អ្នកជំនាញសិល្បៈក្នុងប្រទេសបង់ក្លាដែស សាទរការបើកមជ្ឈមណ្ឌលសិល្បៈនិងវប្បធម៌ជាតិឡើងវិញ

សកម្មភាពសម្ដែងសិល្បៈនៅមជ្ឈមណ្ឌលសិល្បៈ និងវប្បធម៌ជាតិ (National Academy of Fine and Dramatic Arts) នៅក្នុងរដ្ឋធានីដាកា (Dhaka) ប្រទេសបង់ក្លាដែស។ (A24 News)

មជ្ឈមណ្ឌលសិល្បៈ និងវប្បធម៌ជាតិ (National Academy of Fine and Dramatic Arts) នៅក្នុងរដ្ឋធានីដាកា (Dhaka) ប្រទេសបង់ក្លាដែស បានបើកដំណើរការឡើងវិញ បន្ទាប់ពីការបិទខ្ទប់អស់រយៈពេលជាង១៨ខែ ដោយសារតែករណីជំងឺរាតត្បាតកូវីដ-១៩។

ទីតាំងនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៤ ខណៈដែលទីកន្លែងនេះក៏ត្រូវបានចាត់ទុកថាជាមជ្ឈ​មណ្ឌលដ៏សំខាន់មួយសម្រាប់រៀបចំសិក្ខាសាលា កិច្ចប្រជុំ និងវគ្គបណ្ដុះបណ្ដាលឯកទេសរយៈពេលខ្លី បន្ថែមពីលើការផ្ដល់អាហារូបករណ៍និងជំនួយហិរញ្ញវត្ថុសម្រាប់សិល្បករដែលមានទេពកោសល្យ និងរៀបចំការប្រកួតប្រជែងក្នុងវិស័យសិល្បៈផ្សេងៗ។

បន្ទាប់ពីមានការសម្រេចចិត្តបើកឡើងវិញ សិល្បករនានាបានសម្ដែងនូវសេចក្ដីរីករាយនិងការពេញចិត្តដែលអាចបន្តការងាររបស់ពួកគេបានសារជាថ្មី ជាពិសេសជាមួយនឹងការត្រលប់មកវិញនៃពិធីបុណ្យវប្បធម៌ «Ganga Jamuna Cultural Festival 2021»។

នៅក្នុងបទសម្ភាសជាមួយសារព័ត៌មាន A24 News អ្នករចនាមួយរូប លោក Thandu Rayhan ថ្លែងថា៖ «មនុស្សគ្រប់គ្នាដែលធ្វើការនៅក្នុងទីតាំងនេះ ទទួលបានអារម្មណ៍រំភើបយ៉ាងខ្លាំងដែលពោរពេញទៅដោយភាពរីករាយ​​ ក្នុងការអាចយកឈ្នះលើករណីឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ បាន។ ដូច្នេះ យើងអាចមើលឃើញបានថា សកម្ម​ភាព​ទាំងឡាយបានវិលត្រលប់មកកាន់​អ្នក​ដែល​ធ្វើ​ការ​ក្នុង​ទីតាំងនេះវិញហើយ ស្របពេលដែល​យើងកំពុងតែរៀបចំពិធីបុណ្យវប្បធម៌ប្រកបដោយ​ភាព​រីករាយ»។

ប្រធានក្រុមរបាំបាឡេបង់ក្លាដែស (Bangladesh Ballet Troup) លោក Amanul Haque បានឱ្យដឹងថា៖ «វប្បធម៌​នាំមកនូវ​អត្តសញ្ញាណ​ជាតិ និងធ្វើឱ្យជាតិ​សាសន៍មួយកាន់តែមានភាពស្រស់បំព្រង។ ក្នុងអំឡុងពេលនៃការរីករាលដាលចុងក្រោយនៃវីរុសកូរ៉ូណា សកម្មភាពវប្បធម៌របស់យើងត្រូវបានបិទទាំងស្រុង។ ទោះជាយ៉ាងណាក៏ដោយ យើងអាចត្រលប់មកកាន់សកម្មភាពនេះវិញបាន បន្ទាប់ពីករណីជំងឺរាតត្បាតមានសភាពស្ងប់ស្ងាត់។ យើងអាចវិលត្រលប់មកវិញនៅក្នុងពេលវេលាដ៏ល្អមួយ ខណៈដែលមនុស្សទូទៅអាច​ចូល​រួមបាន​ដោយ​ក្ដី​រីករាយ»។

អ្នកជំនាញផាត់មុខនៃមជ្ឈមណ្ឌល Shilpakala Academy ប្រទេសបង់ក្លាដែស លោក Lutfor Rahman បានលើកឡើងថា៖ «មជ្ឈមណ្ឌលនេះត្រូវបានបិទអស់រយៈពេលប្រមាណជាមួយឆ្នាំកន្លះមកហើយ ក្នុងអំឡុងពេលមានការឆ្លងរីករាលដាលធ្ងន់ធ្ងរនៃវីរុសកូវីដ-១៩។ ហើយពួកយើងដែលជាអ្នកបម្រើការក្នុងទីតាំង បានជួបប្រទះបញ្ហាជាច្រើនក្នុងការមកកាន់ទីនេះ។ វាគឺជាអារម្មណ៍ដ៏ល្អមួយដែលយើងអាចមកកាន់ទីនេះម្តងទៀត បន្ទាប់ពីខកខានអស់រយៈពេលជាយូរ។ បច្ចុប្បន្ន យើង​បាន​ចាប់​ផ្ដើម​ការហ្វឹកហាត់របស់យើងឡើងវិញហើយ»។

សកម្មជនវប្បធម៌មួយរូប អ្នកស្រី Mahfuja Akhter Meera បានបញ្ជក់ឱ្យដឹងថា៖ «មនុស្សទូទៅដែលរួមទាំងសកម្មជនវប្បធម៌ទាំងឡាយ ទទួលបានអារម្មណ៍រស់រានឡើងវិញហើយ។ យើង​រីករាយ​ដែល​បាន​ជួប​អ្នក​រាល់​គ្នាឡើងវិញ គិត​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​តុលា ហើយ​វា​ពិត​ជា​សេចក្ដីសោមនស្ស​ណាស់​សម្រាប់​យើង»។

ជាមួយគ្នានេះដែរ អ្នកគាំទ្រសិល្បៈវប្បធម៌ម្នាក់ អ្នកស្រី Arifa Sultana ក៏បានលើកឡើងថា៖ «បន្ទាប់ពីរយៈពេលដ៏យូរនៃជំងឺរាតត្បាតកូវីដ-១៩ ខ្ញុំរីករាយខ្លាំងណាស់នៅពេលនេះ ដែលបានមកកាន់មជ្ឈមណ្ឌល Shilpakala Academy សារជាថ្មីម្ដងទៀត។ កាលពីពេលកន្លងទៅ ខ្ញុំតែងតែមកកាន់ទីនេះជាមួយនឹងក្មេងៗ។ ទីតាំងនេះត្រូវបានបិទដំណើរការអស់រយៈពេលយ៉ាងយូរ ដោយសារជំងឺរាតត្បាត។ បច្ចុប្បន្ននេះ ស្ថានការណ៍មានភាពប្រសើរឡើងវិញហើយ»។

សកម្មជនវប្បធម៌មួយរូបទៀត លោក Mshruk Titu បានថ្លែងថា៖ «វាគឺជាកម្លាំងចលករថ្មីមួយសម្រាប់អ្នកធ្វើការផ្នែកវប្បធម៌ទាំងឡាយ ខណៈដែលអង្គការប្រមាណជា១៤០នៅទូទាំងប្រទេសកំពុងចូលរួមក្នុងពិធីបុណ្យវប្បធម៌នេះ រួមជាមួយនឹងការរាំ ចម្រៀង ការសូត្រកំណាព្យ និងការសម្ដែងនានា»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ