តុលាការ​នឹង​បើក​សវនាការ​ករណី​ក្រុមហ៊ុន​ម្សៅ​ទឹកដោះគោ Nutrilatt នៅ​ចុង​ខែ​ក្រោយ

មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ បន្តចុះត្រួតពិនិត្យគុណភាពផលិតផលចិញ្ចឹមទារក និងកុមារ នៅតាមដេប៉ូចែកចាយនិងលក់ទឹកដោះគោ ក្នុងក្រុងប៉ោយប៉ែត ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០។ (អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF)

សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការកាត់ក្ដីករណីអាណាព្យាបាលទារក​ប្ដឹង​ម្ចាស់ក្រុម​ហ៊ុន​ម្សៅទឹក​ដោះគោ Nutrilatt ​នៅចុងខែវិច្ឆិកាខាងមុខនេះ ខណៈអាណាព្យាបាលទារករងគ្រោះ បានទទូចស្នើសុំឱ្យតុលាការឆាប់បញ្ចប់សំណុំរឿងមួយនេះ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បានមានប្រសាសន៍ប្រាប់ វីអូឌី កាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា សំណុំរឿងម្សៅទឹកដោះគោ Nutrilatt គឺកំពុងស្ថិតនៅក្នុងដំណាក់កាលចៅក្រមជំនុំជម្រះនៅឡើយ។

លោក​ថា៖ «នៅដំណាក់កាលចៅក្រមជំនុំជម្រះ កម្មវិធីជំនុំជម្រះបន្តនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១»

ម្ដាយទារករងគ្រោះដែលមានទីលំនៅនៅរាជធានីភ្នំពេញ អ្នកស្រី ចាន់ ផល្គុណ ឱ្យដឹងថា ក្រោយ​ដាក់ពាក្យបណ្ដឹង នៅថ្ងៃទី១៣ ខែតុលា ថ្មីៗនេះ ចៅក្រមបានកោះហៅអាណាព្យាបាល​រងគ្រោះទៅបំភ្លឺតទល់​នឹង​ម្ចាស់​ក្រុមហ៊ុន​ដែលជាចុងចោទដែរ ប៉ុន្តែម្ចាស់ក្រុមហ៊ុន​តែងតែ​អូសបន្លាយពេល​វេលា​​ ក្នុងការ​បង្ហាញមុខនូវទំនួលខុសត្រូវចំពោះ​ជនរងគ្រោះដែលមានបញ្ហា​ដោយសារផលិតផលនោះ។

អ្នកស្រីនិយាយ​ថា៖ «បើសិនជាមានការពន្យារពេលឬបន្លាយពេលយូរទៀត យើងអត់អាចមានឱកាសក្នុងការប្ដឹងតវ៉ាអីទៀតទេ គឺយើង​មានតែ​ទទូចឱ្យតុលាការ ចៅក្រម គាត់មេត្តាទុក​រឿងនេះ​​ជាអាទិភាព។ ត្បិតតែរឿងនេះ វាត្រូវការពេល​វេលាយូរក្នុងការសិក្សា ប៉ុន្តែយើងក៏ត្រូវការភាព​ទទួលខុសត្រូវ និយាយឱ្យចំគឺសំណងមួយចំនួន ​ដើម្បីយក​មកចំណាយ​លើការលូតលាស់របស់កូន​យើង​ដូចគ្នា»

ចំណែកម្ដាយទារករងគ្រោះម្នាក់ទៀត រស់​នៅ​ខេត្តតាកែវ អ្នកស្រី ជា សុគន្ធារី និយាយ​​ថា កូនប្រុសរបស់​អ្នកស្រីបានបៅទឹកដោះគោ Nutrilatt តាំងពីទើបតែកើតបានមួយខែ។ អ្នកស្រីបន្តថា ពីដំបូងមិនបានចាប់​អារម្មណ៍​ថាកូនមានបញ្ហាសុខភាពនោះទេ គឺគ្រាន់តែកត់សម្គាល់​ថា ​កូនមានស្បែក​សឡើងៗ រហូតដល់កូន​របស់គាត់​អាយុបាន៩ខែ ទើបអ្នកស្រីចាប់ផ្ដើម​ឃើញពីលក្ខណៈខុសប្លែក ស្លេកស្លាំង រហូតដល់​ឃើញមាន​ការចែកចាយលើបណ្ដាញ​សង្គមពី​ករណីទារកបញ្ចូលឈាម មានបញ្ហាសុខភាព ដោយ​សារបៅម្សៅទឹក​ដោះគោ​នេះ។

អ្នកស្រីបន្តថា៖ «ជាតិដែក ស័ង្កសី សំខាន់ណាស់សម្រាប់ការលូតលាស់សុខភាព​របស់ក្មេង ដែល​ក្នុងម្សៅទឹកដោះគោត្រូវមាន។ ប៉ុន្តែជាក់ស្ដែង ក្នុងទឹកដោះគោមួយហ្នឹងដែលកូន​ខ្ញុំបៅ គឺអត់មានសោះ ដូចអឹម [បៅ] ខ្យល់ហ្នឹង! ចង់ឱ្យគាត់ [តុលាការ] ពន្លឿនការកាត់ក្ដី អត់ចង់់ឱ្យគាត់​អូសបន្លាយទៀតទេ»

យ៉ាងណា អ្នកស្រី ជា សុគន្ធារី មានសុទិដ្ឋិនិយមថា តុលាការនឹងកាត់ក្ដីឱ្យម្ចាស់ក្រុមហ៊ុនចេញមុខ​មកទទួលទោសតាម​ផ្លូវច្បាប់​ ដូចជា សងជា​សំណងសមរម្យ​ ជាដើម ​សម្រាប់ការស្រោចស្រង់សុខភាព​ទារករង​គ្រោះដោយសារ​ផលិតផល​របស់​ក្រុមហ៊ុន Nutrilatt។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុនម្សៅទឹកដោះគោ Nutrilatt លោក ទឹម សុវណ្ណារ៉ា សុំមិនបកស្រាយអ្វីឡើយ នៅពេល វីអូឌី ទាក់ទងសុំការឆ្លើយតប ដោយលោកបានត្រឹមអះអាងថា លោកបានធ្វើតាមផ្លូវច្បាប់រួចអស់ហើយ។

លោក​ថា៖ «ថ្ងៃហ្នឹង ចៅក្រមគាត់បានលើកឡើងហើយតើបង! ខ្ញុំអត់មានអី​បកស្រាយ​ទេ ព្រោះខ្ញុំមិនមែនចៅក្រមផង។ […] ខ្ញុំសុំមិនបកស្រាយល្អជាង ទុកឱ្យខាងគាត់ [អាណាព្យាបាល​ទារក] បក​ស្រាយ​តែម្ខាងចុះ ព្រោះខ្ញុំបានធ្វើអីតាមច្បាប់ទាំងអស់ហើយបង អត់អីទេ!»

ប្រធាន​មជ្ឈ​មណ្ឌល​ប្រជាពលរដ្ឋ​ ដើម្បី​អភិវឌ្ឍន៍ ​និង​សន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា ក្រុមហ៊ុនត្រូវតែមានសំណងដល់អាណាព្យាបាលទារករងគ្រោះ ដើម្បីឱ្យអ្នកទាំងនោះ​​មានលទ្ធភាព​ព្យាបាល​កូនរបស់ពួកគាត់ ហើយ​បើសិន​ក្រុមហ៊ុនមានការយឺតយ៉ាវមិនព្រម​សង រដ្ឋាភិបាល​ត្រូវតែ​ធ្វើអន្តរាគមន៍។

លោកបន្ត​ថា៖ «អាហ្នឹងវាធ្វើឱ្យមានគ្រោះថ្នាក់ដល់កុមារ បើនៅតែមានការលើកលែង​ពួកអ្នក​លក់​ផលិតផលក្លែងក្លាយ អ្នកលក់ផលិតផលខូចគុណភាព [នោះវា] នឹងក្លាយជាឋានសួគ៌​របស់ពួកមនុស្សខូច ដែល​គាត់​នឹង​យកផលិតផល​អស់ហ្នឹងមកលក់នៅទីផ្សារកម្ពុជា ហើយដែល​ធ្វើឱ្យ​ប៉ះពាល់ដល់សុខភាពពលរដ្ឋ។ រដ្ឋាភិបាលដែលជាអ្នកមានកាតព្វកិច្ចក្នុងការការ​ពារ​សុខ​ភាព​ពលរដ្ឋ មាន​កាតព្វកិច្ច​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​​នឹងផលិតផលក្លែងក្លាយ​ ផលិតផលខូចគុណភាពហ្នឹង គេនឹងមើល​ឃើញ​ថា តួនាទីនេះ​មានភាព​អសកម្មទៅ​វិញ»

ក្រុមហ៊ុន​ម្សៅ​ទឹកដោះគោ Nutrilatt កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ បាន​ប្រកាស​ទទួលស្គាល់​ថា ផលិតផល​ជំនួស​ទឹកដោះ​ម្ដាយ​របស់​ខ្លួន​មាន​បញ្ហា ហើយ​ប្រកាស​ទទួលខុសត្រូវ​លើ​ផល​ប៉ះពាល់​ទៅលើ​ទារក​ដែល​បាន​ទទួលទាន​ផលិតផល​របស់​ខ្លួន។ ក្នុង​លិខិតនោះ ក្រុមហ៊ុន Nutrilatt Master LM Co​., Ltd បាន​បង្ហាញ​ការ​សោកស្ដាយនិង​ស្នើសុំ​អភ័យទោស​ពី​មាតាបិតា​នៃ​ទារកដែល​បាន​ធ្លាក់ខ្លួន​ឈឺក្រោយពី​ទទួលទាន​ម្សៅ​ទឹកដោះគោ​របស់​ខ្លួន។ ក្រុមហ៊ុន​នេះបាន​ទទួលស្គាល់​ថា ម្សៅ​ទឹកដោះគោ​របស់​ខ្លួន​ដែល​មាន​លេខ​កូដ៦ប្រភេទ មាន​បញ្ហា​បច្ចេកទេស​លើ​ធាតុផ្សំដែល​បណ្ដាលឱ្យប៉ះពាល់​ដល់​សុខភាព​ទារក។

សំណុំរឿង​កំណើន​កុមារ​ឈឺ​ជំងឺ​ស្លេកស្លាំង​ដោយ​កង្វះ​ជាតិ​ដែក​ធ្ងន់ធ្ងរ បាន​កើតឡើង​តាំងពី​ខែមេសា ​ឆ្នាំ២០២០មក​ម៉្លេះ។ អត្ថបទ​ស៊ើបអង្កេត​របស់ ​វី​អូ​ឌី​ ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ រក​ឃើញថា ជាង៩០​% ក្នុងចំណោម​កុមារ៣៤នាក់​ដែល​រងគ្រោះ​ដោយសារ​ជំងឺ​នេះ បាន​បៅ​ទឹកដោះគោ​ម៉ាក នុ​តទ្រី​លែ​ត១ (Nutrilatt 1)។

ដោយឡែក ផ្អែក​តាម​លទ្ធផល​ពិសោធន៍​ពី​មន្ទីរពិសោធន៍​សិង្ហ​បុរី​វិញ រក​ឃើញថា ផលិត​ផលនុ​តទ្រី​លែ​ត មិនបាន​បំពេញ​តម្រូវការ​អប្បបរមា​លើ​កម្រិត​ជាតិ​ដែក​ដែល​មានកំណត់​ក្នុង​ស្ដ​ង់​ដារ Codex​ [សុវត្ថិភាព​អាហារ​សម្រាប់​មនុស្ស​គ្រប់រូប​នៅ​គ្រប់​ទីកន្លែង​] នោះ​ទេ។ ជាក់ស្ដែង ផលិតផល​នេះ​ស្ទើរតែ​គ្មាន​ជាតិ​ដែក​សោះ ពោល​គឺ​កម្រិត​ជាតិ​ដែក​មានត្រឹមតែ <០,២៥មី​លី​ក្រាម​/១០០ក្រាម​ប៉ុណ្ណោះ។ ស្ដ​ង់​ដារ​អន្តរជាតិ គឺ​តម្រូវការ​ជាតិ​ដែក​យ៉ាងតិច​ណាស់ ២,២៨៦មី​លី​ក្រាម​/១០០ក្រាម សម្រាប់​ទារក​អាយុ០ខែ​ដល់៦ខែ (ទឹកដោះគោម្សៅ​លេខ១​) និង ៤,៧២មី​លី​ក្រាម​/១០០ក្រាម សម្រាប់​កុមារ​អាយុ​ពី៦ខែ​ដល់១២ខែ (ទឹកដោះគោម្សៅ​លេខ២​)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ