព័ត៌មានលម្អិតអំពីការរត់គេចខ្លួនពីថៃរបស់សកម្មជនរូបនេះ ការរស់នៅនិរទេសខ្លួននៅកម្ពុជា និងរយៈពេលប៉ុន្មានថ្ងៃមុនការបាត់ខ្លួនរបស់គាត់។

បកប្រែនិងសម្រួលដោយលោក ភុន ច័ន្ទឧសភា ពីគេហទំព័រវីអូឌីជាភាសាអង់គ្លេស

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ